Sunday, April 1, 2012

លទ្ធផល​​ជំ​នួប​​កំ​ពូល​​ចិន​-​កម្ពុជាៈ ទឹក​ប្រាក់ ២៥០ លាន​​យាន់ ជា​​កា​ដូ​​ដល់​​កម្ពុជា និង​​បញ្ហា​​​



ក្នុង​ជំនួប​​ពិភាក្សា​ការងារ​​ជា​មួយ​​សម្តេច​​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​​ព្រឹក​​ថ្ងៃទី​​៣១​ ខែ​មីនា ឆ្នាំ​​២០១២ នៅ​​វិមាន​​សន្តិភាព លោក​​ប្រ​ធានា​ធិបតី​​ចិន ហ៊ូ ជិន​តាវ បាន​ប្រ​កាស​​ផ្តល់​​ជំនួយ​ឥត​សំណង​នូវ​ទឹក​ប្រាក់​ចំនួន ២៥០ លាន​យន់​។ ចំណែក​​ទឹក​ប្រាក់ ២០០ លាន​យន់​ផ្សេងទៀត ជា​ប្រាក់កម្ចី មាន​ការប្រាក់​ទាប​។
លោក​ប្រធានាធិបតី​ចិន ក៏​បាន​ប្រកាស យល់ព្រម​ឲ្យ​អាស៊ាន ធ្វើជា​អ្នកសម្របសម្រួល ដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូងផងដែរ​។​​ ប៉ុន្តែ​បញ្ហា​នេះ ត្រូវ​ដោះស្រាយ​នៅក្នុង​ក្របខ័ណ្ឌ​អាស៊ាន មិនឲ្យ​មាន​ដល់​ក្រប​ខ័ណ្ឌ​អន្តរជា​តិដ​ទៃ​ទៀត​ទេ​។​

ជម្លោះដណ្តើមដែនកោះ នៅសមុទ្រចិនខាងត្បូង កើតឡើងរវាងប្រទេសចិន និងបណ្តា​ប្រទេសចំនួន ៤ ជាសមាជិកអាស៊ាន ក្នុងចំណោមសមាជិករបស់អាស៊ាន សរុបចំនួន ១០។ នោះគឺ វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងប្រ៊ុយណេ។ កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី២ មេសាខាងមុខនេះ ក៏មានរបៀបវារៈស្តីពីបញ្ហា​សមុទ្រ​ចិនខាងត្បូង ដែលនឹងត្រូវពិភាក្សាគ្នាផងដែរ។

លោក ស្រ៊ី ថាមរុង្គ ទីប្រឹក្សាសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ឲ្យដឹងថា ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា និង​ចិន ក៏​បាន​ព្រមព្រៀង​គ្នា​បង្កើត​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​សន្តិសុខ ការអនុវត្ត​ច្បាប់​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ការជួយ​បណ្តុះបណ្តាល​មន្ត្រី​អនុវត្ត​ច្បាប់​កម្ពុជា​ផង​ដែរ​។ ទំនាក់ទំនង​ពាណិជ្ជកម្ម​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ ក៏​ត្រូវ​បាន​លើកឡើង​ផងដែរ​។
​លោក​ប្រធានាធិបតី​ចិន ក៏​បាន​សន្យាថា ចិន​ក៏​នឹង​ជួយ​បណ្តុះបណ្តាល និង​ផ្តល់​សម្ភារៈ​ដោះមីន​ដល់​កម្ពុជា​។ ចិន​ក៏​គាំទ្រ​បេក្ខភាព​កម្ពុជា ជា​សមាជិក​មិន​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ។​

តាមប្រសាសន៍របស់​លោក ស្រ៊ី ថាមរុង្គ ជា​ការឆ្លើយតប សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា ការជឿ​ទុកចិត្ត​គ្នា ស្មោះត្រង់​នឹង​គ្នា គឺ​មាន​សារៈសំខាន់​ណាស់ ហើយ​អ្វី​ដែល​រីកចំរើន​​ទ្វេភាគី​រវាង​កម្ពុជា និង​ចិន មកទល់​ពេលនេះ គឺ​បង្ហាញ​ពី​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ​ ។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​គាំទ្រ​រាល់​សំណើ​រ​លើកឡើង​របស់​លោក​ប្រធានាធិបតី​ចិន ហ៊ូ ជិន​តាវ​ ផងដែរ។

​ សម្តេច​តេជោ ក៏​បាន​ស្នើសុំ​ឲ្យ​ប្រទេស​ចិន ផ្តល់​ប្រាក់​កម្ចី​មាន​ការប្រាក់​ទាប​ពី ៣០០ លាន​ដ​ល្លារ ទៅ ៥០០ លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំៗ ដើម្បី​កម្ពុជា​យកមក​អភិវឌ្ឍន៍​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ស្ពាន​ថ្នល់ ប្រព័ន្ធ​ធ​រា​សាស្ត្រ និង​ការតភ្ជាប់​បណ្ថាញ​ផ្លូវថ្នល់​ផងដែរ​។​

ក្នុងកិច្ចប្រជុំនេះ កិច្ចព្រមព្រៀងចំនួន ១០ ត្រូវ​បានភាគី​ទាំងពីរ ចុះហត្ថលេខាផងដែរ រីឯកិច្ចព្រមព្រៀង​​មួយ​ចំនួន​ផ្សេង​ទៀត នឹងត្រូវបានចុះហត្ថលេខា​នៅពេលក្រោយ។

លោកប្រធានាធិបតី ហ៊ូ ជីនតាវ បានបញ្ជាក់ថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺធ្វើ​ឲ្យ​ប្រ​ទេសជាតិ ប្រជាជន ទទួលបានជោគជ័យបន្ថែមទៀត ដោយឡែកកិច្ចសហប្រតិ បត្តិការ និងមិត្តភាពរវាងប្រទេស​ទាំង​ពីរ​ជាងកន្លះសតវត្សរ៍មក បានឆ្លងកាត់ឧបសគ្គ និងបទពិសោធន៍ យ៉ាងច្រើន ហើយប្រទេសទាំងពីរ មានជំនឿ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅមក ទាំងនយោបាយ និងទំនាក់ទំនង សហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ជាក់ស្តែងនៅឆ្នាំ២០១១ ទំហំពាណិជ្ជកម្ពុជា-ចិន កើនឡើង ២៥០០ លានដុល្លារ គឺបានសម្រេចមុនការ​កំណត់ ដែល​គ្រោង​ទុកថា នៅឆ្នាំ២០១៥ នោះ។

លោក ហ៊ូ ជីនតាវ ក៏បានអរគុណសម្តេចតេជោ ហ៊ុន សែន ដែលប្រកាន់ខ្ជាប់នយោបាយចិនតែមួយ និង​ការ​ស្មោះ​ត្រង់​គ្នា​ទៅ​វិញ​ទៅមក ហើយលោកសន្យាបន្តសហប្រតិបត្តិការ​​ជា​មួយ​កម្ពុជា ដើម្បី​ផល​​ប្រយោជន៍​រូម ក្នុងនាមជាអ្នកជិតខាងល្អ មិត្តភក្តិល្អ និងជាដៃគូយុទ្ធសាស្រ្តដ៏ស៊ីជម្រៅ។
ក្រៅពីនោះ លោក ស្រ៊ី ថាមរ៉ុង្គ បានឲ្យដឹងបន្ថែមទៀតថា ប្រធានាធិបតីចិន ក៏បានលើកឡើងពីចំណុច​សំខាន់ៗ៤ ក្នុងកិច្ចសហប្រតិបត្តិការ​ទ្វេភាគី ជាអារ៍ៈ

- លោកស្នើឲ្យភាគីទាំងពីរគ្រប់ជាន់ ថ្នាក់ត្រូវមានការផ្លាស់ប្តូរបទពិសោធន៍ មតិគ្នាទៅវិញទៅមក ជាដៃគូយុទ្ធសាស្រ្ត ផ្លាស់ប្តូរដំណើរទស្សន កិច្ច និងការផ្លាស់ប្តូរបទពិសោធន៍ រវាងបក្សកាន់អំណាច និងបក្សកាន់អំណាច ដើម្បីសិក្សា និងអភិវឌ្ឍន៍ ប្រទេសជាតិឲ្យកាន់តែល្អប្រសើរ។ លោក ហ៊ូ បានមានប្រសាសន៍ថា នៅឆ្នាំ២០១៣ ជាខួប​ទំនាក់​ទំនង​ការ​ទូត​កម្ពុជា-ចិន លើកទី៥៥ ដូច្នេះលោកស្នើឲ្យរៀបចំកម្មវិធីផ្សេងៗ ឲ្យបានរីក ចម្រើន ដែលបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន បានឯកភាព និងស្នើឲ្យក្រសួងការបរទេសពិភាក្សា ជាមួយសមភាគីចិន ក្នុងការរៀបចំ។

- មេដឹកនាំកំពូលចិនរូបនេះ បានស្នើឲ្យពង្រីកសហប្រតិបត្តិការជាក់ស្តែង រវាង​យុទ្ធ​ចតុ​កោណ របស់​កម្ពុជា និង​ផែន​ការ​ ៥ឆ្នាំ របស់​ចិន ដើម្បី​ដើរ​ឲ្យ​ស្រប​គ្នា។ លោក ហ៊ូ បាន​ផ្តោត​យក​ចិត្ត​ទុក​ដាក់​លើ វិស័យ​កសិកម្ម ហើយ​ចិន នឹង​រីក​រាយ​សហ​ប្រតិ​បត្តិ​ការ​នៅ​ក្នុង​វិស័យ​នេះ ក៏ដូច​ជា​ប្រព័ន្ធ​ធារា​សាស្រ្ត ការ​ចិញ្ចឹម​សត្វ ចិញ្ចឹម​ត្រី ស្រប​តាម​គោល​នយោបាយ ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា ឲ្យ​បាន​ជាង​ ១លាន​តោន នៅ​ឆ្នាំ​២០១៥។ ជាមួយ​គ្នា​នេះ លោក ហ៊ូ ជីនតាវ បាន​សន្យា​ជួយ​កម្ពុជា ពង្រីក​ការ​នាំ​ចេញ​ស្រូវ ពោត ដំឡូងមី ជាដើម។ សូម​បញ្ជាក់​ថា នៅឆ្នាំ​២០១២ កម្ពុជា បានស្នើសុំចិនចំនួន ៧គម្រោង ហើយ ជាគោលការណ៍ ចិនបានឯកភាពរួចហើយ ដែលផ្តោតសំខាន់លើការកសាងផ្លូវ និងស្ពានជាដើម។ ប្រធានាធិបតីចិនរូបនេះ ក៏បានសន្យាជំរុញភ្ញៀវទេសចរណ៍មកកម្ពុជា និងបង្កើនការហោះហើរត្រង់ពី តំបន់ធំៗរបស់ចិន​ឆ្ពោះមកកម្ពុជាផងដែរ។

- លោក ហ៊ូ ស្នើឲ្យភាគីទាំងពីរបន្តលើវិស័យសន្តិសុខ និងការអនុវត្តន៍ច្បាប់រួមគ្នា លើវិធានការណ៍ ទប់ស្កាត់បទ​ឧក្រិដ្ឋកម្ម ភេរវកម្ម ការឆ្លង​ដែន​ខុស​ច្បាប់ និង​បញ្ហា​គ្រឿង​ញៀន ជា​ដើម ហើយ​ចិន​នឹង ជួយ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ក្នុង​វិស័យ​នេះ។ មេដឹក​នាំ​ចិន ក៏​បាន​សន្យា​ជួយ​បណ្តុះ​បណ្តាល​ផ្នែក​បោស​សំអាត​មីន​នៅ​កម្ពុជា ក៏ដូច​ជា​ការ​ផ្តល់​សម្ភារៈ និង​បញ្ជូន​អ្នក​បច្ចេក​ទេស​មក​កម្ពុជា​ក្នុង​វិស័យ​នេះ និង​លើវិស័យយោធាផងដែរ។
- មេដឹកនាំចិន បានសន្យាគាំទ្របេក្ខភាពកម្ពុជា ជាសមាជិកមិន​អចិន្ត្រៃយ៍ របស់​អង្គការ​សហ​ប្រជា​ជាតិ និង​គាំទ្រ​កម្ពុជា ធ្វើ​ជា​ប្រ​ធាន​អាស៊ាន។ ជា​ការ​ឆ្លើយ​តប​សម្តេច​តេជោ បាន​ស្វាគមន៍ និង​ឯកភាព ការ​លើក​ឡើង​របស់​មេដឹក​នាំ​ចិន និងបន្តជាមិត្តភាព និងភាពស្មោះត្រង់ជាមួយគ្នា។
សម្តេចតេជោ ក៏បានស្នើឲ្យភាគីចិន ជំរុញការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក រវាងយុវជន​ជំនាន់​ក្រោយ ហើយ​កម្ពុជា​គាំទ្រ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​យុទ្ធ​សាស្រ្ត​ចតុ​កោណ​ របស់កម្ពុជា និងផែនការ ៥ឆ្នាំ របស់ចិន៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons