ថ្ងៃទី 10-03-2012 ម៉ោង 10:34:28
មិនខុសពី ប្រទេសជាច្រើននៅលើពិភពលោក កម្ពុជាក៏បានរៀបចំប្រារឰ ខួបលើកទី១០១ ទិវាសិទ្ធិនារីអន្ដរជាតិ ៨មីនា នៅថ្ងៃទី ៨ ខែមីនា ឆ្នាំ២០១២នេះ ក្រោមប្រធានបទ “អ្នកម្ដាយដ៏ឆ្នើមរបស់ខ្ញុំ”។ ការជ្រើសរើសយកប្រធានបទនេះ នៅក្នុងបរិបទកម្ពុជានាសព្វថ្ងៃនេះ ត្រូវបានរដ្ឋមន្ដ្រីក្រសួងកិច្ចការនារីពន្យល់ថា ជាការលើកតម្កើងសិទ្ធិស្ដ្រី និងសិលធម៌ ការគោរពចំពោះស្ដ្រីជាដើម។
ក្នុងរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា ស្ដ្រីបានហក់ចូលប្រឡូកក្នុង ឆាកនយោបាយច្រើននិងបានទទួលតួនាទីសំខាន់ៗ ទាំងនៅក្នុងជួរដ្ឋាភិបាល រដ្ឋ សភា រួមទាំងតួនាទីនៅថ្នាក់ខេត្ដ-ស្រុក-ខ័ណ្ឌជាដើម។ នេះបើតាមការបញ្ជាក់ពី លោកស្រីអ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី ។ លោកស្រីបានថ្លែងថា ស្ដ្រីនៅក្នុងឆាកនយោបាយខ្មែរនឹងកើនឡើងថែមទៀត បន្ទាប់ពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខនេះ។
ទិវាសិទ្ធិនារីអន្ដរជាតិលើកទី ១០១ត្រូវបានប្រារឰធ្វើឡើងយ៉ាងទូលំទូលាយនៅ ទូទាំងប្រទេសកម្ពុជាកាលពីថ្ងៃទី ៨ មីនា។ ព្រឹត្ដិការណ៍នេះសបញ្ជាក់ ឱ្យឃើញថា កម្ពុជាជាប្រទេសដែលចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកស្ទួយសិទ្ធិ សេរី ភាពរបស់ស្ដ្រី។ ជាលទ្ធផលជាក់ស្ដែងស្ដ្រីខ្មែរបានទទួលសេរីភាពច្រើនជាងមុន នៅក្នុងគ្រប់សកម្មភាពរាប់ទាំងនយោបាយ សេដ្ឋកិច្ចនិងសង្គមកិច្ច។ ប៉ុន្ដែចលនា លើកស្ទួយស្ដ្រីពេលខ្លះជួបនឹងភាពប្រទាំងប្រទើស ដោយសារតែកង្វះនៃភាព ទន់ភ្លន់ក្នុងការសម្របទៅតាមប្រពៃណីទំនាមទម្លាប់របស់ជាតិ ដែលស្ដ្រីមាន ភារកិច្ចជាមេផ្ទះមិនអាចកាត់ផ្ដាច់បាន។ ស្ដ្រីខ្មែរបច្ចុប្បន្នបានស្គាល់ការផ្លាស់ប្ដូរ មួយគួរឱ្យកត់សម្គាល់បើធៀបទៅនឹងប្រពៃណីបែបបុរាណ។ ស្ដ្រីខ្មែរដែលកាលពី មុនធ្លាប់តែតោងកន្ទុយក្បិនឪពុកម្ដាយ និងរស់ក្រោមឥទ្ធិពលរបស់ស្វាមី ឥឡូវ នេះបានបង្ហាញវត្ដមាននៅគ្រប់សកម្មភាពសង្គម និងនយោបាយចាប់តាំងពី ថ្នាក់កំពូលរហូតដល់ថ្នាក់មូលដ្ឋាន។ មានយុវតីខ្លះបានប្រើប្រាស់សិទ្ធិហួសហេតុ គ្មានព្រំដែនទៀតផងក៏មាន ។
ជាការពិតណាស់រយៈពេលចុងក្រោយ នេះ ចលនាលើកស្ទួយសិទ្ធិស្ដ្រីក្នុងសង្គម ខ្មែរបានទទួលផលគួរឱ្យកត់សម្គាល់។ ស្ដ្រីខ្មែរកាន់តែច្រើនឡើងបានចូលរួមយ៉ាង សកម្មក្នុងជីវភាព គ្រួសារ សង្គម សេដ្ឋកិច្ច និងនយោបាយ។ មានស្ដ្រីខ្មែរកាន់តែ ច្រើនឡើងកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងឆាកនយោបាយនិងសង្គម។
