
ថ្ងៃទី 02 ខែមេសា ឆ្នាំ2012, ម៉ោង 04:44 PM ចាន់ សុខលន់

បន្ទាយមានជ័យ ៖ យុវជនម្នាក់ក្នុងចំណោមបក្សពួក២នាក់ ដែលប្រើល្បិចកាន់ដុល្លារក្លែងក្លាយបន្លំយកខ្សែក និងខ្សែដៃឲ្យបក្សពួកគេ ខ្លួនត្រូវបានជនរងគ្រោះប្តឹងឲ្យអាវុធហត្ថក្រុងប៉ោយ ប៉ែត ក្របួចមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី២ មេសា ឆ្នាំ២០១២ នៅក្នុងផ្សារត្រីប៉ោយប៉ែត(ហៅផ្សាបាញ់ឡេង) ដែលស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់និងក្រុងប៉ោយប៉ែត។ ជនរងគ្រោះឈ្មោះស្រេង ណៃហៀង ភេទស្រី អាយុ៥៦ឆ្នាំ ជាអាជីវករលក់មាស រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។ចំណែកជនសង្ស័យដែល បានធ្វើសកម្មភាពចំនួន២នាក់ រួមមាន ១ឈ្មោះហ៊ុល បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ២.ឈ្មោះ បញ្ញារិទ្ធ ភេទទី៣ (ខ្ទើយ)នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
តាមការឲ្យដឹងពីជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា៖មុនដំបូង ជនសង្ស័យទាំង២នាក់ បានប្រើល្បិចឲ្យឈ្មោះហ៊ុល បញ្ញា ជាអ្នកកាន់កាបូបលុយ ដើម្បីឲ្យម្ចាស់ហាងមានទំនុកចិត្ត ហើយនាងខ្ទើយបានលចិញ្ចៀនប្លាទីន១វង់ តម្លៃ៣១០០បាត និងខ្សែកប្លាទីន១ខ្សែ តម្លៃ៨៥០០បាត រួចគេចខ្លួនទៅបាត់ ដោយទុកឲ្យឈ្មោះហ៊ុល បញ្ញា នៅចាំកន្លែងនោះ។ លុះបាត់មិនឃើញនាងខ្ទើយត្រឡប់់មកវិញ ជនរងគ្រោះក៏បានប្តឹងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឲ្យក្របួចជនសង្ស័យខាងលើទៅកាន់បញ្ជាការដ្ឋានអាវុធហ ត្ថក្រុងប៉ោយប៉ែតតែម្តង។នៅពេលឆែកឆេរក្នុងកាបូប ឃើញសុទ្ធតែលុយដុល្លារក្លែងក្លាយយ៉ាងច្រើន រហូតដល់ទៅ២៣៣៨០០ដុល្លារឯណោះ។ ក្រោយពេលនាំខ្លួនមកដល់ទីបញ្ជាការអាវុធហត្ថក្រុងប៉ោ យប៉ែត ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់នេះមែន។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ សមត្ថកិច្ចអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនទៅកាន់ទីបញ្ជាការអាវុធហត្ថខេត្ត បន្ទាយមានជ័យ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕

