ដោយ ៖ គឹម សុខជា
ថ្ងៃទី 22-03-2012 ម៉ោង 14:20:23 ខេត្ដបាត់ដំបង ៖ ដីកាសម្រេចរក្សា ការពាររបស់តុលាការខេត្ដបាត់ដំបង ប្រគល់សិទ្ធិជាម្ចាស់ដល់ឧកញ៉ាដែលគ្មាន ដីត្រូវបានពលរដ្ឋចំនួន២៥០នាក់មកពី ស្រុកបវេល ខេត្ដបាត់ដំបង និងស្រុកម៉ា ឡៃ ខេត្ដបន្ទាយមានជ័យ នាំគ្នាតវ៉ាសុំ អន្ដរាគមន៏ពីអាជ្ញាធរខេត្ដបាត់ដំបង ប្រឆាំងតបនឹងដីកានេះដែលធ្វើឱ្យពួក គាត់បាត់បង់ដីធ្លីដែលកំពុងកាន់កាប់ អាស្រ័យផលរាល់ថ្ងៃ ។
ការលើកគ្នាតវ៉ាសុំអន្ដរាគមន៍ពី សាលាខេត្ដបាត់ដំបងនេះបានធ្វើឡើងកាល ពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១២ នៅ ក្រោមដើមពោធិ៍ព្រឹក្សនាគបាញ់ទឹកស្ថិត ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង-ខេត្ដ បាត់ដំបង ។
លោក ឈឿន ឆាន តំណាងពលរដ្ឋ មកពីខេត្ដបន្ទាយមានជ័យបាននិយាយ ថា ពលរដ្ឋដែលកាន់កាប់ដីធ្លីអាស្រ័យផល រាល់ថ្ងៃមកពីភូមិប្រាសាទរាងខេត្ដបន្ទាយ មានជ័យមានចំនួន១៨១គ្រួសារ ហើយ ក្នុងមួយគ្រួសារៗខ្លះមានពីមួយឡូទៅ ដល់៤ហិកតាដែលពួកគាត់បានកាប់ឆ្ការ ព្រៃតាំងពីឆ្នាំ២០០៤មកម្ល៉េះ ។
លោក ឈឿន ឆាន បានបញ្ជាក់ថា ពួកគាត់ចូលទៅកាប់ឆ្ការព្រៃកាលណោះគឺដោយសារខេត្ដបាត់ដំបង និងខេត្ដ បន្ទាយមានជ័យចេញសេចក្ដីសម្រេច ដកហូតដីពីលោកឧកញ៉ា សង ថន និង លោក ទន់ ប៊ុនធឿន ព្រមទាំងលោក ប៉ែន កិ មានទីតាំងនៅអូរប្រាសាទរាង ភូមិខ្ជាយ ឃុំតាគង់ ស្រុកម៉ាឡៃខេត្ដ បន្ទាយមានជ័យដែលមានដីកាលេខ ១៩៥ដក.ខបជ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០៦ ចុះហត្ថលេខាដោយលោក អន ស៊ុំ អភិបាលខេត្ដបន្ទាយមានជ័យ និងដីកាប្រកាសបដិសេធ ព្រមទាំង សម្រេចដកហូតដីព្រៃឈើគ្រប់ប្រភេទ របស់អាជ្ញាធរខេត្ដបាត់ដំបងលេខ១៨១ ដកអនគ ចុះថ្ងៃទី១៩ ខែធ្នួ ឆ្នាំ២០០៦ មាន ហត្ថលេខាលោកប្រាជ្ញ ច័ន្ទ អភិបាលខេត្ដ បាត់ដំបង ។
