Tuesday, June 17, 2014

អាជ្ញាធរ​ខេត្ដបន្ទាយមានជ័យ​គ្រោង​ចុះ​បិទ​អាជីវកម្ម​​ជីក​កកាយ​ភ្នំ​យក​ដី​និង​ថ្ម​លក់​នៅ​ក្រុង​សិរី​សោភ័ណ​


ដោយ​ ៖ វិច្ឆិកា|ថ្ងៃទី 17 មិថុនា 2014 ម៉ោង 15:32:22
         
​ខេត្ដបន្ទាយមានជ័យ​ ៖​ ទីតាំង​៤​កន្លែង​ នៅ​ចំ​កណ្ដាល​ទី​រួម​ខេត្ដបន្ទាយមានជ័យ​ ដែល​ពួក​ឈ្មួញ​ធ្វើ​អាជីវកម្ម​ជីក​កកាយ​ដី​និង​ថ្មភ្នំ​យក​ទៅ​លក់​យ៉ាង​គគ្រឹកគគ្រេង​ នោះ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ដ​ឱ្យ​ដឹង​ថា​ ការ​ធ្វើ​អាជីវកម្ម​នោះ​អាជ្ញាធរ​ខេត្ដ​នឹង​ចុះ​ទៅ​ត្រួតពិនិត្យ​ដល់ទី​តាំង​ជាក់ស្ដែង​ដើម្បី​ បញ្ឈប់​ទាំងស្រុង​តែ​ម្ដង​ ។​
​ការ​ចុះ​បញ្ឈប់​អាជីវកម្ម​ជីក​កកាយ​ដី​នៅ​ក្រុង​សិរី​សោភ័ណ​ត្រូវ​គេ​មើលឃើញ​ថា​ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ គោ​ស៊ុំ​ សា​រឿ​ត​ អភិបាល​ខេត្ដបន្ទាយមានជ័យ​ បាន​ស្នើ​សុំ​ទៅ​ក្រសួង​រ៉ែ​ និង​ថាមពល​ឱ្យ​ បញ្ចប់​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ដី​ភ្នំ​ក្នុង​ ខេត្ដ​មួយ​នេះ​ ។​
​ការ​ធ្វើ​អាជីវកម្ម​ដី​ភ្នំ​ក្នុង​ខេត្ដបន្ទាយមានជ័យ​កន្លង​មក​រង​ការ​រិះគន់​ធ្ងន់ៗ​ពី​ សំណាក់​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ ពីព្រោះ​ ធ្វើ​ឱ្យ​ប៉ះពាល់​និង​បាត់បង់​សោភណភាព​ទីក្រុង​ ការ​ដឹក​ជញ្ជូន​ដី​បង្ក​ឱ្យ​ហុយ​មក​លើ​ ភូមិ​ម្ករ​ បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ និង​ធ្វើ​ឱ្យ​ផ្លូវលំ​និង​ផ្លូវជាតិ​ បាក់​ស្រុត​ ដោយ​អន្លើៗ​ ហើយ​អ្វី​ដែល​ប៉ះពាល់​ធ្ងន់​ ធ្ង​រ​នោះ​គឺ​នៅ​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង​ភ្នំ​មាន​ ចំណោត​ធ្វើ​ឱ្យ​ជ្រោះ​ដី​បាក់​ស្រុត​បង្ក​ឱ្យ​ មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ និង​សត្វ​ ព្រមទាំង​បាត់បង់​សោភណភាព​ ការ​ទាក់ទាញ​លើ​វិស័យ​ទេសចរណ៍​ ធម្មជាតិ​ផង​ដែរ​ ។​ កន្លង​មក​សិស្ស​និង​ លោកគ្រូ​អ្នកគ្រូ​សាលា​អូរ​អំបិល​ធ្លាប់​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ដឹក​ដី​ឆ្លងកាត់​ មុខ​សាលារៀន​ ដោយសារ​ភ័យ​ខ្លាច​ពី​ គ្រោះថ្នាក់​ដល់​អាយុជីវិត​ ។​
​ជុំវិញ​បញ្ហា​នេះ​ប្រជាពលរដ្ឋ​បាន​ លើក​ឡើង​ទៀត​ថា​ ធម្មតា​ប្រទេស​មាន​ ការ​អភិវឌ្ឍ​រីក​ចម្រើន​ការ​ជីកដី​ និង​ថ្មភ្នំ​ សម្រាប់​យក​ទៅ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ ជា​រឿង​សំខាន់​ពួក​គាត់​មិន​បដិសេធ​នោះ​ទេ​ ។​ ប៉ុន្ដែ​ការ​ចេញ​ច្បាប់​ពី​សំណាក់​អាជ្ញា​ ធរ​និង​ក្រសួង​ពាក់ព័ន្ធ​ឱ្យ​ឈ្មួញ​ធ្វើ​អាជីវ​ កម្ម​ដី​ភ្នំ​គួរ​ណាស់​រក​ទីតាំង​នៅ​ឱ្យ​ឆ្ងាយ​ជាង​ នេះ​បន្ដិច​ ពីព្រោះ​ទីតាំង​៤​កន្លែង​ដែល​ ឈ្មួញ​កំពុង​ធ្វើ​អាជីវកម្ម​នេះ​ជាទី​តាំងនៅ​ក្នុង​ទី​រួម​ខេត្ដបន្ទាយមានជ័យ​ ។​
​ជុំវិញ​ការ​បិទ​អាជីវកម្ម​ជីក​កកាយ​ដី​ភ្នំ​នេះ​លោក​ គោ​ស៊ុំ​ សា​រឿ​ត​ អភិបាល​ ខេត្ដបន្ទាយមានជ័យ​បាន​ប្រាប់​នគរវត្ដ​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​ ពិត​ណាស់​លោក​ នឹង​ចុះ​ត្រួតពិនិត្យ​បិទ​អាជីវកម្ម​ជីក​កកាយ​ ដី​ភ្នំ​ចំនួន​៤​កន្លែង​ក្នុង​ក្រុង​សិរី​សោភ័ណ​ ដោយសារ​លោក​បាន​ស្នើ​សុំ​ឱ្យ​ក្រសួង​រ៉ែ​និង​ថាមពល​ ហើយ​ខាង​ក្រសួង​ក៏​មាន​ ការ​គាំទ្រ​ផង​ដែរ​ ។​ លោក​គ្រោង​នឹង​ចុះ​ ត្រួតពិនិត្យ​នៅ​ថ្ងៃ​ទី​១៨​ ខែមិថុនា​នេះ​ ប៉ុន្ដែ​ដោយ​លោក​មានការ​ជាប់រវល់​នឹង​ អាច​ពន្យារពេល​ទៅ​ថ្ងៃក្រោយ​ទៀត​ ។​
​លោក​អភិបាលខេត្ដ​បាន​បញ្ជាក់​ឱ្យ​ ដឹង​ទៀត​ថា​ ការ​បិទ​អាជីវកម្ម​ដី​ភ្នំ​ប្រ​សិន​ បើ​ឈ្មួញ​នៅ​តែ​លួចលាក់​លប​ធ្វើ​អាជីវកម្ម​លោក​នឹង​មាន​វិធានការ​តាម​ច្បាប់​ ។​
​គួរ​បញ្ជាក់​ថា​ ភ្នំ​ដែល​ឈ្មួញ​ជី​កក​ កាយ​មាន​ភ្នំ​ដូងព្រះ​ ភ្នំ​បាក់​ ភ្នំ​ខ្លា​កូន​ និង​ ភ្នំ​ពង្រ​ ធ្វើ​ឡើង​ពី​សំណាក់​ឈ្មួញ​៤​នាក់​ ១-​ឈ្មោះ​ ភ្ល​ន់​ តារា​ មេបញ្ជាការ​តំបន់​ ប្រតិបត្ដិការ​សឹក​រង​ខេត្ដបន្ទាយមានជ័យ​,​ ២-​ឈ្មោះ​ ឡា​ច​ ហុ​ក​,​ ៣-​ឈ្មោះ​ ញាំ​ សា​វ៉ួ​ន​ និង​៤-​ឈ្មោះ​ យឿ​ម​ គង់​ ឈ្មួញ​ទាំង​ នេះ​បច្ចុប្បន្ន​រស់នៅ​ក្នុង​ខេត្ដបន្ទាយមានជ័យ​ ។​ ការ​បំផ្លាញ​ភ្នំ​ដើម្បី​ធ្វើ​អាជីវកម្ម​ នោះ​មិនមែន​មាន​តែ​ខេត្ដ​បន្ទាយ​មាន​ ជ័យ​ប៉ុណ្ណោះ​ទេ​ សូ​ម្បី​តែ​ខេត្ដ​ដទៃ​ទៀត​ ដូច​ជា​ខេត្ដកំពង់ស្ពឺ​ ក៏​មាន​ឈ្មួញ​ធ្វើ​អាជីវ​ កម្ម​ភ្នំ​ដែរ​ ។​ អនាគត​ធនធានធម្មជាតិ​ ស្រុក​ខ្មែរ​នឹង​រលាយ​ហិនហោច​ជា​មិន​ខាន​ ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons