ថ្ងៃទី 03 ខែមេសា ឆ្នាំ2012, ម៉ោង 03:12 PM រស់

លោកអ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រី បានឲ្យដឹងថា ក្នុងនាមរដ្ឋាភិបាលវៀតណាម លោកង្វៀន តិនយុង ក៏បានអបអរសាទរ ចំពោះកម្ពុជា ដែលបានធ្វើជាប្រធានអាស៊ាន ហើយឯកឧត្ដម មានជំនឿថា ក្រោមការដឹកនាំ ដ៏ឈ្លៀសវៃរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី កិច្ចប្រជុំកំពូលអាស៊ានលើកទី២០ នេះ ពិតជា សម្រេចបានជោគជ័យ។
លោកនាយករដ្ឋមន្ត្រី វៀតណាម បានសំដែងនូវសេចក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ជាពិសេសលើ វិស័យ ពាណិជ្ជកម្ម សេដ្ឋកិច្ចនិងទេសចរណ៍ជាដើម ហើយបានស្នើឲ្យមានការសហការគ្នាបន្តទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ឲ្យបានកាន់តែល្អប្រសើរថែមទៀត ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះ លោកនាយករដ្ឋមន្រ្តីវៀតណាម និងគណៈប្រតិភូ ដែលបានអញ្ជើញមកចូលរួម កិច្ចប្រជុំកំពូលអាស៊ានលើកទី២០ នៅកម្ពុជា និងថ្លែងអំណរគុណផងដែរ ចំពោះវៀតណាម ដែលបានគាំទ្រកម្ពុជា ក្នុងឱកាសដែលកម្ពុជា ធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០១២នេះ។
សម្តេចតេជោ បានឯកភាពជាមួយលោកង្វៀន តិនយុងពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ហើយក៏គាំទ្រជំរុញ កិច្ចសហប្រតិបត្តិការនេះ ជាពិសេស លើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍ឲ្យបានកាន់តែខ្លាំងឡើងថែមទៀត៕

