ដោយ ៖ វិច្ឆិកា
ថ្ងៃទី 19-03-2012 ម៉ោង 14:06:13 ខេត្ដបន្ទាយមានជ័យ ៖ យុវជនម្នាក់ ត្រូវបាននគរបាលស្រុកមង្គលបុរីឃាត់ ខ្លួននៅវេលាម៉ោង៣រសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១២នៅភូមិប្រឡាយ ល្លួង ឃុំឫស្សីក្រោក ស្រុកមង្គលបុរី តាមដីកាតុលាការខេត្ដបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី យ៉ត សុផល អធិការនគរបាលស្រុកមង្គលបុរីបានឱ្យដឹងថា ករណីឃាត់ខ្លួនយុវជនរូបនេះ សមត្ថកិច្ចអនុវត្ដតាមដីកាចាប់ខ្លួន របស់តុលាការខេត្ដលេខ១៤០ ចុះនៅ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១១ដោយ លោកលី ម៉េង ចៅក្រមស៊ើបសួរចោទ ប្រកាន់ពីបទអំពើលួចប្រព្រឹត្ដកាលពីថ្ងៃ ទី៣១ ខែកក្កដា ឆ្នាំ២០១១នៅភូមិ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ។
លោកអធិការនគរបាលស្រុកមង្គលបុរី បានបន្ដឱ្យដឹងទៀតថា យុវជនរូប នេះមានឈ្មោះ សឿន រី អាយុ១៦ឆ្នាំ មានមុខរបរមិនពិតប្រាកដរស់នៅភូមិ ប្រឡាយហ្លួង ឃុំឫស្សីក្រោក ស្រុក មង្គលបុរី ខេត្ដបន្ទាយមានជ័យ ។
លោកបានបញ្ជាក់ឱ្យដឹងទៀតថា កាលពីវេលាយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១១ ឈ្មោះ សឿន រី និងបក្ខពួក បាននាំគ្នាធ្វើសកម្មភាពទម្លុះទម្លាយផ្ទះ ប្រជាពលរដ្ឋនៅភូមិឫស្សីក្រោក ឃុំ ឫស្សីក្រោក ស្រុកមង្គលបុរី ជាមួយគ្នា នោះពួកវាបានលួចយកទ្រព្យសម្បត្ដិ ម្ចាស់ផ្ទះមួយចំនួននិងម៉ូតូផងដែរ ។ ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះ ស្រាវជ្រាវហើយឃាត់ខ្លួនបក្ខពួកជន ខាងលើបានមួយចំនួនយកទៅចាត់ការ តាមផ្លូវច្បាប់រួចហើយដែរ។ ចំណែក ឈ្មោះ សឿន រី និងគ្នាគេម្នាក់ ទៀតបាន រត់គេចខ្លួន ទើបនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១២ នគរបាលស្រុកមង្គលបុរី ឃាត់ខ្លួនឈ្មោះសឿន រី នេះតែម្ដង។ រីឯ គ្នាវាម្នាក់ទៀតសមត្ថកិច្ចនិងបន្ដស្វែង រកឃាត់ខ្លួនបន្ថែមទៀតដើម្បីយកមក ផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕

