ដោយ ៖ ស.សម
ថ្ងៃទី 24-03-2012 ម៉ោង 16:18:33 ភ្នំពេញ ៖ ជាធម្មតាល្បែងភ្នាល់ទឹក ភ្លៀងដែលអាជ្ញាធរ និងសមត្ថកិច្ចហាម ឃាត់ ព្រោះជាល្បែងស៊ីសង និងបង្កើត ឱ្យមានបទល្មើសក្នុងសង្គម ភាគច្រើន គេច្រើនលួចលេងសម្រាប់ដើមខែកក្កដា ដល់ខែតុលារៀងរាល់ឆ្នាំ ប៉ុន្ដែមិនទាន់ ដល់ខែកក្កដាផង នៅរាជធានីភ្នំពេញ មានការភ្នាល់ទឹកភ្លៀងដ៏ប្រសេចប្រសាច ស្របពេលដែលអាជ្ញាធររាជធានីភ្នំពេញ ក្នុងនាមគណៈបញ្ជាការក្រុង កំពុងរឹត បន្ដឹងសន្ដិសុខ ដើម្បីសុវត្ថិភាពប្រជា ពលរដ្ឋ ក៏ដូចជាការពារសន្ដិសុខសម្រាប់ កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល អាស៊ាននេះ ។
ល្បែងភ្នាល់ទឹកភ្លៀងត្រូវបានគេ រាយ ការណ៍មកថា កំពុងភ្នាល់នៅចំណុចផ្លូវ ហ្សាលដឺហ្គោល កែងផ្លូវលេខ១០៧ សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា ដែលអ្នក ភ្នាល់បានប្រមូលផ្ដុំគ្នាចាប់តាំងពីម៉ោង ៦កន្លះព្រឹក រហូតដល់ល្ងាចនៅចំណុច ភោជនីយដ្ឋានបាត់ដំបងថ្មី ភាគច្រើនគឺ ជាអ្នកដែលមានវ័យចំណាស់ៗ ។
លោកសោម ស៊ីណាល់ នាយប៉ុស្ដិ៍ នគរបាលរដ្ឋបាលសង្កាត់អូរឫស្សី៤ បាន ឱ្យនគរវត្ដដឹងតាមទូរស័ព្ទថា ពិតជា មានករណីភ្នាល់ទឹកភ្លៀងនេះពិតប្រាកដ មែន ប៉ុន្ដែគ្រាន់តែជាការភ្នាល់ក្នុងទ្រង់ ទ្រាយតូចតាច ចាក់ពី២០ទៅ៣០ដុល្លារ សម្រាប់ការកំដរអារម្មណ៍របស់ចាស់ៗ ពីព្រោះមិនទាន់ដល់រដូវទឹកភ្លៀង ។ លោកប្រធានប៉ុស្ដិ៍បានបន្ដថា ដល់រដូវ ទឹកភ្លៀងបានគេលេងធំ ដូច្នេះការភ្នាល់ នេះគឺជាការភ្នាល់តិចតួចបំផុត ។
បើទោះជាលោកសោម ស៊ីណាល់ មេប៉ុស្ដិ៍នគរបាលអូរឫស្សី៤ អះអាងថា ការបើកភ្នាល់ទឹកភ្លៀងនេះបានដំណើរ ការនោះក៏ដោយ ប៉ុន្ដែលោកយិន សាន អធិការនគរបាលខណ្ឌ៧មករា បាន បដិសេធតាមទូរស័ព្ទថា មិនទាន់មាន ករណីភ្នាល់ទឹកភ្លៀងនេះនៅឡើយទេ បាន ន័យថា នគរបាលមូលដ្ឋាន ថ្នាក់លើមិន ទាន់ជ្រាប ឬមួយមិនសូវចាប់អារម្មណ៍ នឹងបនល្បែងប្រភេទនេះ ពីព្រោះអភិបាល រាជធានីភ្នំពេញបានពង្រឹងអំពីបញ្ហាបទ ល្មើសទាំងនេះ គួរណាស់តែអាជ្ញាធរនិង សមត្ថកិច្ចមានវិធានការទប់ស្កាត់ ។
ការភ្នាល់ទឹកភ្លៀង គឺជាល្បែងស៊ីសង មួយដែលចាញ់ឈ្នះក្នុងរូបភាពធំៗ ប៉ុន្ដែ សមត្ថកិច្ចពិបាកក្នុងការបង្ក្រាប ដោយ សារគេស៊ីសងភ្នាល់សង្ឃឹមមើលលើ មេឃ ដូច្នេះកន្លងទៅសមត្ថកិច្ចនៅក្នុង មូលដ្ឋាន តែងតែទទួលបានពីការបង់ផង ដែរសម្រាប់សេវាប្រចាំខែពីក្រុមមេបន ល្បែងទឹកភ្លៀងនេះ ។ កាលពីពេលមុនៗ ពេលដល់រដូវភ្នាល់ទឹកភ្លៀង ក្រុមអ្នក ញៀនល្បែងបែបនេះបានទៅប្រមូលផ្ដុំ គ្នា ទី១-នៅចំណុចស្ដាតអូឡាំពិក, ២- ម្ដុំផ្សារអូរឫស្សី៣ ឬផ្ការាំទឹករាំ, ៣- ប្រមូលផ្ដុំគ្នានៅចំណុចភោជនីយដ្ឋាន បាត់ដំបងថ្មី ផ្លូវសុកហុក ឬផ្លូវហ្សាលដឺ ហ្គោល ដូច្នេះសមត្ថកិច្ចអាចដឹងអំពីមុខ សញ្ញាក្រុមអ្នកលេងទឹកភ្លៀងនេះច្បាស់ បំផុត ចង់បង្ក្រាបពេលណាក៏បានប្រសិន បើមានចេតនាចង់លុបបំបាត់បនល្បែង ស៊ីសងនេះ ៕
