
លោកលឹម ភឿន បានរៀបរាប់ទាំងទឹកមុខស្រងូតស្រងាត់ទៀតថា បន្ទាប់ពីឆ្លងកាត់ជីវិតអាពាហ៍ពិពាហ៍បានគ្នាជាប្តីប្រ ពន្ធបានទាំងកូនហើយនោះ ប្តីប្រពន្ធលោកមានភាពផ្អែមស្ហែម និងមានសេចក្តីសុខណាស់ រីឯជីវភាពវិញ ក៏គ្រាន់បើដែរ ព្រោះចាប់តាំងពីរៀបការរួចមកប្តីប្រពន្ធប្រឹងប្រែង ធ្វើការងាររកស៊ីណាស់ ដោយលោកឲ្យប្រពន្ធទៅរ៉ែកនំបញ្ចុកលក់នៅភ្នំពេញ ចំណែកឯលោកជាអ្នកទទួលរ៉ាប់រងការងារផ្ទះថែទាំកូន និងការងារស្រែចម្ការទាំងអស់។ លោករីករាយណាស់ពេលឃើញជីវភាពគ្រួសារគាត់រីកចម្រើន ហើយគ្មានដឹងភាពនឿយហត់បន្តិចណាឡើយ ទោះបីត្រូវដើរតួរជាឪពុកផងម្តាយផងក៏ដោយ ក៏លោកមិនខ្លាចនឿយហត់ដែរ ឲ្យតែគ្រួសារបានសេចក្តីសុខ និងសុភមង្គល ប៉ុន្តែអ្វីៗដែលលោកគិតទុកមិនបានដូចបំណងទេ ស្រាប់ទៅលក់នំបញ្ចុកនៅភ្នំពែញយូរៗទៅប្រពន្ធលោកបែរ ជាលែងនឹកនាស្រលាញ់ប្តីស្រលាញ់កូនពេលត្រឡប់មកពីភ្នំ ពេញម្តងៗគេមិនសូវរវីរវល់ជាមួយលោកទេ ដោយតែងតែនិយាយថា នាងគ្មានអារម្មណ៍ជាមួយ ហើយតែងតែរករឿងឈ្លោះទាស់ទែងជាមួយលោករហូត ហើយមិនសូវចង់នៅផ្ទះទៀត គឺចង់តែទៅភ្នំពេញរហូត ទោះបីលោកហាមឃាត់ក៏នាងជម្នះទៅដែរ និងថែមទាំងបបួលលោកលែងលះគ្នារហូត។ ពេលលោកសួរថា តើបងខុសអ្វី បានស្រីសុំលែង? នាងប្រាប់ថា គ្មានខុសអ្វីទេ តែនាងគ្មានអារម្មណ៍រស់នៅជាមួយលោកទៀត ហើយលោកក៏ចេះតែនិយាយលួងលោមប្រពន្ធសូមអាណិតកូន ម្យ៉ាងទៀតនាំខ្មាសគេ តែប្រពន្ធហាក់បីដូចជាស្តាប់មិនចូលត្រចៀកសោះ។ លុះដល់ខែកុម្ភៈ ឆ្នាំ២០១២ នាងក៏លួចវេចបង្វេចចុះចោលបាត់ ដោយគ្មានប្រាប់មួយមាត់សោះពេលលោកត្រឡប់មកពីរត់ម៉ូតូ វិញ ស្រាប់តែបាត់ប្រពន្ធ។ ប្រពន្ធលោកទៅចោលកូនបានចំនួន៣ថ្ងៃ ក៏ត្រឡប់មករកលោកវិញ ដើម្បីសុំលោកលែងលះ លោកក៏ព្រមតាមចិត្តនាងទៅ ព្រោះថា ទឹកបាក់ទំនប់ជ្រៅទៅហើយលោកទប់ម្នាក់ឯង គឺមិនអាចទប់ឈ្នះឡើយ មានតែបណ្តោយទៅតាមហ្នឹងទៅ។ ដោយឡែកកុមារាលឹម វណ្ណៈ អាយុ១០ឆ្នាំ អ្នកយកព័ត៌មានយើងសាកសួរថា នឹកម្តាយទេ? គេឆ្លើយថា ឥតនឹកទេ ព្រោះគាត់មិនស្រលាញ់ក្មួយផង បើគាត់ស្រលាញ់ក្មួយគាត់មិនទៅចោលក្មួយទេ។
អ្នកស្រីតូច សឿន អាយុ៥៥ឆ្នាំ និងប្អូនផូ ប្រុស អាយុ២៧ឆ្នាំ នាងនុល ស្រីលាភ អាយុ២២ឆ្នាំ ជាអ្នកជិតខាងបានឲ្យដឹងស្របគ្នាថា ពួកគាត់ពិតជាអាណិតលឹម ភឿន ណាស់មិនគួរណាប្រពន្ធសុំលែងយ៉ាងនេះទេ ហើយមិនដឹងប្រពន្ធនោះរកប្តីរបៀបណាទៀតទេ បើប្តីនេះស្លូតបូតដឹងតែពីធ្វើការងារកស៊ីល្បែងមិនចេះ ផឹកជក់មិនចេះ សូម្បីតែដូងខ្ចីជុំវិញផ្ទះមិនហ៊ានបេះហូបទឹកផង៕

