
ថ្ងៃទី 11 ខែមីនា ឆ្នាំ2012, ម៉ោង 08:11 AM កែវ សុវណ្ណារិទ្ធ
ករណីមាមីង យកក្មួយបង្កើត ធ្វើប្តីប្រពន្ធ ឃើញមានជាហូរហែ ដែលភាគច្រើន ម្តាយមីងមានអាយុ តិចជាងក្មួយ។ តួយ៉ាង បុរសម្នាក់ នេះ បានស៊ើបសួររកម្តាយមីង ដែល ព្រាត់ពីស្រុកតាំងពីតូច លុះបានជួប ក៏កើតក្តីប្រតិព័ទ្ធ រួចយកស្វាយទុំ ១ការុងទៅផ្ញើ សុំយកមីងក្រមុំធ្វើ ប្រពន្ធចុង។ ចំណែក មីង ដែល មានអាយុតិចជាងក្មួយនោះ ក៏លង់ ស្នេហ៍ ខណៈដែលប្រពន្ធដើមរបស់ ក្មួយនៅរស់ជ្រងោ...។
លោកជឿម វណ្ណា អាយុ៤១ឆ្នាំ រស់នៅភូមិចកធំ ឃុំ កកោះ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង បានរៀបរាប់ថា លោក ជាកូនទី៤ ក្នុងចំណោមបងប្អូន៥នាក់ ឪពុកឈ្មោះទ្រី ជឿន (ស្លាប់) នៅតែម្តាយឈ្មោះចន កឿ អាយុ៧០ឆ្នាំ។ លោកពុំបាន រៀនសូត្រអ្វីទេ លុះមានអាយុ១៨ឆ្នាំ ក៏ចាប់ចិត្តប្រតិព័ទ្ធទៅលើ នារីម្នាក់ រស់នៅភូមិជាមួយគ្នាឈ្មោះណូយ ណូ សព្វថ្ងៃអាយុ ៣៨ឆ្នាំ ប៉ុន្តែ កាលនោះ ដោយសារតែក្រពេកអត់លុយុរៀបការ ក៏បបួលគ្នារត់ លុះជ្រុលជ្រួស ទើបឪពុកម្តាយហៅមកសែនព្រេន បន្តិចបន្តួចឱ្យបានគ្នាជាប្តីប្រពន្ធទៅ។ តាំងពីភប់ប្រសព្វគ្នាមក លោកប្រកបរបរធ្វើស្រែ និងរកត្រី បង្កើតបានកូន៧នាក់ មាន ជីវភាពត្រដាបត្រដួស សូម្បីតែកេរអាករបន្តិចបន្តួច ពេលកូន ឈឺក៏លក់ ព្យាបាលកូនអស់ទៅ។ ដោយសារនៅស្រុកភូមិពុំសូវ មានការងារធ្វើ ទើបម្តាយលោកប្រាប់ឱ្យចេញទៅស៊ីឈ្នួលគេ នៅស្រុកបាណន់ ខេត្តបាត់ដំបង និងប្រាប់ឱ្យតាមស៊ើបសួររក- ជីដូន និងម្តាយមីងខាងឪពុករបស់លោក ដែលព្រាត់ចេញពី ស្រុកកំណើតមិនដឹងទៅរស់នៅទីណា។ លោកមិន ដែលស្គាល់ជីដូន និងម្តាយមីងនោះសោះ លុះស៊ើប- សួរមិនយូរប៉ុន្មាន ក៏រកឃើញដូចបំណង ដែលកាល នោះ ម្តាយមីង ជាប្អូនស្រីរបស់ខ្មោចឪពុក ទើបមាន អាយុ១៥ឆ្នាំប៉ុណ្ណោះ។ គ្រាន់តែបានឃើញមុខមីង ទើបនឹងពេញក្រមុំភ្លាម ធ្វើឱ្យបេះដូងលោកពុះ-កញ្ជ្រោល ជាប់ក្តីប្រតិព័ទ្ធ រហូតមិនចង់វិលមកស្រុក ដោយនៅស៊ីឈ្នួលធ្វើស្រែឱ្យគេ និងស្នាក់នៅជាមួយ យាយ។
លោកជឿម វណ្ណា បន្តថា ក្រោយមក ពេលលោក មកស្រុកវិញ គាប់ជួនដល់រដូវស្វាយទុំផងនោះ លោក ក៏យកស្វាយទុំ១ការុង ដាក់ឡានយកទៅផ្ញើយាយ និងមីងក្រមុំ រួចក៏ស្នាក់នៅដូចមុន។ ពេលបានស្វាយទុំផ្អែមមាត់ ផ្អែម.ក មីងក្រមុំចេះតែឃាត់ឃាំងមិនឱ្យទៅណាទេ ដោយផ្គាប់- ផ្គុនបាយទឹកលោក មិនឱ្យឃ្នើស។ ឆ្លៀតពេលនាងកំពុងចិតស្វាយ- ទុំបរិភោគ លោកក៏ប្រថុយសួរចិត្តមីង ដោយសុំស្នេហ៍ត្រង់ៗ តែម្តង ស្រាប់តែមីងព្រមអត់ប្រកែក ព្រោះស្មានថាលោកនៅ កំលោះ។ បន្ទាប់ពីជ្រុលជ្រួសជាមួយគ្នាមក ទើបលោកទម្លាយ ការពិតថា ខ្លួនមានប្រពន្ធហើយ និងសុំយកលុយទៅឱ្យប្រពន្ធខ្លះ ស្រាប់តែមីងស្រក់ទឹកភ្នែកយំស្តាយខ្លួន ហើយក៏មិនព្រមឱ្យលោក មកម្នាក់ឯងដែរ ដោយសុំមកជាមួយ។ ដោយគ្មានជម្រើស លោក ក៏នាំមីង មកសុំទោសប្រពន្ធ។ ឯប្រពន្ធក៏មានចិត្តធម៌ សុខចិត្តឱ្យលោកយកមីងធ្វើប្រពន្ធចុងតាំងពីពេលនោះ មក។ ឥឡូវ ប្រពន្ធមីងនេះបង្កើតបានកូន៥នាក់ទៅហើយ គឺព្រោះតែស្វាយទុំ១ការុង ធ្វើឱ្យលោកត្រូវជំពាក់- ជំពិន ខំរកអង្ករច្រកឆ្នាំង ដើម្បីចិញ្ចឹមកូន២សម្បុក។
ដោយឡែក នាងទ្រី ធា អាយុ៣៦ឆ្នាំ ជាម្តាយមីង និងក្លាយជាប្រពន្ធចុងរបស់ ក្មួយ បានឱ្យដឹងថា ឪពុកនាងឈ្មោះទ្រី (ស្លាប់យូរឆ្នាំណាស់ហើយ) នៅតែម្តាយឈ្មោះ ង៉ា អាយុ៥៥ឆ្នាំ រូបនាងជាកូនច្បង ក្នុងចំណោមបងប្អូន៩នាក់ (ចំណុចនេះគួរយល់ថា នាងទ្រី ធា ត្រូវជាប្អូនរបស់ឪពុកលោកវណ្ណា តែនាងត្រូវជាកូនច្បងរបស់ម្តាយឈ្មោះ ង៉ា ដូច្នេះច្បាស់ជាជីតា របស់លោកវណ្ណា ឈ្មោះទ្រី មានប្រពន្ធ២ ទើបបានជាម្តាយ មីងនេះអាយុតិចជាងក្មួយ)។ នាងបានចេញទៅរស់នៅឯស្រុកបាណន់ តាំងពីតូចជាមួយ ម្តាយមេម៉ាយ លុះនាងអាយុបាន១៥ឆ្នាំ ស្រាប់តែឃើញក្មួយប្រុសឈ្មោះជឿម វណ្ណា តាមស៊ើបសួររកសែលោហិត។ បន្ទាប់ពីជួបគ្នាមក គាប់ជួន ក្មួយនេះយកស្វាយទុំទៅ ផ្ញើផងនោះ ធ្វើឱ្យនាងបាក់ចិត្តអាណិតស្រលាញ់គេ រហូតប្រគល់ព្រហ្មចារីឱ្យក្មួយ នេះទៅ។ ដោយខ្លាចក្មួយនេះដោះដៃ នាងក៏សុខចិត្តរៀបបង្វេច រត់តាមគេ ទៅដល់ភូមិចកធំ ឃុំកកោះ បានទាំងសុំទោសក្មួយ- ថ្លៃស្រីជាប្រពន្ធដើមទៀតផង