Monday, March 12, 2012

នាយកដ្ឋាន​តម្រង់​ទិស​វិជ្ជាជីវៈ របស់​ក្រសួង​អប់រំ


ច័ន្ទ 12 មិនា 2012 - 2:30 

សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា ឲ្យ​ចាត់​វិធាន​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់​មួយ ចំពោះ​ករណី​អំពើ​ពុករលួយ​នៅ​នាយកដ្ឋាន​តម្រង់​ទិស​វិជ្ជាជីវៈ នៃ​ក្រសួង​អប់រំ ដែល​បាន​កឹប​កេង​លុយ​រដ្ឋ​អស់​រាប់​លាន​រៀល។
ក្រសួងអប់រំ យុវជន និងកីឡា
លិខិត​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​បាន​លើក​ឡើង​ថា សមាគម​របស់​លោក​បាន​ទទួល​លិខិត​អនាមិក​មួយ​ច្បាប់​ចុះ​ថ្ងៃទី​០៧ ខែ​មីនា ឆ្នាំ​២០១២ របស់​មន្រ្តី​នាយកដ្ឋាន​តម្រង់​ទិស​វិជ្ជាជីវៈ នៃ​ក្រសួង​អប់រំ ចោទ​ប្រកាន់​អនុប្រធាន​ការិយាល័យ​រដ្ឋបាល ប្រធាន និង​អនុ​ប្រធាន​នាយកដ្ឋាន​តម្រង់​ទិស​វិជ្ជាជីវៈ ចំពោះ​អំពើ​ពុក​រលួយ​ទៅ​លើ​កញ្ចប់​ថវិកា​ទិញ​សម្ភារៈ​ចែក​ឲ្យ​ក្រុម​គោល​ដៅ​ នៃ​ខេត្ត​ចំនួន​១១ មាន​សិស្សានុសិស្ស គ្រូ មាតា​បិតា​សិស្ស និង​អាជ្ញាធរ​ដែន​ដី​ជា​ដើម។ ដោយ​បញ្ជាក់​ថា ខេត្ត​គោល​ដៅ​ទាំង​១១​នោះ​ត្រូវ​បាត់​បង់​ថវិកា​ក្នុង​មួយ​ខេត្ត​ចំនួន ៣.២៣០.០០០​រៀល។ ដូច្នេះ​ថវិកា​ដែល​ត្រូវ​បាត់បង់​ដោយ​អំពើ​ពុករលួយ​ចំពោះ​ការ​មិន​បាន​ទិញ​ សម្ភារៈ​ចែក​ជូន​តាម​ខេត្ត​គោល​ដៅ​ទាំង​១១​នោះ​សរុប​ចំនួន ៣៥.៥៣០.០០០​រៀល។ ហើយ​បើ​តាម​លិខិត​អនាមិក រាល់​របាយ​ការណ៍​ចំណាយ ត្រូវ​បាន​អ្នក​គ្រប់គ្រង​នាយកដ្ឋាន​នេះ​រៀបចំ​ចុះ​ហត្ថលេខា​ក្លែង​ក្លាយ។
ករណី​មួយ​ទៀត លិខិត​អនាមិក​ក៏​បាន​លើក​ឡើង​ផង​ដែរ​អំពី​អនុប្រធាន​ការិយាល័យ ប្រធាន និង​អនុ​ប្រធាន​នាយកដ្ឋាន​តម្រង់​ទិស​វិជ្ជាជីវៈ ពី​បទ​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ថវិកា​ទិញ​សម្ភារៈ​សិក្ឋាសាលា​ រយៈ​ពេល​បី​ថ្ងៃ ដែល​ត្រូវ​ផ្តល់​ឲ្យ​សិក្ខាកាម​៤៨១នាក់ ដោយ​ក្នុង​ម្នាក់​ទទួល​បាន​៦០.០០០​រៀល ប៉ុន្តែ​បាន​ចំណាយ​តែ​២០.០០០​រៀល​ប៉ុណ្ណោះ ដោយ​នៅ​សល់​៤០.០០០​រៀល​មិន​បាន​ចំណាយ។ ដូច្នេះ​ថវិកា​សរុប​ដែល​បាត់បង់​ដោយ​អំពើ​ពុក​រលួយ​នោះ​សរុប​ប្រមាណ ១.៩២៤.០០០រៀល។ ជាង​នេះ​ទៀត​ការ​បោះពុម្ព​ឯកសារ​ជំនួយ​ស្មារតី​អប់រំ​បំណិនជីវិត ក៏​មាន​ភាព​មិន​ប្រក្រតី​ដែរ។
ចំពោះ​ករណី​អំពើ​ពុករលួយ​ទាំង​នេះ សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​ស្នើ​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ដឹកនាំ​ដោយ​លោក អ៊ឹម សិទ្ធី ធ្វើ​ការ​ស៊ើប​អង្កេត​មួយ ដើម្បី​វែក​រក​មុខ​អ្នក​ប្រព្រឹត្ត​យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons