Tuesday, March 20, 2012

គ្រូពេទ្យ​​​អាមេរិក​ចុះ​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ខ្មែរ​ក្រីក្រ

ដោយ ដែន អយុធ្យា
2012-03-19
វិទ្យុ​អាស៊ីសេរី
គ្រូពេទ្យ​ជំនាញ​នៃ​កងទ័ព​សហរដ្ឋ​អាមេរិក បាន​​​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ជំងឺ​ភ្នែក និង​ជំងឺ​ឈឺ​សន្លាក់​ដៃ​ជើង ហើយ​ត្រូវ​ការ​សេវា​ព្យាបាល​ចាំបាច់។
សកម្មភាព​គ្រូពេទ្យ​ពិនិត្យ​ភ្នែក​ជូន​ពលរដ្ឋ​ក្រីក្រ​នៅ​ខេត្ត​កំពត កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១២។ (RFA/Den Ayuthyea)
សកម្មភាព គ្រូពេទ្យ ពិនិត្យ ភ្នែក ជូន ពលរដ្ឋ ក្រីក្រ នៅ ខេត្ត កំពត កាល ពី ថ្ងៃ ទី ១៦ ខែ មីនា ឆ្នាំ ២០១២។ (RFA/Den Ayuthyea)

​ក្នុង​យុទ្ធនាការ​ធ្វើ​សម​យុទ្ធ​យោធា​ឆ្មាំ​អង្គរ​ឆ្នាំ​២០១២ ដែល​កងទ័ព​កម្ពុជា និង​អាមេរិក​សហការ​ធ្វើ​រួម​គ្នា ​ពលរដ្ឋ​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ឲ្យ​បញ្ជូន​ក្រុម​គ្រូពេទ្យ​មក​ជួយ​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ខ្មែរ​បន្ថែម​ ទៀត​នា​ថ្ងៃ​អនាគត។
​ក្រុម​គ្រូពេទ្យ​នៃ​កងទ័ព​សហរដ្ឋ​អាមេរិក​ពី​តំបន់​ប៉ាស៊ីហ្វិក បាន​ឲ្យ​ដឹង​ថា មាន​ជំងឺ​បី​ប្រភេទ មាន​ដូចជា​ជំងឺ​ភ្នែក ជំងឺ​ធ្មេញ និង​ជំងឺ​ទូទៅ ព្រម​ទាំង​ឈឺ​សន្លាក់​ដៃ​ជើង ដែល​ពួក​គេ​ទទួល​ពិនិត្យ និង​ព្យាបាល​ជូន​ពលរដ្ឋ​ខ្មែរ​មិន​គិត​ថ្លៃ​ក្នុង​យុទ្ធនាការ​ធ្វើ​លំហាត់​ សម​យុទ្ធ​ឆ្មាំ​អង្គរ​ឆ្នាំ​២០១២​នេះ។
មន្ត្រី​ស្ថានទូត​អាមេរិក​បាន​ឲ្យ​ដឹង​ថា សកម្មភាព​ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១២។
គ្រូពេទ្យ​នៃ​កងទ័ព​អាមេរិក បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ៣​ថ្ងៃ ដែល​ក្រុម​ការងារ​គ្រូពេទ្យ​កងទ័ព​អាមេរិក ​ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​រស់​នៅ​ស្រុក​កំពត ខេត្ត​កំពត ក្នុង​១​ថ្ងៃ​មាន​អ្នក​ជំងឺ​ជិត ១​ពាន់​នាក់ បាន​មក​រក​សេវា​ពិនិត្យ និង​ព្យាបាល។
គ្រូពេទ្យ​អាមេរិក​បាន​បន្ត​ថា មនុស្ស​វ័យ​ចំណាស់​ភាគ​ច្រើន​ត្រូវ​ការ​សេវា​ព្យាបាល​ជំងឺ​ភ្នែក ជំងឺ​មាត់​ធ្មេញ និង​ជំងឺ​ឈឺ​សន្លាក់​ដៃ​ជើង​ជា​ចាំបាច់។
អ្នក​ជំងឺ​ភ្នែក​ច្រើន​នាក់ បន្ទាប់​ពី​ទទួល​បាន​សេវា​ព្យាបាល​បាន​ឲ្យ​ដឹង​ថា ភ្នែក​ពួក​គាត់​បាន​មើល​ឃើញ​ឡើង​វិញ បន្ទាប់​​ពី​ងងឹត​មើល​មិន​ឃើញ​រយៈពេល​ពី ៣ ទៅ ៥​ឆ្នាំ។ លោក​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​អាមេរិក ជួយ​បង្កើត​ឲ្យ​មាន​កម្មវិធី​ពិនិត្យ និង​ព្យាបាល​ជំងឺ​មិន​​គិត​​​ថ្លៃ​ជូន​ពលរដ្ឋ​ក្រីក្រ​ឲ្យ​បាន​ច្រើន​នា​ ថ្ងៃ​អនាគត។
អ្នក​ជំងឺ​ភ្នែក​ក្រោយ​ទទួល​បាន​ការ​ព្យាបាល​បាន​សម្ដែង​ក្ដី​ត្រេកអរ ព្រោះ​ការ​ព្យាបាល​ជំងឺ​បាន​ទទួល​ជោគជ័យ ដោយ​ភ្នែក​របស់​ពួក​គាត់​អាច​មើល​ឃើញ​ឡើង​វិញ។
លោក​វេជ្ជបណ្ឌិត សឿង សូរិយន្ត ជា​គ្រូពេទ្យ​មក​ពី​មជ្ឈមណ្ឌល​វះ​កាត់​កុមារ​កៀនឃ្លាំង ឯកទេស​ជំងឺ​ភ្នែក​ដែល​បាន​ចូល​រួម​ជាមួយ​គ្រូពេទ្យ​អាមេរិក។ លោក​​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា ថា មាន​អ្នក​ជំងឺ​ភ្នែក​ប្រមាណ ៥០០​នាក់ ក្នុង​១​ថ្ងៃ បាន​មក​រក​សេវា​ព្យាបាល និង​វះ​កាត់​ដោយ​អ្នក​ជំងឺ​ភាគ​ច្រើន​កើត​ជំងឺ​ភ្នែក​ឡើង​បាយ និង​អ្នក​ជំងឺ​ច្រើន​ទៀត​ត្រូវ​ការ​វ៉ែនតា​សម្រាប់​ពាក់។
ទាក់ទង​បញ្ហា​នេះ លោក​វរសេនីយ៍ទោ ភី យ៉ាដេត មន្ត្រី​ក្រសួង​ការពារ​ជាតិ ទទួល​បន្ទុក​ពិនិត្យ​ព្យាបាល​ជំងឺ​ក្នុង​សម​យុទ្ធ​ឆ្មាំ​អង្គរ​ឆ្នាំ​២០១២។ លោក​បាន​ឲ្យ​ដឹង​ថា ក្រុម​គ្រូពេទ្យ​ជំនាញ​បាន​រក​ឃើញ​ថា ជំងឺ​ឈឺ​សន្លាក់​ដៃ​ជើង ជំងឺ​ភ្នែក និង​ជំងឺ​ធ្មេញ​​​​​​ដែល​ពលរដ្ឋ​កម្ពុជា កំពុង​ជួប​ប្រទះ នឹង​ត្រូវ​ការ​សេវា​ព្យាបាល​ចាំបាច់។
ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា លំហាត់​សម​យុទ្ធ​យោធា​រួម​គ្នា​រវាង​កង​យោធពល​ខេមរៈភូមិន្ទ និង​កងទ័ព​អាមេរិក មាន​ឈ្មោះ​ថា ឆ្មាំ​អង្គរ បាន​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១២ ដោយ​បាន​យក​ខេត្ត​កំពត និង​ខេត្ត​កំពង់ស្ពឺ សម្រាប់​បើក​យុទ្ធនាការ៕
កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ ប៉ុណ្ណោះ។

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons