Monday, March 19, 2012

វាយធ្វើបាបប្រពន្ធដើម ផ្គាប់ចិត្តប្រពន្ធចុង



Sunday, 18 March 2012 23:05
ដោយសារតែប្រពន្ធដើម បានប្រកាន់ខ្ជាប់នូវធម៌ខន្តី មិនរករឿងជេរស្តីមួយ ម៉ាត់សោះ បើទោះជាដឹងថា ប្តីលួច លាក់មានប្រពន្ធថ្មីក៏ដោយ ព្រោះតែប្រពន្ធចង់ លាក់លៀមនូវភាពអាម៉ាស់ និង កិត្តិយសរបស់ប្តី ប៉ុន្តែទង្វើដ៏ល្អ របស់ប្រពន្ធ ប្តីមិនអាចមើលឃើញឡើយ ។ ផ្ទុយទៅវិញ រឹតតែបានចិត្តនាំប្រពន្ធចុងមករស់នៅ លើផ្ទះតែមួយ ក្នុងនាមបញ្ឈឺចិត្តប្រពន្ធឱ្យគ្រាំគ្រាក្នុងបេះដូងឈឺចាប់ស្ទើរប្រេះ ដើមទ្រូង ។ តែម្ទេសណាមិនហឹរ ! ស្រីណាមិនស្រឡាញ់ប្តី រឹតតែមិនចង់ប្រើរបស់ រួមទៀតផង បានធ្វើឱ្យមានអំពើហិង្សាជាញឹកញាប់រហូតកើតជាការប្តឹងប្តល់ ។


      ពិតជាត្រីងៀតឆ្លៀតពងមែនសម្រាប់បុរស ជាប្តីរូបនេះ ខ្លួនមួយជិះទូកពីរ បើបោះបង់ចោលមួយ ស្តាយមួយនោះ បានជ្រើសរើសតាមពាក្យចម្រៀង មួយបទថា “ប្រពន្ធមិនលែងៗ មានតែយកថែម” គេ បានយកទាំងពីរ នឹកថា បានសុខដូចចិត្តគេគិត តែទី បំផុតមិនអាចបោះបង់ចោលឆ្នាំងចាស់បានឡើយ ។

      ស្នាមរបួសជាំខ្មៅពេញមុខ និង រង្វង់ភ្នែកពោរ ពេញទៅដោយភាពឈឺចុកចាប់ទាំងផ្លូវកាយ និង ផ្លូវ ចិត្ត ដ្បិតឆ្អែតឆ្អន់នឹងទង្វើរបស់ប្តីដែលនាំស្រីថ្មីមក បញ្ឈឺចិត្តនោះ នាងប្រពន្ធឈ្មោះ ម.ច.ធ. អាយុ ២៧ ឆ្នាំ រស់នៅ ក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានរៀបរាប់ទាំងតំណក់ទឹកភ្នែកបង្ហាញរបួសស្នាមទាំងអួលអាក់ថា “នាងខ្ញុំជាប្រពន្ធ ពេញច្បាប់រៀបការជាមួយប្តីឈ្មោះ រ.ប. អាយុ ២៨ ឆ្នាំ អស់រយៈពេលប្រាំពីរឆ្នាំមកហើយ ថែមទាំងបង្កើត បានកូនប្រុសពីរនាក់ជាចំណងដៃនៃក្តីស្រ-ឡាញ់របស់ប្តីប្រពន្ធនាងខ្ញុំ” ។

      នាងបន្តថា “ការរស់នៅជាប្តីប្រពន្ធដែលប្រកបមុខរបរធ្វើស្រែចម្ការ និង ពេលទំនេរប្តី ទៅធ្វើជាកម្មករសំណង់ នោះ នាងខ្ញុំមិនបានដឹងពីភាពខូចខិលរបស់ប្តីនាងខ្ញុំទេ ។ លុះចូលមក ដល់ពាក់កណ្តាលខែកុម្ភៈនេះ នៅសុខៗស្រាប់តែប្តីនាងខ្ញុំបាននាំយកប្រពន្ធចុងម្នាក់ឈ្មោះ ក.ស.ខ. អាយុ ១៩ ឆ្នាំ មករួមរស់នៅក្នុងដំបូលជាមួយ នាងខ្ញុំ ដែលទង្វើរបស់ប្តីខ្ញុំបែបនេះធ្វើ ឱ្យនាងខ្ញុំឈឺចុកចាប់ជាខ្លាំង វាមិនខុសអ្វីពីសម្លាប់នាងខ្ញុំទាំងរស់នោះទេ ។ តើស្រីណាអាចទ្រាំ បាននៅពេលដែលឃើញប្តីរបស់ខ្លួននាំស្រីមកឱបថើបលើផ្ទះបែបនេះនោះ ?

      ដោយសារតែភាពរកាំរកូសមិនអាចចុះសម្រុងប្រពន្ធពីរប្តីមួយនោះ អំពើហិង្សាចេះតែ កើតមានជាញយៗ រហូតដល់ប្តីនាងខ្ញុំបានវាយតប់ធ្វើបាបមកលើនាងខ្ញុំរបួសស្នាមពេញមុខមាត់ និង ក្បាល ដូចបងប្អូនបានឃើញ នេះឯង” ។ បង្អង់ជូតទឹកភ្នែកបន្តិច ហើយបន្តថា “មូលហេតុ ដែលប្តីខ្ញុំបានវាយដំធ្វើបាបមកលើនាងខ្ញុំនោះ គឺក្នុងបំណង ផ្គាប់ផ្គុនបំពេញចិត្តថ្លើមប្រពន្ធចុង ហើយប្តីខ្ញុំនេះបាននាំប្រពន្ធចុងមកនៅលើផ្ទះជាមួយតាំងពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០១២ ដែល ធ្វើឱ្យនាងខ្ញុំអត់ទ្រាំមិនបាន ទើបបានជានាងខ្ញុំសុខចិត្តដាក់ពាក្យប្តឹងឱ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ ព្រោះតែខ្ញុំឆ្អែតចិត្តពេក ។ ដើម្បីប្រពន្ធចុង ប្តីខ្ញុំធ្វើបាបខ្ញុំបែបហ្នឹង ដែលពីមុនប្តីមិនដែលធ្វើយ៉ាង នេះទេ” ។

      នាងជាភរិយាបានប្រាប់ជាចុងក្រោយថា “តាំងពីថ្ងៃផ្ទុះហិង្សា ទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១២ មកដល់ពេលនេះ រឿងរ៉ាវរបស់គ្រួសារនាងខ្ញុំត្រូវបានដោះស្រាយចប់ហើយ ដោយនាងប្រពន្ធ ចុងបានសន្យាថា ឈប់ទាក់ទងជាមួយ ប្តីនាងខ្ញុំទៀតហើយ ប៉ុន្តែមិនដឹងថាថ្ងៃក្រោយយ៉ាងណា នោះទេ” ៕    

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons