
ក្រុម សង្គម ស៊ីវិល ឈរ តវ៉ា ទាមទារ ឲ្យ រដ្ឋាភិបាល ជួយ អន្តរាគមន៍ បញ្ចុះ តម្លៃ សាំង នៅ ខាង មុខ រដ្ឋ សភា នៅ ថ្ងៃ ទី ៩ ខែ មេសា ឆ្នាំ ២០១២។ (RFA/Den Ayuthyea)
អង្គការមិនមែនរដ្ឋាភិបាលជិត ២០អង្គភាព ជួបជុំគ្នាតវ៉ា និងដាក់ញត្តិជូនរដ្ឋសភា ស្នើឲ្យរដ្ឋាភិបាលបញ្ចុះតម្លៃប្រេងសាំងពីជិត ៦.០០០រៀល ឲ្យចុះមកនៅត្រឹម ៤ពាន់រៀលក្នុង១លីត្រ។
តម្លៃប្រេងសាំងនៅតាមស្ថានីយប្រេងឥន្ធនៈមួយចំនួននាទីក្រុង ភ្នំពេញ គិតត្រឹមថ្ងៃច័ន្ទ ទី៩ ខែមេសា ឆ្នាំ២០១២ មានតម្លៃ ៥.៩៥០រៀលក្នុង១លីត្រ។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ស្ថិតក្នុងចំណោមអង្គការមិនមែនរដ្ឋាភិបាលជិត ២០អង្គភាពដែលធ្វើការតវ៉ានោះ បានឲ្យដឹងក្នុងសន្និសីទកាសែតនៅមុខមន្ទីររដ្ឋសភា បន្ទាប់ពីដាក់ញត្តិជូនរដ្ឋសភាថា ពួកគេនឹងដឹកនាំធ្វើមហាបាតុកម្មទូទាំងប្រទេស បើសំណើបញ្ចុះតម្លៃប្រេងសាំងរដ្ឋាភិបាលមិនរវល់អើពើនោះ។
លោកបន្តថា ការទាមទាររបស់សង្គមស៊ីវិល មន្ត្រីរាជការ សិស្សនិស្សិត និងប្រជាពលរដ្ឋ ពេលនេះគឺចង់ឲ្យរដ្ឋាភិបាលបញ្ចុះតម្លៃប្រេងសាំងឲ្យបាន ៤ពាន់រៀល ឬឲ្យស្មើប្រទេសជិតខាងកម្ពុជា មានប្រទេសថៃ និងវៀតណាម ជាដើម។ ប្រទេសថៃ សាំង ១លីត្រ មានតម្លៃ ១,២៧ដុល្លារ និងវៀតណាម ១លីត្រ មានតម្លៃ ១,០៥ដុល្លារ។
គេហទំព័រក្រុមហ៊ុនប្រេងឥន្ធនៈកាល់តិច (CALTEX) បានបង្ហាញដោយអង្គការសង្គមស៊ីវិលបានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានយកពន្ធលើថ្លៃប្រេងសាំងចំនួន ៣៥% ក្នុងតម្លៃសរុបប្រេងសាំងមួយលីត្រ និងយកពន្ធចំនួន ២២% ក្នុងតម្លៃសរុបប្រេងម៉ាស៊ូតមួយលីត្រ។
ប្រធានសមាគមមន្ត្រីរាជការ លោក ភួង សុវណ្ណ មានប្រសាសន៍ក្នុងសន្និសីទកាសែតមុខមន្ទីររដ្ឋសភាថា រដ្ឋាភិបាលត្រូវបើកឲ្យមានក្រុមហ៊ុននាំចូលប្រេងឥន្ធនៈ មានចំនួនច្រើននៅកម្ពុជា។ ការមានក្រុមហ៊ុនច្រើនដែលប្រកួតប្រជែងគ្នាអាចនាំឲ្យតម្លៃប្រេង សាំងនៅកម្ពុជា មានតម្លៃទាបដូចតាមបណ្ដាប្រទេសអាស៊ាន។
