ដោយ ៖ សហការី
ថ្ងៃទី 21-03-2012 ម៉ោង 18:17:54 ខេត្ដ បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃទី២១ ខែមិនា ឆ្នាំ២០១២នេះ នាយឧត្ដមសេនីយ៍ គន់ គីម អគ្គមេបញ្ជា ការរង និងជានាយសេនាធិការចំរុះកងយោធពលខេមរភូមិន្ទ ក្នុងនាម សម្ដេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយមួយចំនួនទៅផ្ដល់ជូននាយ ពលទាហាន នៃអង្គភាពកងពលតូចលេខ៥១ ចំណុះយោធភូមិ
ភាគទី៥ ដែលបច្ចុប្បន្នកំពុងឈរជើងក្នុងភូមិសាស្ដ្រស្រុកព្រះនេតព្រះ ខេត្ដបន្ទាយមានជ័យ ។
លោកឧត្ដមសេនីយ៍ទោ សូ ចាន់ហេង មេបញ្ជាការកងពលតូចលេខ៥១ បានរាយការណ៍ឱ្យដឹងថាមកទល់បច្ចុប្បន្ន បើទោះបីសភាពការណ៍នៅតំបន់ព្រំដែន មានសភាពស្ងប់ស្ងាត់ហើយក្ដី ក៍ពួកជ្រុល និយមអាវលឿង និងកងទាហានថៃ នៅតែបន្ដកសាងលេណដ្ឋាន ផ្លាស់ប្ដូរកំលាំង និង ប្រើយន្ដហោះស៊ើបការណ៍តាមបណ្ដោយព្រំដែនជាប្រចាំ ។ លោកមេបញ្ជាការបានបន្ដថា ក្នុងស្ថានភាពនេះកង កំលាំងរបស់យើង តែងរក្សាបានជំហរម៉ឺងម៉ាត់តាមបទបញ្ជា និង អនុសាសន៍ដ៍ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ក្នុងគ្រប់គ្រងស្ថានការណ៍ប្រកបដោយភាពអត់ធ្មត់ និង ជាបណ្ដើរៗ ធ្វើការដោះស្រាយដោយសន្ដិវិធី ។
មានប្រសាសន៍នៅក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ គន់ គីម បានញំនាំនូវ ការផ្ដាំ ផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន យ៉ាងកក់ក្ដៅបំផុត ជូនចំពោះថ្នាក់ដឹកនាំ នាយ ពលទាហានទាំងអស់ នៃអង្គភាពកងពលតូចលេខ៥១ ព្រមទាំងបានផ្ញើជូនផងដែរ នូវការ កោតសរសើរ ចំពោះគ្រួសារកងទ័ពដែលមានមនសិកាស្នេហាជាតិ លះបង់ ប្ដីសី កូនជាទីស្រឡាញ់ឱ្យ ចូលបំរើក្នុងជួរកងទ័ពប្រកបដោយវីរភាពក្លាហាន បំពេញភារកិច្ចដ៍ឧត្ដុង្គឧត្ដមការពារបូរណភាពទឹកដីនៃមាតុភូមិ ។
នាយឧត្ដមសេនីយ៍ គន់ គីម ក៍បានកោតសរសើរផងដែរចំពោះ អង្គភាពកងពលតូចលេខ៥១ដែលបានយកចិត្ដទុកដាក់លើការកសាងជំរុំបន្ទាយ ការហ្វឹកហ្វឺន ការដោះស្រាយស្បៀងអាហារ ទឹកប្រើប្រាស់ និង ទីកន្លែងស្នាក់នៅបានសមរម្យ ដែលទាំងនេះ គឺជាឫសគល់នៃវិធានការ ក្នុងការថែទាំសុខភាពជូនកងទ័ព ។ នៅក្នុងឱកាសនោះដែរ នាយឧត្ដមសេនីយ៍ គន់ គីម ក៍បានឧបត្ថម្ភ អំណោយដ៍ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន និងលោកជំទាវ រួមមាន មី២០០កេសត្រីខ២០០កេស ព្រមទាំងថវិកាចំនួន៥លានរៀល ៕






