(អង្គរធំ)

យ៉ាងណាមិញ ស្ត្រីម្នាក់នេះ ចិត្តមុត ហ៊ានសម្លាប់ប្តី ព្រោះ មានសហាយ ដែលឃាតកម្មដ៏សាហាវនេះ ធ្វើឱ្យមជ្ឈដ្ឋាន-មហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង...។
កាលពីថ្ងៃទី៦ មីនា ២០១២ វេលាម៉ោង២ ទៀបភ្លឺ មានករណីឃាតកម្មមួយ បានកើតឡើងនៅ ភូមិស្លខ្លាញ់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង បណ្តាលឱ្យបុរសម្នាក់ ឈ្មោះឡក់ នន់ អាយុ៤៦ឆ្នាំ ស្លាប់ក្នុងថ្លុកឈាម ឯឃាតករ ត្រូវគេសង្ស័យថា ជា ប្រពន្ធរបស់ជនរងគ្រោះ ឈ្មោះរឹត សារ៉ាន់ ហៅរឹត ម៉ៅ អាយុ៤៣ឆ្នាំ។
ពាក់ព័ន្ធដល់ឃាតកម្មដ៏សាហាវនេះ លោក ហ៊ា គឹមហេង អាយុ៥៤ឆ្នាំ មេភូមិរង ភូមិស្លខ្លាញ់ បានប្រាប់អ្នកយកព័ត៌មានយើងថា ស្ត្រីជាប្រពន្ធឈ្មោះ រឹត ម៉ៅ នេះ ត្រូវសមត្ថកិច្ចចាប់ឃុំខ្លួនទៅហើយ ពីបទសម្លាប់ប្តី។ នាងនេះ ជាកូនកំព្រា រស់នៅជា-មួយជីដូនជីតាតាំងពីតូច លុះអាយុបាន១៨ឆ្នាំ ក៏ មានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ នៅភូមិ ជាមួយគ្នាឈ្មោះឡក់ នន់ រួចក៏យកគ្នាជាប្តីប្រពន្ធ ដោយពុំបានរៀបការអ្វីឡើយ គ្រាន់តែសែនព្រេន បន្តិចបន្តួចបង្គ្រប់កិច្ចប៉ុណ្ណោះ។ តាំងពីចាប់ដៃគ្នាមក ទោះជាបង្កើតបានកូន៤នាក់ (ប្រុស៣ ស្រី១) ក៏ប្តី-ប្រពន្ធនេះ ជួបភាពរកាំរកូសជាប្រចាំ ឈ្លោះគ្នាគ្មាន ថ្ងៃទំនេរទេ ដោយប្រើសុទ្ធតែដំបង កាំបិត ស្មើទៅស្មើ មក ប៉ុន្តែ ប្រពន្ធតែងតែរត់ទៅដេកផ្ទះអ្នកជិតខាង ជារឿយៗពេលប្តីទាញកាំបិតម្តងៗ។ មួយភូមិស្ល- ខ្លាញ់នេះ អ្នកណាក៏ល្បីថា ឈ្មោះឡក់ នន់ (សព) ពូកែខាងប្រចណ្ឌប្រពន្ធ និងចូលចិត្តប្រើអំពើហិង្សា បង្ខាំងសេរីភាពប្រពន្ធមិនឱ្យដើរឆ្ងាយបានឡើយ។ សូម្បីតែពេលភ្ជួរស្រែ ក៏ប្តីនេះ ឱ្យប្រពន្ធវេចបាយទៅ តាម រួចឱ្យអង្គុយចាំលើភ្លឺស្រែ ចាំមើលខ្លួនកំពុងភ្ជួរ ដោយដាក់វិន័យយ៉ាងតឹងរ៉ឹងជាទីបំផុត។ បើខឹង ប្រពន្ធម្តងៗ ជួនកាលគេប្រើចម្ពាមកៅស៊ូ បាញ់ពីមុខពី ក្រោយគ្មានត្រាប្រណី។