ស្រដៀងគ្នានេះដែរ លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការលីកាដូ បានថ្លែងថា រដ្ឋាភិបាលគួរពិនិត្យ និងបញ្ចុះតម្លៃប្រេងសាំងឲ្យបានសមរម្យទៅតាមការទាមទាររបស់ ប្រជាពលរដ្ឋ។ លោកថា គ្មានហេតុផលណាមួយដែលកម្ពុជា មិនអាចបញ្ចុះតម្លៃប្រេងឥន្ធនៈ ឲ្យមានតម្លៃប្រហាក់ប្រហែលប្រទេសក្នុងសមាគមអាស៊ាននោះទេ បើរដ្ឋាភិបាលមានឆន្ទៈពិតប្រាកដ។
តម្លៃប្រេងសាំងក្នុងប្រទេសអាស៊ាន ដែលសង្គមស៊ីវិលបានលើកឡើង បានបង្ហាញថា ប្រទេសកម្ពុជា មានតម្លៃខ្ពស់ជាងបណ្តាក្នុងសមាគមអាស៊ាន គឺមានតម្លៃក្នុង ១លីត្រ ១,៤៩ដុល្លារ។ សិង្ហបុរី ១លីត្រ ១,២៨ដុល្លារ ថៃ ១លីត្រ ១,២៧ដុល្លារ ឡាវ ១លីត្រ ១,១០ដុល្លារ វៀតណាម ១លីត្រ ១,០៥ដុល្លារ ហ្វីលីពីន ១លីត្រ ១,០៥ដុល្លារ ភូមា ១លីត្រ ១ដុល្លារ ឥណ្ឌូនេស៊ី ១លីត្រ ០.៩២ដុល្លារ ម៉ាឡេស៊ី ១លីត្រ ០,៦៨ដុល្លារ និងប្រទេសប្រ៊ុយណេ សាំងក្នុង១លីត្រមានតម្លៃ ០,៤៦ដុល្លារ។
ទាក់ទងបញ្ហានេះ ក្រុមអ្នករត់ម៉ូតូកង់បី ឬម៉ូតូឌុប បានថ្លែងថា ប្រាក់កម្រៃដែលពួកគេទទួលបានប្រចាំថ្ងៃ គឺស្ទើរមិនអាចបង្គ្រប់ការចំណាយទៅលើតម្លៃប្រេងសាំងបានទេ ដែលទាមទារឲ្យរដ្ឋាភិបាលពិចារណាបញ្ចុះតម្លៃប្រេងសាំងឲ្យបាន សមរម្យ។
ចំណែកលោក ដេវីដ ចនវែល (David Johnwelsh) នាយកប្រចាំប្រទេសមជ្ឈមណ្ឌលអាមេរិកាំងសំរាប់សាមគ្គីភាពការងារ អន្តរជាតិ ដែលបានចូលរួមក្នុងសន្និសីទកាសែតក៏បានជំរុញទៅរដ្ឋាភិបាលឲ្យ បញ្ចុះតម្លៃប្រេងសាំង ដែលមានតម្លៃខ្ពស់នៅលើទីផ្សារកម្ពុជា នេះដែរ។
ទោះជាបែបនេះក្តី មិនទាន់មានការឆ្លើយតបភ្លាមៗពីមន្ត្រីគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានៅឡើយទេ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១២។ ប៉ុន្តែមន្ត្រីស្ថាប័ននេះបានព្រមទទួលយកញត្តិរបស់សង្គមស៊ីវិលយក ទៅពិចារណា និងសន្យាឆ្លើយតបពេលក្រោយ។
អង្គការមិនមែនរដ្ឋាភិបាលជិត ២០អង្គភាព បានឲ្យដឹងថា បើសិនជារដ្ឋសភា ឬរដ្ឋាភិបាលមិនបានឆ្លើយតបចំពោះសំណើបញ្ចុះតម្លៃប្រេងសាំងទៅតាម ការទាមទារទេ ពួកគេនឹងដឹកនាំពលរដ្ឋ សិស្សនិស្សិត ចូលរួមធ្វើមហាបាតុកម្មទូទាំងប្រទេស ដើម្បីឲ្យរដ្ឋាភិបាលឆ្លើយតបសំណើបញ្ចុះតម្លៃប្រេងសាំងឲ្យបាន សមរម្យ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែ ប៉ុណ្ណោះ។

