
យុទ្ធនាការ របស់អ្នកព្រៃឡង់ កាលពីកន្លងទៅ
មាស មុន្នី
ទស្សនាវដ្តីសារព័ត៌មានសេរី
ប្រជាពលរដ្ឋពីសហគមន៏ព្រៃឡង់ ៦០០នាក់នាថ្ងៃចន្ទទី១៩មិនា នេះ បានផ្ដើមយុទ្ធនាការរបស់ខ្លួនហើយ ដើម្បីបង្រ្កាបបទល្មើសនានា ដែលកើតមាននៅក្នុងតំបន់ព្រៃឡង់ ។ យុទ្ធនាការដោយម៉ូតូចំនួន៣០០គ្រឿងនេះ នឹងបញ្ចប់នៅថ្ងៃទី ៣០ ខែ មិនា ឆ្នាំ ២០១២ ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ឲ្យដឹងថា ភស្តុតាងដែលនឹងប្រមូលបានពីយុទ្ធនាការនេះ នឹងយកទៅប្រគល់ជូនចៅហ្វាយស្រុក សណ្ដាន់ នៃ ខេត្ត កំពង់ធំ និង អ្នពាក់ព័ន្ធ នៅក្នុងកម្មវិធីវេទិការសាធារណៈមួយដែលរៀបចំឡើង ដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ។
លោក ឈុត វុទ្ធី នាយកអង្គការការពារធនធានធម្មជាតិ បានថ្លែងប្រាប់ក្រុមអ្នករាយការណ៏ព័ត៌មានថា នៅរដូវក្ដៅឆ្នាំ២០១២ នេះ សកម្មភាពកាប់ឈើនៅតំបន់ព្រៃឡង់ បានកើតមានយ៉ាងខ្លាំងក្លា ។ក្នុងមួយថ្ងៃៗមានឈើរាប់រយម៉ែត្រគូប ត្រូវបានក្រុមឈ្មួញជញ្ជូនចេញពីតំបន់នេះ ។
ព្រៃឡង់ដែលគេហៅថា អាម៉ាហ្សោន កម្ពុជា បានលាតសន្ធឹងជាប់ខេត្តចំនួន ៤ មានកំពង់ធំ ស្ទឹងត្រែង ក្រចេះ និង ព្រះវិហារ ៕