រហូតដល់មានការយោគយល់ យកប្តីរួមគ្នាទៅ។ សព្វថ្ងៃ ដោយសារតែកូន២សម្បុក ឆ្នាំងធំ ពេក ទើបនាងឱ្យប្តីសង់ខ្ទមមួយរស់នៅផ្សេងពីប្រពន្ធដើម ប៉ុន្តែ ការរួមរស់មិនទាស់គ្នាទេ ហើយក៏មិនចេះឈ្លោះដណ្តើមប្តី គ្នានោះដែរ។ ឯរឿងយប់ព្រលប់ ស្រេចលើប្តីជាអ្នកដាក់វេន ទៅ ប៉ុន្តែ ពួកនាងបានហាមប្តីមិនឱ្យមានប្រពន្ធទី៣ទេ។
ចំណែក នាងណូយ ណូ អាយុ៣៨ឆ្នាំ ជាប្រពន្ធដើម បានឱ្យដឹងថា កាលនាង មានអាយុ១៦ឆ្នាំ ក៏ធ្លាប់លង់ស្នេហ៍ទុំមុនស្រគាលជាមួយប្តីនេះដែរ រហូតដល់ពង្រត់គ្នា ទៅស្រុកឆ្ងាយបាត់១ខែ ទើបចាស់ៗហៅមកសែនព្រេនឱ្យទៅ។ ក្រោយមក ពេល នាងបង្កើតបានកូន២នាក់ ប្តីនាងបានយកស្វាយទុំ១ការុង ទៅផ្ញើជីដូន និងម្តាយមីង ខាងឪពុកក្មេកនាង ដឹងអី! ស្រាប់តែ រវាងក្មួយនឹងមីងក្រមុំ បែរជាត្រូវរ៉ូវគ្នា ព្រោះតែ ជំនូនស្វាយទុំ១ការុង នោះ។ ពេលប្តីនាំម្តាយមីងមកជាមួយ ធ្វើឱ្យនាងធ្លាក់ថ្លើមក្តុក និយាយលែងចេញ ប៉ុន្តែ ពេលមីង និងប្តីសំពះអង្វរខ្លាំងពេក នាងក៏ព្រមឱ្យយកប្តី រួមគ្នាទៅ ធ្វើម៉េចបានជាជ្រុលក្បាលក្រពើទៅហើយ។
លោកយាយចន កឿ អាយុ៧០ឆ្នាំ ជាម្តាយលោកវណ្ណា និងជាបងថ្លៃរបស់ នាងទ្រី ធា ប៉ុន្តែ ក្លាយជាម៉ែក្មេក បានឱ្យដឹងថា ក្រោយពីរបបខ្មែរក្រហមដួលរលំទៅ បងប្អូនដែលនៅរស់រានមានជីវិត ត្រូវបែកខ្ញែកគ្នា រស់នៅស្រុកផ្សេង។ ពេលបានដំណឹងថា នាងទ្រី ធា និងម្តាយនៅរស់ គាត់ក៏ចាត់កូនប្រុសឱ្យទៅស៊ើបសួរ រហូតរកឃើញដូច បំណង។ ក្រោយមក កូនប្រុសវណ្ណា ហេតុតែក្រពេក មិនដឹងបានអ្វីផ្ញើមីង ក៏យក ស្វាយទុំ១ការុងទៅឱ្យ ស្រាប់តែស្ទូចបានមីងក្រមុំ ធ្វើប្រពន្ធចុងរហូតមក។
អ្នកស្រីណូយ ក្រូច អាយុ៤៦ឆ្នាំ ជាបងស្រីនាងណូយ ណូ (ប្រពន្ធដើម) បានឱ្យ ដឹងថា គ្រួសារប្តី១ ប្រពន្ធ២ កូនជាង១០នេះ មិនចេះឈ្លោះគ្នាទេ។ ពួកគេមានជីវភាព- ក្រីក្រ ប្រឹងតែរកអង្ករច្រកឆ្នាំង ព្រោះតែនិស្ស័យស្នេហ៍តម្រូវឱ្យពួកគេជួបសម្ព័ន្ធភាព បែបនេះ ប៉ុន្តែ រឿងមិនចេះឈ្លោះគ្នានេះ គឺមកពីប្អូនថ្លៃប៉ិនប្រសប់ក្នុងការគ្រប់គ្រងតែម្តង៕Agkorthom