លោកមេភូមិរង បន្តទៀតថា មុនពេលកើត ឃាតកម្មទៅលើប្តី លោកសង្ស័យថា ប្រពន្ធនេះ មាន សហាយជាមួយបុរសម្នាក់ឈ្មោះថូត ឡេង អាយុ ៥៤ឆ្នាំ ជាអតីតតួឯកល្ខោនបាសាក់ប្រចាំភូមិ ប្រកប ដោយរូបរាងស្រស់សង្ហា សម្តីផ្អែម។ ពេលលោក ដេញដោលពីរឿងនេះ នាងរឹត ម៉ៅ បានឆ្លើយថា នាងធ្លាប់រត់ទៅជ្រកពួនក្នុងផ្ទះ ថូត ឡេង ពេលប្តីដេញ វ៉ៃម្តងៗ ក៏រាប់អានថូត ឡេង នោះ ក្នុងនាមជាបង-ប្អូនទេ ប៉ុន្តែ ពេលប្តីនាងត្រូវគេសម្លាប់ នាងបែរជា ឆ្លើយប្រាប់សមត្ថកិច្ចថា “នាងកំពុងដេកជាមួយ សហាយ អត់បានដឹងថា អ្នកណាសម្លាប់ប្តីទេ”។ នាងបានបញ្ជាក់ថា រវាងនាង នឹងបុរសថូត ឡេង មានទំនាក់ទំនងស្នេហាលួចលាក់ជាង៣ឆ្នាំមកហើយ ដែលចម្លើយបញ្ច្រាសទិសគ្នានេះ ធ្វើឱ្យសមត្ថកិច្ច សង្ស័យ ក៏ចាប់នាងទៅឃុំឃាំងតាមនីតិវិធី។
លោកអនុសេនីយ៍ឯក ឡាច ប្រុស នាយការិយាល័យស្រាវ- ជ្រាវ កងរាជអាវុធហត្ថ ខេត្តបាត់ដំបង បានបំភ្លឺថា សាកសពបុរស ឈ្មោះឡក់ នន់ ត្រូវឃាតករកាប់ចំនួន៥ពូថៅ ដេកដួលស្លាប់ក្នុង ថ្លុកឈាម នៅវេលាម៉ោង២រំលងអធ្រាត្រ ចូលថ្ងៃទី៦ មីនា ២០១២ បន្ទាប់ពីជនរងគ្រោះស៊ីផឹកស្រវឹង ទះស្គរ ច្រៀងលេងរួចមក។ យោងតាមចម្លើយសាក្សីម្នាក់ឈ្មោះ ពិន រ៉ា ដែលជាអ្នកភូមិ បាន ឆ្លើយថា នាងរឹត ម៉ៅ ធ្លាប់ជួលគេឱ្យសម្លាប់ប្តី ដោយហ៊ានឱ្យ កម្រៃ៧.០០០បាត ប៉ុន្តែ គេមិនហ៊ានសម្លាប់ទេ ម៉្យាងទៀត សាក្សី នេះ ស្មានថា នាងម៉ៅ និយាយលេង។ សាក្សីបានបំភ្លឺទៀតថា នាងម៉ៅ ធ្លាប់ត្អូញត្អែរក្នុងពេលមកជួលនោះថា “តើនរណាទ្រាំបាន បើអញឱ្យធើ ក៏វ៉ៃ មិនឱ្យធើ ក៏វ៉ៃ!” បានសេចក្តីថា ស្ត្រីជាប្រពន្ធ នេះ ពេលជួលគេមិនបាន ក៏ពន្លះប្តី៥ពូថៅដោយខ្លួនឯងតែម្តង។ យោងតាមចម្លើយរបស់ស្ត្រីជាប្រពន្ធ បាន ឱ្យសមត្ថកិច្ចដឹងថា មុនពេលឃាតកម្មកើតឡើង នាងនេះបានទូរស័ព្ទហៅប្រុសសហាយមកដេកនៅវាលស្រែ ចម្ងាយពីផ្ទះប្រហែល២០០ម៉ែត្រ លុះរួមរ័កហើយ ក៏ចែកផ្លូវគ្នាទៅ។ តាមការស៊ើប- អង្កេត នាងរឹត ម៉ៅ មានប្រុសសហាយ២នាក់ឯណោះ គឺបងថ្លៃខ្លួនឯងម្នាក់ និងឈ្មោះ ថូត ឡេង អតីតតួឯកល្ខោនបាសាក់ម្នាក់ទៀត។ បន្ទាប់ពីបានចម្លើយីសាក្សី និងជន-សង្ស័យរួចមក សមត្ថកិច្ចកងរាជអាវុធហត្ថបានចាប់បញ្ជូនស្ត្រីជាប្រពន្ធនេះ ទៅឱ្យតុលាការ ចាត់ការតាមច្បាប់។
រីឯសាក្សីមួយចំនួន បានឱ្យដឹងថា យប់កើតហេតុនោះ ជនរងគ្រោះស៊ីផឹកទះស្គរ ច្រៀងលេង រហូតដល់រំលងអធ្រាត្រ ទើបស្ងាត់។ លុះស្អែកឡើង កូនប្រុសពៅរបស់ជន- រងគ្រោះ បានដើរចាប់កណ្តូបជុំវិញផ្ទះ រួចចូលទៅផឹកទឹក ក៏ឃើញឪពុកដេកស្លាប់ក្នុង ថ្លុកឈាម ក៏ផ្អើលឆោឡោ ស្រែកហៅអ្នកជិតខាង និងប្តឹងសមត្ថកិច្ចមកពិនិត្យសព។ តាមពិត កូនៗមិនបាន នៅជួបជុំគ្នាជាមួយឪពុកម្តាយនោះទេ ទើបមិនបានដឹងពីករណីឃាតកម្មនេះ លុះសមត្ថកិច្ចធ្វើកោសល្យវិច័យ ទើបដឹងថា ជារឿងកាប់សម្លាប់ដោយសារគំនុំ។ លើខ្លួនសព មានស្នាមកាប់ចំក ចំនួន៣ពូថៅ និងដើមទ្រូង ២ពូថៅ សរុប៥ពូថៅ បានត្រូវបងប្អូន និងកូនៗរៀបចំធ្វើបុណ្យតាមប្រពៃណីខណៈដែលស្ត្រីជាប្រពន្ធត្រូវចាប់ខ្លួន។
គួរបញ្ជាក់ថា កន្លងមក “អង្គរធំ” ធ្លាប់ចុះផ្សាយជារឿយៗ ពីករណីស្ត្រីជាប្រពន្ធហ៊ានសម្លាប់ប្តី ព្រោះខ្លួនមានសហាយ ឯប្តីអាងប្រើអំពើហិង្សា។ សកម្មភាពដ៏សាហាវឃោរឃៅបែបនេះ ផ្តើម ចេញពី “ទោសចរិត” គឺប្តី និងប្រពន្ធ សុទ្ធតែមានចរិតឆេវឆាវដូចគ្នា គ្មានភាពអន់ឱនឱ្យគ្នា ទើប ឈានដល់ការបង្ហូរឈាមយ៉ាងនេះ។ ផលវិបាកដែលបន្សល់ទុកនោះ គឺកូនៗត្រូវបាត់បង់ភាពកក់ក្តៅ អនាគតពួកគេត្រូវរលាយអស់ ព្រោះតែកើតពីឪពុកម្តាយ ដែលគ្មានគុណធម៌ ដែលជាមេរៀនជីវិត សម្រាប់មនុស្សគ្រប់រូប មិនគួរយកតម្រាប់តាម៕