| Thursday, 15 March 2012 02:23 |
សំឡេងក្មេងយំអឹងង៉ាៗចេញពីខ្ទម តូចមួយសង់នៅជាប់នឹងជើងភ្នំ ដែលមានដើមស្វាយ និង ដើមឈើ ដទៃ ទៀតដុះដាំព័ទ្ធមានម្លប់ត្រឈឹង ត្រឈៃដាច់ពីគេឯង ។ អ្នកភូមិ ដែលរស់នៅទីនោះមានការងឿង ឆ្ងល់ថា ហេតុអ្វី បានជាផ្ទះនេះមានសំឡេងក្មេងយំដូចនេះ ? កាលពីមុនមកគេពុំដែលបានដឹងថាផ្ទះនេះអ្នកណា សម្រាលកូនឡើយ ។ ចម្ងល់របស់អ្នកភូមិបានធ្វើឱ្យពួកគេនាំគ្នាស្កាត់ទៅផ្ទះនោះដើម្បីសួរនាំពីរឿងនោះ ។![]() ក្រោយពីអ្នកទាំងអស់គ្នាបានដឹងនូវរឿងរ៉ាវដ៏គួរឱ្យជូរចត់នៃគ្រួសារនោះហើយ ម្នាក់ៗសុទ្ធតែមានក្តីអាណិត អាសូរដល់គ្រួសារនេះគ្រប់ៗគ្នា ក៏ព្រោះតែកូនស្រីនៃគ្រួសារមួយនេះបានធ្លាក់ខ្លួនជាទាសករនៅប្រទេសម៉ាឡេស៊ី រហូតគេចាប់រំលោភមានកូនប្រុសម្នាក់ទៀតផង ។ នៅចំពោះមុខអ្នកយកព័ត៌មានយើង នាង សោភា (ឈ្មោះអ្នកនិពន្ធដាក់ ឱ្យ) បានរៀបរាប់នូវទុក្ខសោក និង ភាពល្វីងជូរចត់នៅពេលនាងបានទៅធ្វើការ ជាកម្មការិនីបម្រើការងារនៅតាមផ្ទះជាមួយក្រុមហ៊ុនមួយថា “ដោយសារតែក្រុម គ្រួសាររបស់ខ្ញុំមានជីវភាពក្រីក្រពេក ខ្ញុំក៏សម្រេចចិត្តសុំឪពុកម្តាយទៅធ្វើការនៅប្រ- ទេសម៉ាឡេស៊ី ។ ខ្ញុំរស់នៅស្រុកទូកមាស ខេត្តកំពត ដោយភាពក្រីក្រ នាងខ្ញុំបានរៀន ត្រឹមថ្នាក់ទី ២ ប៉ុណ្ណោះ កាលពីពីរឆ្នាំមុនខ្ញុំបានសម្រេចចិត្តទៅធ្វើការ នៅប្រទេសម៉ាឡេស៊ី ក្រែងបានប្រាក់ជួយឪពុកម្តាយខ្លះ ។ ការចាក ចេញរបស់ខ្ញុំមិនគ្រាន់តែមិនបានជួយសម្រាលជីវភាពឪពុកម្តាយទេ ថែមទាំងបន្ថែមបន្ទុកដ៏ធ្ងន់មកឱ្យឪពុកម្តាយទៀត” ។ និយាយដល់ ត្រឹមនេះ សោភា បានហូរទឹកភ្នែកជោកថ្ពាល់ ហើយនិយាយទាំងអួល ដើម-កទៀតថា “ការទៅធ្វើការនៅទីនោះបានតែមួយឆ្នាំ នាងខ្ញុំក៏ លួចរត់ចេញដោយពុំអាចទ្រាំទ្រនឹងការងារដ៏លំបាក និង ការវាយដំ ច្រំធាក់យ៉ាងខ្លាំងពីថៅកែស្ទើររៀងរាល់ថ្ងៃ ។ ថៅកែបានប្រើខ្ញុំធ្វើការ ស្ទើរគ្មានពេលសម្រាកទេ ពីព្រឹករហូតដល់ម៉ោង ១ ឬ ២ រំលង អធ្រាត្រក៏មាន គឺតាំងពីធ្វើចុងភៅ លាងចានឆ្នាំង ជូតឥដ្ឋ បោកគក់ ខោអាវ ជាដើម គឺនៅក្នុងផ្ទះផង និង ក្នុងហាងលក់ខោអាវផង ។ មិនត្រឹមប៉ុណ្ណោះទេ ថៅកែវាយខ្ញុំជាញឹកញាប់នៅពេលគេទាស់ចិត្ត ភាគច្រើនគេទះកំផ្លៀង និង លើកជើងធាក់ក្បាលខ្ញុំដូចសត្វតិរច្ឆាន បណ្តាលឱ្យខ្ញុំកើតរោគភ្លេចភ្លាំងច្រើន រហូតមកដល់សព្វថ្ងៃនេះ ។ បើនិយាយពីការទទួលទានវិញ ក្នុងមួយថ្ងៃថៅកែឱ្យខ្ញុំបរិភោគ តែពីរពេល ហើយគេឱ្យខ្ញុំបរិភោគតែបាយជាមួយទឹកស៊ីអ៊ីវ ប៉ុណ្ណោះ កន្លែងសម្រាកទៀតសោតដូចជាសត្វឆ្កែ ឆ្មា ។ ដោយ ទ្រាំលែងបាន ខ្ញុំក៏ចាកចេញពីផ្ទះថៅកែនោះ ត្រូវដើរគ្មានទិស ដៅនៅម៉ាឡេស៊ី ហើយត្រូវបានបុរសម្នាក់ចាប់ខ្ញុំយកទៅបង្ខាំង ទុកក្នុងផ្ទះរបស់គេចំនួនបីខែដើម្បីបម្រើកាមគុណគេគ្រប់ពេល” ។ មុនដំបូង នាងពុំព្រមបម្រើតណ្ហាឱ្យគេឡើយ តែត្រូវគេវាយ ធ្វើបាបគ្មានត្រាប្រណី ។ មិនយូរប៉ុន្មាន នាងក៏ត្រូវមានផ្ទៃពោះ ជាមួយបុរសនោះ តែសំណាងល្អក្រោយមកនាងត្រូវបានរួចផុត ពីក្រញាំបិសាចតណ្ហា ដោយសារក្រុមប៉ូលិសទៅជួយរំដោះ ។ នឹកស្មានថាបានរួចខ្លួនវិលមកប្រទេសខ្មែរវិញ ដឹងអីស្រាប់តែ ក្រុមប៉ូលិសយកនាងទៅដាក់គុកបន្តទៀត ពីបទលួចឆ្លងដែន ខុសច្បាប់ ។ នាងជាប់គុកទាំងមានផ្ទៃពោះ លុះពេលគ្រប់ខែ ឈឺពោះឆ្លងទន្លេ គេបាននាំនាងទៅសម្រាលនៅមន្ទីរពេទ្យត្រឹមត្រូវដែរ ។ នាងសម្រាលបានកូនប្រុសម្នាក់សម្បុរខ្មៅ សក់រួញ ដូចសាសន៍ម៉ាឡេស៊ីដែរ ព្រោះតែឪពុកគេជាជនជាតិនោះ ស្រាប់ ។ សម្រាលកូនបានប្រហែលប្រាំពីរថ្ងៃ គេយកនាងទៅ ដាក់គុកវិញ នាងត្រូវចិញ្ចឹមមើលថែ និង បំបៅកូន បានមួយខែ មានអង្គការមួយទៅជួយធានាយកនាង និង កូនតូចចេញពីគុក និង បានជួយនាំនាងមកដល់ស្រុកខ្មែរវិញបានជួបជុំគ្រួសារ ។ ម្តាយរបស់នាង សោភា បានឱ្យដឹងថា ដោយសារគ្រួសារ គាត់ក្រីក្រពេក ទើបសម្រេចចិត្តឱ្យកូនទៅធ្វើការនៅប្រទេស ម៉ាឡេស៊ីគ្រាន់បានជួយដោះស្រាយជីវភាពគ្រួសារខ្លះ ព្រោះអីប្តី របស់គាត់មានមុខរបរជាកសិករ និង ធ្វើជាជាងសំណង់រកព្រឹក ខ្វះល្ងាច ។ កូនស្រីរបស់គាត់ចាកចេញទៅធ្វើជាជំនួយការមេ ផ្ទះនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០១០ មក ម៉្លេះ ។ នាងជាកូនច្បងក្នុងគ្រួសារ ដោយសារជីវភាពក្រីក្រ លោក ព្រឿន និង ប្រពន្ធ បានសម្រេចចិត្តបញ្ជូនកូនស្រី ដែលមានអាយុ ១៨ ឆ្នាំ និង មានចំណេះត្រឹមថ្នាក់ទី ២ នោះឱ្យទៅធ្វើជាពលការិនី នៅប្រទេសម៉ាឡេស៊ី ដោយសង្ឃឹមថា កូននឹងជួយរកប្រាក់ផ្តល់ឱ្យក្រុមគ្រួសារដែរ ។ ម្តាយ របស់ សោភា បានសម្តែងនូវការសោកស្តាយ និង មានវិប្បដិសារៈអាណិតអាសូរកូនស្រី ម្នាក់នេះជាខ្លាំង បន្ទាប់ពីគាត់ និង ប្តីបញ្ជូនកូនស្រីជាទីស្រឡាញ្ញ់ទៅធ្វើការនៅប្រទេស ម៉ាឡេស៊ី បែរជាទទួលរងនូវការឈឺចាប់ទាំងរូបកាយ និង ផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរបែបនេះ ។ ក្នុងនាមគាត់ជាម្តាយ និង ជាជីដូន បាននិយាយទាំងទឹកមុខស្ងួតថា “ឥឡូវវាអ៊ីចឹងទៅ ហើយ ហើយនេះក៏ជាសាច់ជាឈាម មិនដឹងធ្វើយ៉ាងម៉េចទេ ។ ខ្ញុំខំជួយពន្យល់កូនថា បើ ក្មេងកើតមកហើយ មនុស្សម្នាក់ៗគ្មានអ្នកណាចង់ធ្វើខុសទេ ឥឡូវបើខុសហើយ ម្តាយឪពុក មិនបន្ទោសកូនឡើយ” ។ ពេលនេះ សោភា បានដាក់ឈ្មោះកូនថា ភូ.ឌ.ន. ។ ទឹកចិត្តរបស់ សោភា ចំពោះ កូនប្រុសឈ្មោះ ឌ.ន. ដែលខំថែរក្សាតាំងពីកូននៅក្នុងគភ៌រហូតឆ្លងទន្លេនៅក្នុងពន្ធនាគារ ហើយយកកូនប្រុសនេះមកដល់មាតុភូមិកំណើតវិញ នៅពេលនេះគឺដូចគ្នានឹងពាក្យ សុភាសិតបុរាណមួយឃ្លាតំណាលថា “ស៊ូស្លាប់បា កុំឱ្យស្លាប់មេ ស៊ូលិចទូកកណ្តាលទន្លេ កុំឱ្យភ្លើងឆេះផ្ទះ” ។ សោភា បានអំពាវនាវដល់ពលការិនីដទៃៗទៀតថា សូមឱ្យប្រជាពលរដ្ឋទាំងអស់កុំ បញ្ជូនកូនស្រីឱ្យទៅធ្វើការនៅប្រទេសម៉ាឡេស៊ី គឺពេលទៅធ្វើការនៅទីនោះអត់ល្អទេ កុំ ចាញ្ញ់បោកក្រុមហ៊ុនមួយចំនួន និង កុំចាញ្ញ់បោកមេខ្យល់ មានភាគតិចណាស់ដែលទៅ ប្រទេសម៉ាឡេស៊ីមានសំណាងល្អពេលចប់អាណត្តិបានវិលត្រឡប់មកវិញបានស្រួល ។ ក្នុង រយៈពេលដែលនាងទៅធ្វើការជំនួយការមេផ្ទះនៅប្រទេសម៉ាឡេស៊ីអស់រយៈពេលមួយ ឆ្នាំជាងនោះ បានផ្ញើប្រាក់មកជូនម្តាយរបស់នាងនៅកម្ពុជាពីរ លើកបានចំនួន ២០០ ដុល្លារ ក្រៅពីនោះនាងពុំដែលទទួលបានទេ ។ សោភា បានតាំងចិត្តថា មិនស្វែងរកការងារ នៅក្រៅប្រទេសដូចជាទៅប្រទេសម៉ាឡេស៊ី ឬ ទៅធ្វើការនៅប្រទេសណាទៀតឡើយ ៕ Comments () |


