ថ្ងៃទី 30-03-2012 ម៉ោង 09:28:04 ខេត្តបន្ទាយមានជ័យ៖ គ្រាប់ មិនទាន់ផ្ទុះ ១៥គ្រាប់ ត្រូវពលរដ្ឋជីកដីធ្វើរបង ប្រទះឃើញ កាលពីថ្ងៃត្រង់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១២ នៅភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី កែវ ប៊ុនយឿន អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ប្រជាពលរដ្ឋដែលបាន ប្រទះឃើញគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះ ឈ្មោះ ហេង គក់ ភេទស្រី អាយុ៤៧ឆ្នាំ និងម្នាក់ទៀតឈ្មោះ ភួង ឌី ភេទប្រុស អាយុ៣៥ឆ្នាំ ទាំង២នាក់នៅភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកអធិការបានបន្តថា គ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះទាំង១៥គ្រាប់នោះ មានគ្រាប់ធុន៨០ មីលីម៉ែត្រចំនួន១០គ្រាប់ និងគ្រាប់ដេកា៧៥ ចំនួន៥គ្រាប់។ គ្រាប់ទាំងអស់មានគុណភាពចាស់ច្រេះចាប់អស់ហើយ និងជាគ្រាប់ដែលបានកប់ទុកក្នុងដីកាលពីសម័យសង្គ្រាមមកម្លេះ។
ដើម្បីបញ្ចៀសការគ្រោះថ្នាក់ដោយយថាហេតុណាមួយ សមត្ថកិច្ចនគរបាលបានប្រគល់ជូនដល់អង្គភាពស៊ីម៉ាក់ខេត្ត បន្ទាយមានជ័យ ដើម្បីកំទេចចោលផងដែរ ៕

