ថ្ងៃ សុក្រ 30 មីនា 2012
ដោយ លី ម៉េងហួរ
RFI
នៅម៉ោងជាង៤ ថ្ងៃទី៣០មីនានេះ លោក ហ៊ូ ជិនតាវ (Hu Jintao) ប្រធានាធិបតីចិន បានមកដល់ទីក្រុងភ្នំពេញដើម្បីផ្តើមដំណើរទស្សនកិច្ច ផ្លូវការនៅកម្ពុជារយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៣០មីនាដល់ថ្ងៃទី២មេសា។ ក៏ប៉ុន្តែនៅមុនដំណើរមកដល់របស់លោកប្រធានាធិបតីចិន ប៉ុន្មានម៉ោងគឺនៅព្រឹកថ្ងៃសុក្រ៣០មីនានេះ អាជ្ញាធរបានចាប់បង្ខំពលរដ្ឋខេត្តកោះកុង ប្រមាណ ៤០ នាក់ បញ្ចូលឡានក្រុងដឹកចេញពីផ្ទះសំណាក់នៅទីក្រុងភ្នំពេញ ឆ្ពោះទៅកាន់ខេត្តកោះកុង។ ពលរដ្ឋទាំងនោះ មានបញ្ហាដីធ្លី ជាមួយក្រុមហ៊ុនចិន ហើយមានគម្រោងតវ៉ា ដាក់ញត្តិនៅស្ថានទូតចិន ក្នុងពេលលោកហ៊ូជិនតាវ មានវត្តមាននៅកម្ពុជា។

China's President Hu Jintao (L) shakes hands with Cambodia's Prime Minister Hun Sen (R) after witnessing a signing ceremony at the Peace Palace in the Office of the Council of Ministers in Phnom Penh March 31, 2012. Hu visits Cambodia from March 30 to April 2.
ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន មកកាន់កម្ពុជា ក៏ត្រូវបានលោក ហោ ណាំហុង និងអនុរដ្ឋមន្ត្រីការបរទេសចិន លោកស្រី ហ្វ៊ូ យិង ( Fu Ying ) បានលើកឡើង ក្នុងកិច្ចប្រជុំ កាលពីព្រឹកថ្ងៃ៣០មីនា គឺប៉ុន្មានម៉ោង មុនការមកដល់របស់លោកហ៊ូជិនតាវ។
លោក ហោណាំហុង និងអនុរដ្ឋមន្ត្រីការបរទេសចិន បានសម្តែងអំពីសារសំខាន់នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៃលោក ប្រធានាធិបតីចិន មកប្រទេសកម្ពុជានៅពេលនេះ។ នេះបើតាមលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។
លោក កុយ គួង លើកឡើងថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន នៅកម្ពុជា រយៈពេល៤ថ្ងៃចាប់ពីថ្ងៃ៣០មីនានេះ នឹងធ្វើឲ្យទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ
រវាងប្រទសចិន និងកម្ពុជា កាន់តែមានលក្ខណៈស៊ីជម្រៅ និងរឹងមាំបន្ថែមទៀត។
តាមអ្នកនាំពាក្យ ការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា មិនអាចកាត់ផ្តាច់ពីជំនួយរបស់ប្រទេសចិន ដែលបានផ្តល់មកឲ្យកម្ពុជាជាច្រើន មានទាំងជំនួយឥតសំណង កម្ចីការប្រាក់ទាប និងការវិនិយោគរបស់ចិនលើគ្រប់វិស័យ ពិសេសការវិនិយោគលើប្រព័ន្ធធារាសាស្ត្រ និងវារីអគ្គិសនី។
ជាការកត់សម្គាល់ ដំណើរទស្សនកិច្ចរបស់លោក ហ៊ូជិនតាវ នៅកម្ពុជា ពេលនេះ បានធ្វើឡើង ចំពេលដែលកម្ពុជាក្នុងនាមជាប្រធានអាស៊ាន បានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ចាប់ពីថ្ងៃទី៣០មីនា ដល់ថ្ងៃទី៤មេសា ឆ្នាំ២០១២។ ក៏ប៉ុន្តែលោក ហ៊ូ ជិនតាវ មិនមែនមកកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានឡើយ។
ជាការកត់សម្គាល់មួយទៀត នៅព្រឹកព្រលឹមថ្ងៃសុក្រនេះ អាជ្ញាធរក្រុងភ្នំពេញ បានចាប់បង្ខំប្រជាកសិករប្រមាណ ៤០ នាក់ បញ្ជូនចេញពីផ្ទះសំណាក់មួយនៅភ្នំពេញ ដឹកតាមឡានក្រុង យកទៅខេត្តកោះកុង។ ពលរដ្ឋទាំងនោះ គ្រោងនឹងតវ៉ា និងដាក់ញត្តិ នៅស្ថានទូតចិន ដើម្បីសុំអន្តរាគមន៍ពីលោកប្រធានាធិបតីចិន ឲ្យជួយក្នុងរឿងជម្លោះដីធ្លី ជាមួយនឹងក្រុមហ៊ុនចិន នៅខេត្តកោះកុង។
នៅព្រឹកមិញ វេទិកាសង្គមស៊ីវិល និងប្រជាជនអាស៊ាន ក៏ត្រូវបានរារាំង។ នោះក៏ដោយសារតែសង្គមស៊ីវិលមកពីបណ្តាប្រទេសសមាជិកអាស៊ាន លើកឡើងពីបញ្ហាដីធ្លី បញ្ហាប្រទេសភូមា ជនជាតិដើមភាគតិច និងបញ្ហាសាងសង់ទំនប់វារីអគ្គិសនី ដែលវិនិយោគដោយក្រុមហ៊ុនចិន នាំឲ្យប៉ះពាល់ដល់ពលរដ្ឋក្នុងប្រទេសអាស៊ាន ពិសេសប៉ះពាល់ដល់ពលរដ្ឋកម្ពុជា។
លោកធនសារាយ ប្រធានសមាគមសិទ្ធិមនុស្ស អាដហុក ដែលចូលរួមរៀបចំវេទិកាសង្គមស៊ីវិលអាស៊ាន បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា បង្ហាញភាពចាស់ទុំ ក្នុងនាមជាប្រធានអាស៊ាន និងកុំខ្លាចរអាលទៅនឹងកង្វល់របស់ប្រជាពលរដ្ឋ ពិសេសបញ្ហាជម្លោះដីធ្លី ដែលការលើកឡើងនោះ សម្រាប់ចងក្រងជាអនុសាសន៍ ដាក់ជូនមេដឹកនាំអាស៊ានប្រជុំដោះស្រាយ៕

