ថ្ងៃ ព្រហស្បតិ៍ 15 មីនា 2012
ដោយ លាង ដឺលុច
RFI
មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា និងវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីអំពីការដោះដូរ ចំណែកដីមួយនៅតាមបណ្តោយព្រំដែន។ ការចុះហត្ថលេខានេះធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃបេសកកម្មនៃការ បោះបង្គោលខណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរ។ ប្រទេសទាំងពីរបានគ្រោងបញ្ចប់ការបោះបង្គោលព្រំដែនអោយចប់នៅចុង ឆ្នាំ២០១២នេះ។

លោក វ៉ា គីមហុង ទេសរដ្ឋមន្ត្រី កម្ពុជា ទទួល បន្ទុក កិច្ចការ ព្រំដែន (© ចាន់ណា/rfi)
ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់ ស្តីពីការដោះដូរចំណែកដីនៅកន្លែងខ្លះតាមបណ្តោយព្រំដែននេះ គឺជានីតិវិធីមួយនៃការពន្លឿនកិច្ចការព្រំដែនផងដែរ នេះបើតាមការបញ្ជាក់របស់លោក វ៉ា គឹមហុង ប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃព្រហស្បតិ៍នេះ។ លោកទេសរដ្ឋមន្ត្រីពន្យល់ថា ក្រោយពីបានកំណត់ខ្សែបន្ទាត់ព្រំដែនហើយ ទើបគេឃើញថា មានភូមិរបស់កម្ពុជាខ្លះបានស្ថិតនៅខាងដីនៃប្រទេសវៀតណាម ហើយក៏មានភូមិរបស់វៀតណាមខ្លះបានស្ថិតនៅលើទឹកដីកម្ពុជាវិញដែរ។ ដូច្នេះអនុស្សារណៈយោគយល់គ្នានេះបានចែងអំពីការកាត់កងទំហំដីស្មើ គ្នាដើម្បីសងគ្នាទៅវិញទៅមក។ បើតាមការបញ្ជាក់របស់លោក វ៉ា គឹមហុង ការដោះដូរចំណែកដីនេះ មានច្រើនករណីនៅក្នុងខេត្តកំពង់ចាម ខេត្តស្វាយរៀង និងខេត្តតាកែវ។
កម្ពុជានិងវៀតណាមមានព្រំដែនគោករួមប្រវែង១២៧០គីឡូម៉ែត្រ ដែលត្រូវការបោះបង្គោលព្រំដែនចំនួន៣១៤បង្គោល។ បង្គោលទីមួយត្រូវបានសម្ពោធជាផ្លូវការដោយនាយករដ្ឋមន្ត្រីនៃ ប្រទេសទាំងពីរកាលពីខែកញ្ញាឆ្នាំ២០០៦។ រហូតដល់ពេលនេះ ប្រទេសទាំងពីរបានបោះបង្គោលព្រំដែនបានប្រមាណ២៣០បង្គោលហើយ។ រដ្ឋាភិបាលហាណូយនិងភ្នំពេញបានសន្យាបញ្ចប់ការបោះបង្គោលព្រំដែនអោយ ចប់នៅចុងឆ្នាំ២០១២នេះ។ ប៉ុន្តែលោកទេសរដ្ឋមន្ត្រី វ៉ា គីមហុង បានអះអាងថា នៅមានតំបន់ខ្លះដែលជួបបញ្ហាស្មុគស្មាញទាំងផ្នែកច្បាប់ និងបច្ចេកទេស។ កន្លងមកយ៉ាងហោចណាស់មានតំបន់ដែលត្រូវបោះបង្គោលចំនួន១៥កន្លែងដែរ ដែលបានរាំងស្ទះ ដោយសារតែភាពស្មុគស្មាញទាំងនេះ៕

