- Wednesday, 21 March 2012 08:25

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចាប់ដៃជាមួយប្រធានាធិបតីចិន ហ៊ូ ជីនតាវ
ក្នុងដំណើរទស្សនកិច្ចកាលពីខែសីហា ២០១១
សេចក្តីជូនព័ត៌មាន ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១២ បង្ហាញថា លោក ហ៊ូ ជីនតាវ នឹងចូលបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងជួបសម្តេចអគ្គមហាធម្មពោធិសាល ជាស៊ីម ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។ សេចក្តីជូនព័ត៌មានដដែល ក៏បានលើកឡើងថា ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា លោក ហ៊ូ ជីនតាវ និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន ហើយបន្ទាប់មក នឹងមានចេញសេចក្តីថ្លែងការណ៍រួមមួយ នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចនេះ។
លោក ហ៊ូ ជីនតាវ និងភរិយា នឹងអញ្ជើញទៅទស្សនាប្រាសាទអង្គរ នៅខេត្តសៀមរាប ផងដែរ។
ជាការកត់សម្គាល់ ដំណើរទស្សនកិច្ចរបស់លោក ហ៊ូ ជីនតាវ នៅកម្ពុជា នាចុងខែមីនានេះ ធ្វើឡើងចំពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី២០ ចាប់ពីថ្ងៃទី៣០មីនា ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១២។ កិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងមានរបៀបវារៈស្តីពីជម្លោះនៅសមុទ្រចិនភាគខាងត្បូង រវាងប្រទេសចិន និងបណ្តាប្រទេសជាសមាជិកអាស៊ាន រួមមាន វៀតណាម ប្រ៊ុយណេ ហ្វីលីពីន និងម៉ាឡេស៊ី។
ក្នុងព្រឹត្តិការណ៍ដោយឡែកមួយផ្សេងទៀតនោះ

សេចក្តីប្រកាសលើកឡើងថា នៅក្នុងសតវត្សរ៍នៃសាកលភាវូបនីយកម្ម ដែលមានអត្រាយ៉ាងលឿន ការអភិវឌ្ឍន៍សេដ្ឋកិច្ច បានក្លាយទៅជាផ្នែកមួយ ដែលមានសារៈសំខាន់ សំរាប់ផលប្រយោជន៍ជាតិនៃបណ្តាប្រទេសទាំងនោះ។ បណ្តាប្រទេសនៅអាស៊ី ជាពិសេសប្រទេសនៅក្នុងតំបន់អាស៊ាន ដែលត្រូវបានឈានដល់ចំនុចកំពូលនៃដំណើរការអភិវឌ្ឍសេដ្ឋកិច្ចរបស់ ពួកគេ។
សេចក្តីប្រកាសលើកឡើងថា ស្ថិតក្រោមកាលៈទេសៈបែបនេះ អំណាចសមុទ្រ Sea Power ដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងដឹកនាំបណ្តាប្រទេសនៅក្នុងតំបន់ ដើម្បីជំរុញនូវផលប្រយោជន៍ប្រកួតប្រជែងរបស់គេ ពាសពេញរដ្ឋអធិបតេយ្យភាពនៃតំបន់សមុទ្រ។
សេចក្តីប្រកាសដដែល លើកឡើងថា បច្ចុប្បន្ន ជម្លោះសមុទ្រចិនខាត្បូង គឺជាជម្លោះដ៏ចម្បងមួយ ក្នុងអាស៊ាន ដែលមានសក្តានុភាពធ្វើអោយផ្ទុះរាលដាល នៅអាស៊ី។ ហេតុដូច្នេះ ការបង្កើតសន្តិភាព និងយន្តការដោះស្រាយជម្លោះផ្សេងៗនៅទីកន្លែង នឹងជាការពិតណាស់ការចែករំលែក ដើម្បីដល់ការព្រមព្រៀងមួយលើជម្លោះនោះ។ ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាជម្លោះសមុទ្រចិនខាងត្បូង វាគឺជាបញ្ហាតំបន់ ដែលបានក្លាយទៅជាចំនុចដ៏ក្តៅគគុកជាសកល ហើយទីភ្នាក់ងារអន្តរជាតិជាច្រើន កំពុងតែវាយតំលៃលើតំបន់សមុទ្រចិនខាងត្បូងថា ជាចំនុចជះពន្លឺជាសកល។
សេចក្តីប្រកាសលើកឡើងថា ចាប់តាំងពីសតវត្សរ៍ទី១៩ កិច្ចខំប្រឹងប្រែងដែលបានធ្វើដោយបណ្តាប្រទេសក្នុងតំបន់ ដើម្បីអោយស្ថានភាពមានស្ថិរភាព ហើយកិច្ចប្រឹងប្រែងទាំងនោះ បានផ្តល់លទ្ធផលនៅក្នុងសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពី សមុទ្រចិនខាងត្បូងនៅឆ្នាំ១៩៩២ ក្រោយមក សេចក្តីថ្លែងការណ៍ អាស៊ាន-ចិន ស្តីពី ការដឹកនាំនៃបណ្តាភាគីនៅសមុទ្រចិនខាងត្បូង DOC នៅឆ្នាំ២០០២ ក្នុងពេលកម្ពុជា ជាប្រធានអាស៊ានលើកដំបូង។ DOC គឺជាជំហានដំបូង ដើម្បីឆ្ពោះទៅបង្កើត COC នៅសមុទ្រចិនខាងត្បូង ដែលស្ថិតក្រោមការពិភាក្សាអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។
សេចក្តីប្រកាសលើកឡើងថា DOC ត្រូវបានអនុម័តដំបូងនៅឆ្នាំ២០០២ នាទីក្រុងភ្នំពេញ ហើយមកទល់ពេលនេះ មានរយៈពេល ១០ ឆ្នាំកន្លងមក នៅពេលប្រទេសកម្ពុជា បានបោះជំហានទៅក្នុងតួនាទីជាអ្នកប្តូរវេនដឹកនាំអាំស៊ាន។ មួយវិញទៀត អាចជាក្តីសង្ឃឹមដើម្បីទទួលបានការខិតជិតមកដល់យ៉ាងរឹងមាំ ក្នុងការឆ្ពោះទៅរកដំណោះស្រាយនៅសមុទ្រចិនខាងត្បូង។
សេចក្តីប្រកាសលើកឡើងថា ក្នុងខណៈពេលនេះ មជ្ឈមណ្ឌលសំរាប់សិក្សាយុទ្ធសាស្ត្រអាស៊ី-ឥណ្ឌា រួមជាមួយវិទ្យាស្ថានខ្មែរសំរាប់សហប្រតិបត្តិការ និងសន្តិភាព នឹងរៀបចំសន្និសីទមួយ ស្តីពី អាស៊ាន និងគំរប់ខួបលើកទី១០ នៃសេចក្តីថ្លែងការណ៍រួមស្តីពីដំណើរការរបស់បណ្តាភាគីនៅសមុទ្រចិន ខាងត្បូង”។
សេចក្តីប្រកាសព័ត៌មាន បានលើកឡើងថា សន្និសីទនេះ នឹងផ្តោតសំខាន់លើសារៈសំខាន់ នៃការអនុម័តនៃ COC នៅសមុទ្រចិនខាងត្បូងដែលនឹងលើកកម្ពស់នូវសន្តិភាព ស្ថិរភាពបន្ថែមទៀតនៅក្នុងតំបន់។
សន្និសីទនេះមានរយៈពេលមួយ ថ្ងៃ ចែកចេញជាសម័យប្រជុំពីរ ដែលមាន លោក A B Mahapatra ប្រធានមជ្ឈមណ្ឌលសំរាប់សិក្សាយុទ្ធសាស្ត្រអាស៊ី-ឥណ្ឌា នឹងមកថ្លែងសុន្ទករថាស្វាគមន៍ និងសម្តេច នរោត្តម សិរិវុឌ្ឍ ព្រះប្រធាន ក្រុមប្រឹក្សាភិបាល និងជាព្រះស្ថាបនិកវិទ្យាស្ថានខ្មែរសំរាប់សហប្រតិបត្តិការ និងសន្តិភាព នឹងមកថ្លែងសុន្ទករថាបើក។ សន្និសីទនេះ ប្រារព្ធឡើងក្រោមអធិបតីភាពលោកបណ្ឌិត កៅ គឹមហួន ទីប្រឹក្សាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
សេចក្តីប្រកាសលើកឡើងថា វាគ្មិនកិត្តិយសនៃអង្គសន្និសីទនេះ នឹងធ្វើការពិភាក្សាលើប្រធានបទ ដូចជាៈ សារៈសំខាន់ជាយុទ្ធសាស្ត្រនៃសមុទ្រចិនខាងត្បូង ជាច្រកទំនាក់ទំនងពាណិជ្ជកម្ម និងជំនួញអាស៊ី សារៈសំខាន់សេចក្តីសំរេចរបស់ DOC នៅឆ្នាំ ២០០២ រវាងអាស៊ាន និងប្រទេសចិន សារៈសំខាន់នៃសាមគ្គីភាពអាស៊ាន និងដំណោះស្រាយគោលនយោបាយចំពោះជម្លោះសមុទ្រចិនខាងត្បូង។
ជាមួយគ្នានោះ សន្និសីទក៏មានលើកឡើងពីតួនាទីរបស់ច្បាប់អន្តរជាតិ រួមបញ្ចូល UNCLOS ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងអភិវឌ្ឍនៅសមុទ្រចិនខាងត្បូង ការលើកកម្ពស់គោលការណ៍ចំពោះការអនុវត្តន៍ DOC ដំណោះស្រាយជម្លោះតាមរយៈមេរៀន និងគំនិតថ្មីៗសំរាប់ជម្លោះសមុទ្រ ចិនខាងត្បូង។
សេចក្តីប្រកាសលើកឡើងថា លោក A B Mahapatra ប្រធានមជ្ឈមណ្ឌលសំរាប់សិក្សាយុទ្ធសាស្ត្រ អាស៊ី-ឥណ្ឌា បានមានប្រសាសន៍ជាត្រួសៗថា សន្និសីទនឹងអាចទទួលបាននូវគំនិតថ្មីៗ និងវាយតម្លៃជម្រើសផ្សេងៗ ដើម្បីធ្វើការដោះស្រាយឡើងវិញ ដូចជា ភាពស្មុគស្មាញ ជម្លោះដែនសមុទ្រនៃសម័យកាលយើង។ ក្នុងពេលជាមួយគ្នានេះដែរ ជម្លោះសមុទ្រចិនខាងត្បូង អាចបង្ហាញជាការប្រឈមដ៏ខ្លាំងមួយ ចំពោះការងារការទូតអាស៊ាន តើ DOC អាចផ្លាស់ប្តូរទៅក្នុង COC ពេញលេញមានប្រសិទ្ធិភាពយ៉ាងដូចម្តេច?
សេចក្តីប្រកាសលើកឡើងថា គោលបំណងនៃសន្និសីទនេះ គឺជាការខិតខំប្រឹងប្រែងរបស់បញ្ញាវន្ត ដែលបានរួមគ្នាចែករំលែកនូវដំណោះស្រាយ អោយបានមុនបញ្ហានៅសមុទ្រចិនខាងត្បូង និងស្វែងរកមធ្យោបាយថ្មីទៀត ក្នុងគោលបំណងស្វែងរកលទ្ធភាពគំនិតថ្មី ជាវិធីសាស្ត្រ ប្រកបដោយសន្តិវិធី។
ជាការកត់សំគាល់ សន្និសីទអន្តរជាតិនេះ គឺជាព្រឹត្តិការណ៍អន្តរជាតិមួយ ដែលវាគ្មិនកម្ពុជា និងបរទេសចូលរួម ផ្តោតសំខាន់លើការផ្លាស់ប្តូរគំនិត ដើម្បីស្វែងរកយន្តការដោះស្រាយថ្មីៗ ក្នុងការដោះស្រាយជម្លោះសមុទ្រចិនខាងត្បូង។
ក៏ប៉ុន្តែ តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសរួចហើយនៅពេលនេះ គឺចិនមិនចង់ឲ្យកិច្ចប្រជុំកំពូលអាស៊ាន និយាយពីជម្លោះសមុទ្រចិនខាងត្បូងឡើយ។
ចិនចង់ដោះស្រាយបញ្ហាជម្លោះដែនកោះនោះ ជាមួយបណ្តាប្រទេសជិតខាងរបស់ខ្លួន នៅក្រៅកិច្ចប្រជុំជាលក្ខណៈអន្តរជាតិ។
បញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូង គឺជូនមូលបទប្រឈមសំខាន់មួយ ចំពោះកម្ពុជាយើង ក្នុងនាមជាប្រធានអាស៊ានសំរាប់ឆ្នាំ២០១២ នេះ៕