លោក ឈុត ម៉ៅ តំណាងពលរដ្ឋមក ពីខេត្ដបាត់ដំបងបញ្ជាក់ពីគោលបំណងតវ៉ាថា ពួកគាត់នាំគ្នាមកតវ៉ានេះគឺដើម្បី សុំអន្ដរាគមន៍ពីអាជ្ញាធរខេត្ដបាត់ដំបង ឱ្យជួយដល់ពួកគាត់ប្រឆាំងទៅ នឹងដីកា សម្រេចរក្សាការពារលេខ ២៥-២៦ និង ២៧ពសតរវ ចុះថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ ២០១២របស់លោក សាអឿន កោសល្យ មុនី ចៅក្រមសាលាដំបូងខេត្ដបាត់ដំបង។ តំណាងរួបនេះបន្ថែមថា កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១២ ចៅក្រមបានចេញ ដីកាសម្រេចរក្សាការពារចំនួន៣ច្បាប់ទាក់ទងឈ្មោះ ឈុត ម៉ៅ ភេទប្រុស អាយុ ៦៧ឆ្នាំមានទីលំនៅភូមិក្រពើ៤០ ឃុំល្វា ស្រុកបវេល ខេត្ដបាត់ដំបង ឈ្មោះ ឈឿន ឆាន ភេទប្រុស អាយុ៤៧ឆ្នាំមាន ទីលំនៅភូមិប្រាសាទរាង ឃុំតាគង់ ស្រុក ម៉ាឡៃ ខេត្ដបន្ទាយមានជ័យ ដោយ សម្រេចប្រគល់ដីឱ្យទៅលោក ទុន ប៊ុន ធឿន ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំ នៅភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង លោកឧកញ៉ា សង ថន ភេទប្រុស អាយុ៦២ឆ្នាំ មានទីលំនៅភូមិ បែកចានថ្មី សង្កាត់ព្រែកព្រះស្ដេច ក្រុង បាត់ដំបង និងលោក ឃុន តែស៊ី ភេទ ប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិ កម្មករសង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ដោយឱ្យឈ្មោះ ប៉ែន កិ ជាតំណាងទទួល សិទ្ធិជាម្ចាស់បំណុលលើដីទំហំ១៥០ហិកតាមានទីតាំងនៅភូមិក្រពើ៤០ ឃុំល្វា ស្រុកបវេល ខេត្ដបាត់ដំបង ។
តំណាង ពលរដ្ឋបានបញ្ជាក់ថា ការពិតតុលាការ ចេញដីកានេះបានធ្វើឱ្យប៉ះពាល់ដល់ដីធ្លីរបស់ពួកយើងខ្ញុំទាំងអស់ គ្នា ដែលកំពុង តែរស់នៅ និងបង្កបង្កើនផលលើដីរៀងៗ ខ្លួនមានជាង៧៤៤ហិកតា (ក្នុងនោះនៅ ស្រុកបវេល ខេត្ដបាត់ដំបង មានផ្ទៃដី ៥៦៣ហិកតា និងនៅភូមិប្រាសាទរាង ឃុំតាគង់ ស្រុកម៉ាឡៃជិត២០០ហិកតា)។ ពលរដ្ឋបាននិយាយថា ដីដែលពួកគាត់ ទាំងអស់គ្នាកំពុងតែរស់នៅ គឺមិនមែន ជាដីរបស់ឧកញ៉ា សង ថន ឈ្មោះ ទុន ប៊ុន ធឿន, ឈ្មោះ ឃុន តែស៊ី តំណាងឱ្យឈ្មោះ ប៉ែន កិ ទេ ព្រោះដីទាំង នេះត្រូវអាជ្ញាធរខេត្ដបាត់ដំបង និងខេត្ដ បន្ទាយមានជ័យ ចេញដីកាសម្រេចដក ហូតកាលពីឆ្នាំ២០០៦អស់ទៅហើយ។ ហេតុនេះពួកយើងខ្ញុំទាំងអស់គ្នាមកតវ៉ាសុំអន្ដរាគមន៍ពីសាលាខេត្ដ បាត់ដំបង ប្រឆាំងទៅនឹងដីកាសម្រេចរក្សាការពាររបស់តុលាការខេត្ដបាត់ដំបង ដែលបាន ប្រគល់សិទ្ធិឱ្យលោកឧកញ៉ាទាំងនេះកាន់កាប់ជាម្ចាស់បំណុលស្អីនោះ ធ្វើឱ្យបាត់ បង់ដីធ្លីពួកយើងខ្ញុំទាំងស្រុង ៕
