Tuesday, March 20, 2012

នួន ជា រក្សា​សិទ្ធិ​មិន​និយាយ​ស្ដី​នៅ​ក្នុង​តុលាការ

ដោយ ឡេង ម៉ាលី
2012-03-19
​វិទ្យុ​អាស៊ីសេរី
អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បាន​បន្ត​សវនាការ​របស់​ខ្លួន​ចូល​ដល់​ថ្ងៃ​ទី ៣៨ ហើយ នៅ​ថ្ងៃ​ច័ន្ទ ទី​១៩ ខែ​មីនា ឆ្នាំ​២០១២ លើ​សំណុំរឿង​លេខ ០០២។
៣១-សីហា-២០១១៖ ជន​ជាប់​ចោទ នួន ជា ក្នុង​សវនាការ​ពិនិត្យ​កាយ​សម្បទា និង​ស្មារតី​ជន​ជាប់​ចោទ​ក្នុង​សំណុំ​រឿង ០០២ ថ្ងៃ​ទី​៣។ (Photo courtesy of ECCC)
៣១-សីហា-២០១១៖ ជន ជាប់ ចោទ នួន ជា ក្នុង សវនាការ ពិនិត្យ កាយ សម្បទា និង ស្មារតី ជន ជាប់ ចោទ ក្នុង សំណុំ រឿង ០០២ ថ្ងៃ ទី ៣។ (Photo courtesy of ECCC)

សវនាការ​វគ្គ​ដំបូង​ដែល​គ្រោង​សួរ និង​ស្ដាប់​ចម្លើយ​ជន​ជាប់​ចោទ​នៅ​ពេល​ព្រឹក​នោះ មិន​បាន​ដូច​ផែនការ​ទេ ព្រោះ​ជន​ជាប់​ចោទ នួន ជា លែង​សូវ​សហការ​ដូច​មុន​ដោយ​មិន​ចង់​និយាយ។ អង្គ​ជំនុំ​ជម្រះ​ស្ដាប់​សក្ខីកម្ម​របស់ ឌុច វិញ។
ស្ថានការណ៍​សវនាការ​លើ​សំណុំរឿង ០០២ យើង​សង្កេត​ឃើញ​មាន​ភាព​តឹងតែង និង​រអាក់រអួល​ខ្លះ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៩ ខែ​មីនា​ នៅ​ពេល​ដែល​ជន​ជាប់​ចោទ នួន ជា ប្រើ​សិទ្ធិ​នៅ​ស្ងៀម។ ភាព​តឹងតែង បាន​កើត​មាន​រវាង​ភាគី​ជន​ជាប់​ចោទ នួន ជា និង​ចៅក្រម​នៃ​អង្គ​ជំនុំជម្រះ នៅ​ពេល​ដែល​ជន​ជាប់​ចោទ​ទាមទារ​ដោយ​លក្ខខណ្ឌ ដើម្បី​អាន​បញ្ចប់​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន៖ «ខ្ញុំ​សុំ​ប្រើ​សិទ្ធិ​នៅ​ស្ងៀម​សិន រហូត​ទាល់​តែ​បាន​និយាយ​ជាមួយ​មេធាវី»
មុន​នឹង​ប្រើ​សិទ្ធិ​នៅ​ស្ងៀម​របស់​ខ្លួន មេធាវី​អន្តរជាតិ​ជន​ជាប់​ចោទ នួន ជា លោក ម៉ៃឃើល ផេសមិន (Michiel Pestman) បាន​សុំ​អង្គ​ជំនុំជម្រះ​អាន​សេចក្ដី​ថ្លែង​ការណ៍​របស់​គាត់​រយៈពេល ១៥ នាទី។ ក៏​ប៉ុន្តែ ជន​ជាប់​ចោទ​អាន​សេចក្ដីថ្លែងការណ៍​នោះ​មិន​ទាន់​ចប់ ក៏​ត្រូវ​សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​ជំទាស់ ដោយ​លើក​ហេតុ​ថា មិន​ពាក់ព័ន្ធ​នឹង​អង្គហេតុ​ដែល​ត្រូវ​កំណត់​ពិភាក្សា​នៅ​ដំណាក់​កាល​នេះ។
ដោយ​ការ​យល់​ស្រប​តាម​ព្រះរាជ​អាជ្ញា ប្រធាន​ចៅក្រម​ជំនុំជម្រះ លោក និល ណុន បាន​សម្រេច​មិន​ឲ្យ​ជន​ជាប់​ចោទ នួន ជា បន្ត​អានសេចក្ដី​ថ្លែង​ការណ៍​របស់​គាត់​ទៀត​ទេ ដោយ​ចាប់​ផ្ដើម​សួរ​សំណួរ​ទៅ​គាត់៖ «ជា​បន្ត​សូម​ចៅក្រម ស៊ីលវៀ ខាតរ៉ាយស៍ សួរ​ជន​ជាប់​ចោទ»
បញ្ហា​នេះ​ត្រូវ​បាន​លោក ម៉ៃឃើល ផេសមិន ជំទាស់​ដាច់ខាត ដោយ​សុំ​ពិភាក្សា​ជាមួយ​កូន​ក្ដី​របស់​គាត់​សិន អំពី​ផលវិបាក​​នៃ​ការ​សម្រេច​មិន​ឱ្យ​អាន​សេចក្ដី​ថ្លែង​ការណ៍​នោះ៖ «ខ្ញុំ​គិត​ថា អង្គ​ជំនុំជម្រះ​សួរ​អ្វី​​ទាំង​ឡាយ​ណា ដែល​ខ្ញុំ​ពុំទាន់​បាន​ពិភាក្សា​ជាមួយ​កូន​ក្ដី​ខ្ញុំ​នោះ​ទេ»
ជា​ចុង​ក្រោយ លោក​ចៅក្រម និល ណុន បាន​សម្រេច​ឱ្យ​ជន​ជន​ចោទ អាន​បញ្ចប់​សេចក្ដី​ថ្លែងការណ៍​របស់​គាត់។
នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍ ជន​ជាប់​ចោទ នួន ជា បាន​លើក​​ឡើង​ដដែល​ថា សវនាការ​នេះ​មិន​បាន​​រក​អង្គហេតុ​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ទេ គឺ​គាត់​ប្រៀបធៀប​ដូច​មុន​ដែរ គឺ​គេ​កាត់​យក​តែ​ខ្លួន​ក្រពើ​មក​និយាយ​ប៉ុណ្ណោះ ឯ​ក្បាល​នឹង​កន្ទុយ​មិន​បាន​យក​មក​និយាយ​ទេ ហើយ​គាត់​បាន​លើក​សំណើសុំ​របស់​គាត់​ឱ្យ​អង្គ​ជំនុំជម្រះ​បន្ត​ធ្វើ​សវនាការ ​អំពី​ប្រវត្តិសាស្ត្រ​បក្ស​កុម្មុយនិស្ត​កម្ពុជា​ជា​បន្ត​ទៀត ដោយ​សុំ​ឱ្យ​សួរ​សាក្សី និង​អ្នក​ជំនាញ​ដែល​មេធាវី​របស់​គាត់​ស្នើសុំ​កន្លង​មក។
នួន ជា ចង់​ឱ្យ​សាលាដំបូង​ស្ដាប់​សក្ខីកម្ម​សាក្សី​នៅ​ទី​ក្រុង​ភ្នំពេញ ក្នុង​សម័យ​មុន​ឆ្នាំ ១៩៧៥។ គាត់​ចង់​ស្ដាប់​សក្ខីកម្ម​របស់​មន្ត្រី​យោធា​អាមេរិក​នៅ​ពេល​នោះ ដើម្បី​បាន​ឮ​ការ​វាយ​តម្លៃ​របស់​ពួក​គេ អំពី​ការ​ខូចខាត ដែល​បណ្ដាល​មក​ពី​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក B-52។
មិន​តែ​ប៉ុណ្ណោះ គាត់​ចង់​ស្ដាប់​ចម្លើយ​សាក្សី​ដទៃ​ទៀត ដែល​ពាក់ព័ន្ធ​ទៅ​នឹង​សកម្មភាព​នានា ដែល​កើត​មាន​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ទាំង​មូល។ ជា​ពិសេស​យុវជន​ជំនាន់​ក្រោយ ដើម្បី​ឱ្យ​យល់​ដឹង​ថា អ្វី​ដែល​ជា​អំពើ និង​មិនមែន​អំពើ​របស់​កម្ពុជា​ប្រជាធិបតេយ្យ។
បើ​ទោះ​ជា​ដូច្នេះ​ក្ដី ទី​បញ្ចប់​ជន​ជាប់​ចោទ នួន ជា នៅ​តែ​រក្សា​សិទ្ធិ​នៅ​ស្ងៀម៖ «ខ្ញុំ​សុំ​ប្រើ​សិទ្ធិ​នៅ​ស្ងៀម​របស់​ខ្ញុំ ហើយ​នឹង​ពិចារណា​ឆ្លើយ​សំណួរ​វិញ នៅ​ពេល​ណា​ខ្ញុំ​គិត​ថា​សម​ស្រប»
ជា​ការ​ឆ្លើយតប​ទៅ​នឹង​ជន​ជាប់​ចោទ លោក​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង លោក និល ណុន បាន​ប្រកាស​ថា សំណើ​មួយ​ចំនួន​របស់​ជន​ជាប់​ចោទ កន្លង​មក​អង្គ​ជំនុំជម្រះ​បាន​ឆ្លើយតប​ខ្លះៗ រួច​មក​ហើយ។
ការ​ប្រើ​សិទ្ធិ​នៅ​ស្ងៀម​របស់​ជន​ជាប់​ចោទ នួន ជា មិន​បាន​ធ្វើ​ឱ្យ​កាល​វិភាគ​របស់​អង្គ​ជំនុំជម្រះ​សម្រាប់​ធ្វើ​សវនាការ​ ផ្លាស់ប្ដូរ​ពី​ការ​សួរ​ចម្លើយ​ជន​ជាប់​ចោទ ​បាន​តាម​ផែនការ​ទេ ហើយ​ងាក​មក​ស្ដាប់​សក្ខីកម្ម​របស់​សាក្សី កាំង ហ្កេកអ៊ាវ ហៅ ឌុច វិញ នៅ​ពេល​រសៀល​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១២ នេះ។
សវនាការ​ស្ដាប់​សក្ខីកម្ម​នេះ ​បន្ត​ធ្វើ​នៅ​ថ្ងៃ​ទី​២០ ខែ​មីនា ជា​បន្ត​ទៀត។
អតីត​ប្រធាន​មន្ទីរ ស-២១ របស់​របប​ខ្មែរ​ក្រហម លោក កាំង ហ្កេក​អ៊ាវ ហៅ ឌុច ដែល​​ត្រូវ​តុលាការ​កំពូល​សម្រេច​ កាល​ពី​ខែ​កុម្ភៈ ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​នោះ​ ឥឡូវ​នេះ សាលាដំបូង​បាន​នាំ​មក​ធ្វើ​ជា​សាក្សី​ប្រឆាំង​ជន​ជាប់​ចោទ ៣​រូប គឺ​​លោក នួន ជា ខៀវ សំផន និង​ អៀង សារី។ ឌុច ត្រូវ​បាន​តុលាការ​នាំ​ចូល​មក​សវនាការ​ក្នុង​សម្លៀក​បំពាក់​​​ពណ៌ខៀវជា​​ អ្នក​ទោស។ ក៏​ប៉ុន្តែ ប្រធាន​ចៅក្រម​ជំនុំ​ជម្រះ​បាន​បង្គាប់​ទៅ​​មន្ត្រី​ពន្ធនាគារ​ថា ឌុច ​ត្រូវ​ស្លៀក​ពាក់​ស៊ីវិល​ធម្មតា នៅ​ពេល​នាំ​ខ្លួន​ចូល​មក​បំភ្លឺ​ក្នុង​សវនាការ​លើក​ក្រោយៗ​ទៀត៕
កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ ប៉ុណ្ណោះ។

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons