Thursday, March 15, 2012

គ្រូ​និង​សិស្ស​នៅ​វិទ្យាល័យ​ក្នុង​ខេត្ត​ក្រចេះ​ស្នើ​ឲ្យ​នាយករដ្ឋមន្ត្រី​ជួយ


និមិត្ត​សញ្ញា​ក្រុង​ក្រចេះ នា​ខេត្ត​ក្រចេះ (RFA/Keo Nimorl)
និមិត្ត សញ្ញា ក្រុង ក្រចេះ នា ខេត្ត ក្រចេះ (RFA/Keo Nimorl)
ដោយ ដែន អយុធ្យា
2012-03-15
​វិទ្យុ​អាស៊ីសេរី
សាស្ត្រាចារ្យ បុគ្គលិកសិក្សា និង​សិស្សានុសិស្ស​នៃ​វិទ្យាល័យ​ព្រះមហាក្សត្រិយានី កុសុមៈ ខេត្ត​​ក្រចេះ ជិត ១០០​នាក់ បាន​ចោទ​អាជ្ញាធរ​ខេត្ត​ក្រចេះ ថា បាន​កាត់​ដី​បរិវេណ​វិទ្យាល័យ​ទៅ​ឲ្យ​ក្រុមហ៊ុន​ផលិត​ទឹក​ស្អាត។ ប៉ុន្តែ​ការ​ចោទ​ប្រកាន់​នេះ ត្រូវ​បាន​មន្ត្រី​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​ក្រចេះ ច្រាន​ចោល។

សំណើ​​សុំ​អន្តរាគមន៍​របស់​សាស្ត្រាចារ្យ និង​សិស្សា​នុសិស្ស​វិទ្យាល័យ​ព្រះមហាក្សត្រិយានី កុសុមៈ ខេត្ត​ក្រចេះ បាន​ស្នើ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​អន្តរាគមន៍​បញ្ឈប់​សកម្មភាព​កាត់​ដី​បរិវេណ​វិទ្យាល័យ​ទៅ​ឲ្យ​ ក្រុមហ៊ុន​ផលិត​ទឹក​ស្អាត​ឲ្យ​ទាន់​ពេល។
សំណើ​នេះ​ធ្វើ​ឡើង​តាម​រយៈ​សមាគម​​គ្រូ​​បង្រៀន​កម្ពុជា​ឯករាជ្យ ហើយ​សមាគម​នេះ​បាន​ផ្ញើ​លិខិត​១​ច្បាប់​ជូន​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១២ ដោយ​ភ្ជាប់​ជាមួយ​​ញត្តិ​​ផ្ដិត​ស្នាម​មេដៃ​គ្រូ​បង្រៀន និង​សិស្សានុ​សិស្ស​ជាង ១០០​នាក់។
លិខិត​គ្រូ​បង្រៀន​បាន​បញ្ជាក់​ថា ដី​ទីធ្លា​វិទ្យាល័យ​ព្រះមហាក្សត្រិយានី កុសុមៈ មាន​ទីតាំង​ក្នុង​ក្រុង​ក្រចេះ ត្រូវ​បាន​​អាជ្ញាធរ និង​ក្រុមហ៊ុន​ផលិត​ទឹក​ស្អាត កាត់​យក​មួយ​ចំហៀង​ខាង​កើត មាន​ទទឹង ៣៦​ម៉ែត្រ និង​បណ្តោយ ១៨៤​ម៉ែត្រ និង​ចំហៀង​ខាង​ត្បូង​មាន​ទទឹង ៩​ម៉ែត្រ និង​បណ្តោយ ២៧៣​ម៉ែត្រ។ សកម្មភាព​នេះ​បាន​ចាប់​ផ្តើម​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១១ និង​បន្ត​មក​ដល់​សព្វថ្ងៃ​នេះ។
លោក ទូច រដ្ឋានី ជា​តំណាង​គ្រូបង្រៀន​នៃ​វិទ្យាល័យ​ព្រះមហាក្សត្រិយានី កុសុមៈ ខេត្ត​ក្រចេះ។ លោក​បាន​​ស្នើ​ឲ្យ​​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​រក្សា​ទីធ្លា​វិទ្យាល័យ​នេះ​ឲ្យ​បាន​គង់វង្ស​ជា​សម្បត្តិ​ជាតិ ព្រោះ​អត្រា​​​​​សិស្សានុសិស្ស​មាន​ចំនួន​កើន​ឡើង​ពី ១​ឆ្នាំ​ទៅ​១​ឆ្នាំ។
លោក ទូច រដ្ឋានី បន្ថែម៖ «ក្រុមហ៊ុន​នេះ​សំអាង​ថា គេ​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋ​អំណាច​មូលដ្ឋាន​ឲ្យ​ធ្វើ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​សាលារៀន​មិន​ទាន់​ទទួល​បាន​អាជ្ញាប័ណ្ណ​ដែល​ ប្រកាស​ឲ្យ​សាងសង់​នោះ​ទេ។ លោកគ្រូ​អ្នកគ្រូ​មិន​សុខ​ចិត្ត​ទេ ដោយសារ​ដី​ដែល​ក្រុមហ៊ុន​យក​មួយ​ចំនួន​គឺ​ជា​ដី​សាលា។ តាម​ប្រសាសន៍​លោក​នាយករដ្ឋមន្ត្រី លោក​បាន​ហាម​មិន​ឲ្យ​ប៉ះពាល់​ដី​ទីធ្លា​សាលា ដី​ទី​វត្ត​អារាម និង​ដី​មន្ទីរពេទ្យ​ជាដើម។ យើង​សូម​សំណូមពរ​ទៅ​នាយករដ្ឋមន្ត្រី សូម​ឲ្យ​ក្រុមហ៊ុន​ហ្នឹង​ដក​ថយ​ពី​បរិវេណ​ទីធ្លា​សាលារៀន»
ឆ្លើយ​តប​បញ្ហា​នេះ លោក ឡាយ បូរ៉ា ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​ក្រុម​គ្រូបង្រៀន ដោយ​អះអាង​ថា សកម្មភាព​ឈូស​ឆាយ​ដី​ទីធ្លា​វិទ្យាល័យ​ព្រះមហាក្សត្រិយានី កុសុមៈ នោះ គឺ​ជា​ទិសដៅ​នៃ​ការ​​អភិវឌ្ឍ​របស់​​​ថ្នាក់​ដឹក​នាំ​ខេត្ត​ក្រចេះ។
​លោក ឡាយ បូរ៉ា៖ «ចំពោះ​បញ្ហា​ហ្នឹង​ខ្ញុំ​សូម​បក​ស្រាយ​ជូន​ថា រឿង​ដី​ដែល​ធ្វើ​ផ្លូវ​នេះ ពី​មុន​មក​វា​ជា​ដី​មួយ​ដែល​យើង​មិន​ទាន់​ចុះ​បញ្ជី​ទេ បើ​ទោះ​ជា​ដី​របស់​សាលា​ព្រះកុសុមៈ​មែន ហើយ​រហូត​មក​ដល់​ពេល​នេះ ក៏​មិន​​ទាន់​ចុះ​បញ្ជី​ជា​ប្លង់​រឹង​នៅ​ឡើយ​ទេ ហើយ​ផ្លូវ​ដែល​ក្រុមហ៊ុន​ធ្វើ​នេះ គឺ​មិន​មែន​ជា​ផ្លូវ​របស់​ក្រុមហ៊ុន​ទេ ជា​ផ្លូវ​សាធារណៈ​របស់​រដ្ឋ យើង​បាន​ប្រជុំ​ជាមួយ​ខេត្ត​រួច​ហើយ»
វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​ផលិត​ទឹក​ស្អាត ទូច គិម ដើម្បី​បំភ្លឺ​ជុំវិញ​កង្វល់​របស់​គ្រូ​បង្រៀន និង​សិស្សានុសិស្ស​នៃ​វិទ្យាល័យ​ព្រះមហាក្សត្រិយានី កុសុមៈ ខេត្ត​ក្រចេះ បាន​ទេ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​មីនា។
លោក រ៉ុង ឈុន ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ។ លោក​បាន​ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ និង​ក្រុមហ៊ុន​ផលិត​ទឹក​ស្អាត​ខេត្ត​ក្រចេះ ថា​ជា​ទង្វើ​ផ្គើន​ទៅ​នឹង​សេចក្ដី​ប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​​ហាម​មិន​ឲ្យ​ដោះដូរ ឬ​លក់​អាគារ​រដ្ឋ និង​ដី​ទីធ្លា​សាលា​ជាដើម។
លោក រ៉ុង ឈុន ឲ្យ​ដឹង​បន្ថែម​ដូច្នេះ៖ «អ្នក​ដែល​មាន​លុយ​មាន​អំណាច​ចេះ​តែ​ច្រឹប​យក​ដី​សាលា​ជា​បន្តបន្ទាប់ ហើយ​​មិន​បាន​គោរព​ទៅ​នឹង​សេចក្ដី​ប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ យើង​គិត​ថា អនាគត​ទៅ​វា​ប៉ះពាល់​ទៅ​ដល់​បរិវេណ​សាលា។ មនុស្ស​ចេះ​តែ​កើន ហើយ​ដី​អត់​រីក​ទេ គឺ​កាន់​តែ​រួម»
ទោះ​យ៉ាង​ណា ក្រុម​គ្រូបង្រៀន បុគ្គលិកសិក្សា និង​សិស្សានុសិស្ស​មាន​ជំនឿ​ថា ប្រមុខ​ដឹកនាំ​នឹង​ពិនិត្យ​ដោះ​ស្រាយ​ចំពោះ​បញ្ហា​រំលោភ​ដី​បរិវេណ​ វិទ្យាល័យ​​​ព្រះមហាក្សត្រិយានី កុសុមៈ ខេត្ត​ក្រចេះ ឲ្យ​បាន​គង់វង្ស៕
កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ ប៉ុណ្ណោះ។

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons