

ថ្ងៃទី 24 ខែមីនា ឆ្នាំ2012, ម៉ោង 09:04 AM សុភ័ណ្ឌ
ខេត្តកំពង់ចាមៈ បុគ្គលិកបម្រើការងារក្នុងកាស៊ីណូហេង ហេង មានទីតាំងស្ថិតនៅភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ម្នាក់បានរងរបួសធ្លាយពោះ និងម្នាក់ទៀតជាអ្នកចាក់ ត្រូវចាប់ខ្លួន ដោយសាររឿងជម្លោះបាត់មេម៉ូរីទូរស័ព្ទ ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ មីនា នៅក្នុងបន្ទប់ជាន់ក្រោមរបស់កាស៊ីណូ ។
លោកវរសេនីយ៍ត្រីប្រាក់ ប៊ុនណុន អធិការនគរបាលស្រុកពញាក្រែកបានឲ្យដឹងថា ជនរងគ្រោះឈ្មោះពោះ វិច្ឆិកា ភេទប្រុស អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ត្រូវគេចាក់ចំ២កន្លែងនៅចុងដង្ហើម បណ្តាលឲ្យធ្លាយក្រពះ សួត និងមុតថ្លើម ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ។ ចំណែកជនដៃដល់ឈ្មោះឆន ថន ភេទប្រុស អាយុ១៩ឆ្នាំ មានស្រុកកំណើតភូមិមេមល់ ឃុំមេសប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ជាបុគ្គលិកផ្នែករត់តុ ជាមួយជនរងគ្រោះ និងស្នាក់នៅបន្ទប់ជាមួយគ្នា ។
ក្រោយពេលចាប់ខ្លួនជនសង្ស័យបានសារភាពថា មុនពេលកើតហេតុជនរងគ្រោះបានបាត់មេម៉ូរីទូរស័ព្ទ ហើយក៏ចោទមកលើខ្លួន ថាជាអ្នកលួច និងបានជេរប្រមាថខ្លួនទៀតផង ។ ដោយខឹងពេក ខ្លួនក៏យកកូនកាំបិតកន្ត្រៃកាត់ក្រចក ចាក់មកលើជនរងគ្រោះចំចុងដង្ហើមចំនួន២កន្លែង ធ្វើឲ្យប្រកាច់នៅក្នុងថ្លុកឈាម ។ ឃើញដូច្នេះខ្លួនបម្រុងរត់ដែរ តែត្រូវសន្តិសុខយាមកាស៊ីណូចាប់ជាប់ ។
ជនសង្ស័យឈ្មោះឆន ថន ត្រូវសមត្ថកិច្ចឃុំខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីបំពេញសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ចំណែកជនរងគ្រោះកំពុងសន្លប់នៅក្នុងមន្ទីរពេទ្យខេត្ត ៕