
នៅចំណុចព្រៃភ្នំរអិល ស្ថិតក្នុងភូមិសាស្ត្រឆ្ងាយដាច់ ស្រយាលរបស់ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មានគ្រួសារ មួយដែលមានសមាជិក៥នាក់ កំពុងរស់នៅយ៉ាងស្ងប់ស្ងៀម តែក៏ទទួលបានសុភមង្គលគួរឱ្យចាប់អារម្មណ៍។
ក្នុងឱកាសជួបជាមួយអ្នកយកព័ត៌មានយើង លោក យឹម ចាន់ឌឿន អាយុ៣០ឆ្នាំ បានរៀបរាប់ថា លោកមាន ឪពុកឈ្មោះយឹម ម៉ន (ស្លាប់) ម្តាយឈ្មោះឃុត ហម អាយុ ៦៥ឆ្នាំ លោកជាកូនទី៧ ក្នុងចំណោមបងប្អូន៨នាក់។ ភរិយា របស់លោកឈ្មោះយឹម សុផា អាយុ៣៤ឆ្នាំ បានគ្នាតាំងពីឆ្នាំ ២០០៩មក ដោយសារតែគូព្រេងនិស្ស័យ។ បន្ទាប់មក ពួក- លោកក៏នាំគ្នាមករស់នៅក្នុងព្រៃ ប្រកបរបរធ្វើចម្ការជាមួយ ជីវភាពត្រឹមតែរស់ប៉ុណ្ណោះ។
នៅពេលត្រូវសួរថា នៅតំបន់នេះ អ្នកស្រុកបាន និយាយថា លោកបានយកបងស្រីធ្វើប្រពន្ធ រួចពង្រត់គ្នា មករស់នៅក្នុងព្រៃ តើរឿងនេះ ពិតឬមិនពិត? លោក ចាន់ឌឿន អេះអុញៗ មិនចង់ឆ្លើយទេ តែទីបំផុត លោក ប្រាប់ថា លោកក៏ធ្លាប់ឮអ្នកស្រុកនិយាយតៗគ្នាដែរ តែជារឿងមិនពិតទេ។ ប្តីប្រពន្ធលោកគ្រាន់តែមានគោត្តនាមថា “យឹម” ដូចគ្នាតែប៉ុណ្ណោះ ពុំមានជាប់ សាច់សាលោហិតអ្វីទេ។ ចំពោះអ្នកជិតខាង ដែល គេថា ជាបងប្អូនបង្កើតនោះ គឺទី១ លោក និងប្រពន្ធ មានគោត្តនាមដូចគ្នា, ទី២ មានទម្រង់មុខស្រដៀងគ្នា ឯទី៣ មានគម្លាតអាយុពីគ្នាតែ៤ឆ្នាំប៉ុណ្ណោះ។ ឥឡូវ ប្តីប្រពន្ធលោកបង្កើតបានកូនស្រី២នាក់ហើយ គឺ កូនពៅមានអាយុ៤ខែ កំពុងតែមានសុភមង្គលណាស់ ទោះជាអ្នកណាថា យ៉ាងណា ក៏ស្រេចតែគេទៅ។ សព្វថ្ងៃ ដោយសាររស់នៅតែក្នុងព្រៃ ធ្វើឱ្យ ជីវភាពត្រដាបត្រដួស ឯរូបលោកកើតជំងឺគ្រុនចាញ់ ព្យាបាលមិនទាន់ជា ដាច់ផង បន្ទាប់ពីមករស់នៅក្នុងព្រៃបាន៣ឆ្នាំ។
ដោយឡែក នាងយឹម សុផា អាយុ៣៤ឆ្នាំ ជាប្រពន្ធ ដែលល្បីថា ជា បងស្រីបង្កើតរបស់ប្តី បានឱ្យដឹងថា ពួកនាងបានគ្នាសុទ្ធតែនៅកំលោះក្រមុំ។ ប្តីមានអាយុតិចជាងនាង៤ឆ្នាំ ពេលនាំគ្នាមកកាច់សម្បុករស់នៅក្នុងព្រៃនេះ ស្រាប់តែអ្នកជិតខាងនិយាយថា ជាបងប្អូនបង្កើតយ៉ាងនេះទៅ។ ម៉្យាងទៀត ដោយសារតែពួកនាងយកគ្នាមិនបានរៀបការផងនោះ គឺបានត្រឹមសែនព្រេនបន្តិចបន្តួច ក៏រងពាក្យចចាមអារ៉ាម ដែលនាងមិនអាចទទួលយក បាន។ រាល់ថ្ងៃ នាងពិបាកចិត្តណាស់ ដោយសារម្តាយ និងបងប្អូនខ្លះ កាត់កាល់ពួកនាងចោល ឯប្តីនាងឈឺជាប់រហូតតាំងពីចាប់ដៃគ្នាមក ទើបនាង សម្រេចចិត្តបិទទ្វារផ្ទះនៅឯភូមិកំណើតចោល រួចក៏នាំគ្នាមកកវែកកឆ្នាំង នៅកណ្តាលព្រៃនេះវិញ ព្រោះមិនចង់ឱ្យគេឃើញមុខ។
កញ្ញាយឹម សុផាត អាយុ៤៣ឆ្នាំ ជាក្រមុំចាស់ និងជាបងទី៥ របស់ នាងសុផា បាននិយាយមិនសូវចំប្រធានបទថា ប្អូនស្រីនាង និងប្អូនថ្លៃនេះ ពុំបានរៀបការទេ ព្រោះពួកគេស្រលាញ់គ្នាទុំមុនស្រគាល លុះជ្រុលជ្រួស ទើបសែនព្រេនបន្តិចបន្តួចកុំឱ្យខ្មោចខឹង។ ចំពោះពាក្យអ្នកភូមិថា ពួកគេជា បងប្អូនបង្កើតនោះ គឺសមដែរ ព្រោះមុខមាត់ស្រដៀងគ្នា ប៉ុន្តែ នាងមិនយកចិត្តទុកដាក់ពីបញ្ហានេះទេ តែអ្វីដែល នាងព្រួយនោះ គឺបញ្ហាជីវភាព។ សព្វថ្ងៃ ទោះជាខ្លួនមានជំងឺគ្រុនចាញ់រ៉ាំរ៉ៃយ៉ាងណា ក៏ប្អូនថ្លៃនេះ នៅតែខំកាប់គាស់ដីដាំដំឡូង ទប់ខ្លួនស្ទើរមិននឹង គួរឱ្យអាសូរខ្លាំងណាស់។ រូបនាង ក៏ដូចជាគ្រួសារប្អូនដែរ ដោយ ហេតុថា នៅស្រុកកំណើតគ្មានដីដាំដុះនឹងគេ ក៏សម្រេចចិត្តនាំគ្នាមកនៅតំបន់ភ្នំ រានដីថ្មីធ្វើចម្ការ ជាបណ្តោះអាសន្នសិនទៅ ប៉ុន្តែ ចំពោះរូបនាងផ្ទាល់ គ្រាន់តែមកជួយកំដរប្អូនស្រីប៉ុណ្ណោះ ព្រោះគ្នាមានកូនខ្ចី។
រីឯ អ្នកជិតខាងមួយចំនួន បាននិយាយស្របគ្នា ថា ប្តីប្រពន្ធ១គូនេះ ពិតជាបងស្រី និងប្អូនប្រុសបង្កើតតែម្តង ប៉ុន្តែ ធម្មតា មនុស្សណាក៏ស្រលាញ់កិត្តិយសដែរ បើទៅសួរត្រង់ៗយ៉ាងនេះ គេម៉េចនឹងហ៊ានប្រាប់។ ពួកគាត់បញ្ជាក់ថា គ្រួសារលោកយឹម ចាន់ឌឿន-នាងយឹម សុផា មានបងប្អូន៨នាក់ឯណោះ (ស្រី២ ប្រុស៦) ប៉ុន្តែ ដោយសារអ្នកទាំង២នេះ លួចលេងល្បែងស្នេហ៍ខុសប្រពៃណី ធ្វើឱ្យបងប្អូនឯទៀតខឹងសម្បា ក៏ព្រួតគ្នាដេញចេញ ពីភូមិ។ ចំណែក នាងយឹម សុផាត ហេតុតែមិនដាច់ចិត្តពីប្អូនទាំង២ ក៏តាមមកជួយថែរក្សាក្មួយ និងកំដរ ប្អូនស្រីពេលកូនខ្ចី ទើបនាងសុផាត ជួយលាក់លៀមយ៉ាងនេះទៅ។
អ្នកយកព័ត៌មានយើងក៏មិនហ៊ានដេញដោលអ្វីដែរ បើពួកគេប្រាប់យ៉ាងណា ក៏កត់ត្រាយ៉ាងហ្នឹងទៅ អត់ហ៊ានសរសេរបំផ្លើសនោះទេ។ ប៉ុន្តែ កន្លងមក យើងធ្លាប់សម្គាល់ឃើញថា ករណីឪពុកយកកូន បងយកប្អូន តែងតែរត់ចោលភូមិកំណើត ទៅរស់នៅក្នុងព្រៃឆ្ងាយពីគេឯង ឬទៅនៅខេត្តផ្សេងបាត់ស្រមោលក៏មាន រួចក៏ តាំងលាក់ប្រវត្តិ មិនឱ្យគេដឹង។ ករណីនេះស្តែងឱ្យឃើញថា បើមនុស្សខ្វះការពិចារណា ហើយត្រូវកម្លាំង តណ្ហាអូសទាញបាននោះ នឹងក្លាយទៅជាកញ្ជះតណ្ហាមិនខាន។ ទោះជាយ៉ាងនេះក្តី ក៏គ្មានច្បាប់ព្រហ្មទណ្ឌ ឬច្បាប់រដ្ឋប្បវណី សម្រាប់ដាក់ទោសបងប្អូន ដែលយកគ្នាជាគូស្វាមីភរិយានោះឡើយ។ ដូច្នេះ បើពួកគេបាន ជាជ្រុលសាងស្នេហ៍ទៅហើយ យើងមានតែជូនពរពួកគេឱ្យបានជួបតែសិរីមង្គលវិបុលសុខទៅចុះ ជាពិសេស សូមឱ្យរកស៊ីឆាប់មានបាន ក្នុងន័យជួយកាត់បន្ថយភាពក្រីក្រក្នុងសង្គម៕