ជាក់ស្ដែង ស្ដ្រីកំពុងកាន់កាប់តំណែងសំខាន់ៗនៅក្នុងព្រឹទ្ធសភា រដ្ឋសភា និង រដ្ឋាភិបាលរហូតដល់សង្គមស៊ីវិល។ ម្យ៉ាងទៀត ការងារមួយចំនួនដែលពីមុននេះ សង្គមខ្មែរចាត់ទុកថាជាការងាររបស់បុរស ឥឡូវនេះក៏មានវត្ដមានរបស់ស្ដ្រីក្នុង នោះដែរជាក់ស្ដែងការងារជាអ្នកកាសែត ភ្នាក់ងារសន្ដិសុខឯកជនឬក៏ប៉ូលិស ។ល។ និង។ល។ ទាំងនេះគឺជាលទ្ធផលនៃការលើកស្ទួយស្ដ្រីពីសំណាក់សង្គមខ្មែរ ទាំងមូលរាប់ចាប់តាំងពីឆន្ទៈនយោបាយរបស់អ្នកដឹកនាំប្រទេស អង្គការសង្គម ស៊ីវិលរហូតដល់ប្រជាពលរដ្ឋជាទូទៅ។ ប៉ុន្ដែមានចំណុចអវិជ្ជមានមួយចំនួន ក៏បានផុសឡើងដែរនៅក្នុងចលនាលើកស្ទួយសមភាពរវាងបុរសនិងស្ដ្រីឬ គេ ហៅថាសមភាព Gender។
បញ្ហានៅត្រង់ថា គេមិនអាចចម្លងទាំងស្រុងស្ថានភាពសិទ្ធិស្ដ្រីនៅក្នុងបណ្ដា ប្រទេសជឿនលឿននៃលោកខាងលិចមកអនុវត្ដនៅកម្ពុជាបានទេ។ មិនបានដោយ ហេតុថា ស្ដ្រីនៅអាស៊ីជាពិសេសស្ដ្រីខ្មែរតែម្ដងមានទំនាមទម្លាប់ប្រពៃណី ខុស ពីស្ដ្រីអឺរ៉ុបឬអាមេរិក។ ការស្រមៃចង់ឃើញស្ដ្រីខ្មែរធ្វើដូចស្ដ្រីនៅបស្ចឹមប្រទេស គឺជាការយល់ច្រឡំមួយ។
ប្រហែលជាដោយសារការយល់ច្រឡំនេះហើយ បានជាស្ដ្រីខ្មែរខ្លះ ជាពិសេស យុវតីតែម្ដងបានប្រព្រឹត្ដអំពើមិនគួរគប្បីមួយចំនួនជាពិសេសនៅ ក្នុងទំនាក់ទំនង ស្នេហាតែម្ដង។ ពួកគេលែងខ្មាសអៀនហើយបាននិងកំពុងឈ្លក់វក់វីនឹងភាព ស្រើបស្រាលនានា ដែលជាឥទ្ធិពលពីបរទេស។ ស្ដ្រីឬយុវវ័យខ្លះទៀត នៅពេល និយាយពីសិទ្ធិស្មើគ្នារវាងបុរសនិងស្ដ្រី ពួកគេបែរជាបំភ្លេចចោលទាំងស្រុងនូវ ការងារចង្ក្រានជើងឆ្នាំង ហើយផ្ដើមសម្ដែងអាកប្បកិរិយាប្លែកៗដោយលែងចេះ ជួយធ្វើការងារផ្ទះអ្វីទាំងអស់។ នេះជាអាកប្បកិរិយារបស់យុវវ័យសម័យថ្មី។ ម្យ៉ាង ទៀត អ្វីដែលគេមិនត្រូវភ្លេចដែរនោះគឺ និន្នាការបែបនេះក៏មិនមែនកើតមាន តែចំពោះយុវវ័យស្រករ ក្រោយនោះទេ តែក៏មានដែរស្ដ្រីជាម្ដាយទាំងឡាយ។
នៅពេលដែលស្ដ្រីខ្មែរកាន់តែ ច្រើនឡើងកំពុងលេចមុខមាត់ក្នុងសង្គម និងកំពុងរវល់នឹងការងារផ្សេងៗនោះ ពួកគេប្រាកដជាគ្មានពេលវេលាសម្រាប់ កិច្ចការផ្ទះឡើយ។ ដូច្នេះពួកគេបាននិងកំពុងប្រើប្រាស់កម្លាំងស្ដ្រីជាច្រើនទៀត ឱ្យមក ជំនួសការងាររបស់ខ្លួននៅក្នុងផ្ទះ។ អ្នកដាំស្លអ្នកបោសសម្អាតអ្នកមើល កូនគឺសុទ្ធតែជាស្ដ្រីតែដដែល។ នេះមានន័យថា នៅពេលដែលស្ដ្រីជាច្រើនអះអាង ថាបានរំដោះខ្លួនចេញពីស្ថានភាព “បង្វិលចង្ក្រានមិនជុំ” តែពួកគេបែរជារុញ ច្រានស្ដ្រីជាច្រើនឱ្យធ្លាក់ក្នុងស្ថានភាព “បង្វិលចង្ក្រានមិនជុំ”ជំនួសខ្លួនឯងទៅវិញ។
សរុបមកវិញ ដើម្បីឱ្យការលើកស្ទួយសិទ្ធិស្ដ្រីដំណើរការទៅប្រកបដោយ ផ្លែផ្កានិងបានជាប្រយោជន៍សង្គមផង ស្ដ្រីនិងបុរសត្រូវតែមានសិទ្ធិស្មើគ្នា។ ស្មើគ្នាក្នុងសង្គមខ្មែរគឺចង់សំដៅថា គ្មានភាគីណាមួយធ្វើបាបទោះផ្លូវកាយក្ដីផ្លូវ ចិត្ដក្ដីទៅលើភាគីណាមួយទៀតឡើយ។ និយាយតាមបែបផ្សេង ស្ដ្រីនិងបុរសគឺជា ដៃគូស្មើដៃគ្នាក្នុងគ្រប់កិច្ចការ។ ប៉ុន្ដែជាទូទៅស្ដ្រីខ្មែរត្រូវគេមើលឃើញថា មិន អាចកាត់ផ្ដាច់ពីការងារផ្ទះសម្បែងបានឡើយ៕

