Thursday, May 15, 2014

រកឃើញ​ឈើ​​ធ្នង់​ខុសច្បាប់ជាង ៦០ ម៉ែត្រគូប ​លួច​បន្លំ​នឹង​ឈើ​មានច្បាប់​ដេញថ្លៃ


  • Written by  
រកឃើញ​ឈើ​​ធ្នង់​ខុសច្បាប់ជាង ៦០ ម៉ែត្រគូប ​លួច​បន្លំ​នឹង​ឈើ​មានច្បាប់​ដេញថ្លៃ
ស្ទឹងត្រែង: សមត្ថកិច្ច​ចម្រុះ​ដែល​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញារង​អម​តុលាការខេត្ត​ស្ទឹងត្រែង ចុះ​ឃាត់​រថយន្ត​យី​ឌុប​បី​គ្រឿង កាលពី​យប់​ថ្ងៃទី​១១​ឧសភា រួច​បញ្ជូន​ទៅកាន់​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត រហូតមក​ទល់នឹង​ថ្ងៃទី​១៥ ខែឧសភា​ឆ្នាំ​២០១៤ បាន​រកឃើញថា មាន​ឈើ​លួច​ដាក់​បន្លំ​លើសពី​ច្បាប់​ដឹកជញ្ជូន​ដល់​ទៅ​ជាង ៦០ ម៉ែត្រគូប ពោលគឺ​លើសពី​ច្បាប់​កំណត់​ជាង​ពាក់កណ្តាល​។​
​សូមបញ្ជាក់ថា កាលពី​យប់​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០១៤​សមត្ថកិច្ច​រួមមាន នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បាន​សហការ​ជាមួយ​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តស្ទឹងត្រែង និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ បាន​ឃាត់​រថយន្ត​យី​ឌុប​បី​គ្រឿង​ដឹកឈើ​ស្របច្បាប់​មាន​ទិសដៅ​ចេញពី​ស្រុក​សៀម​ប៉ាង​។​
​លោក វន គុន អនុប្រធាន​ផ្នែក​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បាន​និយាយថា រថយន្ត​ដឹកឈើ​ស្របច្បាប់​ទាំងនោះ សមត្ថកិច្ច​មានការ​សង្ស័យ​ដឹក​លើសពី​ច្បាប់​អនុញ្ញាត ទើប​សហការគ្នា​ឃាត់​ដើម្បី​ត្រួតពិនិត្យ​។ ពេល​ឃាត់​រថយន្ត​ដឹកឈើ​នោះ មាន​អ្នក​រត់ការ​ម្នាក់​ចេញមុខ​អះអាងថា ឈើ​មានច្បាប់​ដេញថ្លៃ​ត្រឹមត្រូវ មិន​ចង់ឱ្យ​សមត្ថកិច្ច​ឃាត់​រថយន្ត​ដឹកឈើ​របស់ខ្លួន​ឡើយ​។​
​លោក​លី គន នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​សៀម​ប៉ាង បាន​និយាយ​ឱ្យដឹងថា ឈើ​ច្បាប់​ដេញថ្លៃ​ប្រណីត​ប្រភេទ​ធ្នង់​ចំនួន ៨៩ ម៉ែត្រគូប ក្នុង​ស្នាក់ការ​តំបន់​ព្រៃ​ការ​ឧទ្យាន​ជាតិ​វីរ​ជ័យ​សៀម​ប៉ាង​ខេត្តស្ទឹងត្រែង​។ ឈ្មោះ​ព្រំ ថន បានធ្វើ​ការដឹក​ជ​ញ្ជួ​ន​តាម​រថយន្ត​បី​គ្រឿង​ជា​លើក​ទី​១ មាន​បរិមាណ ៥៣ ម៉ែត្រគូប​ឆ្ពោះទៅកាន់​តាខ្មៅ​ខេត្តកណ្តាល​។​
​លោក​ប្រធាន​ផ្នែក​រដ្ឋបាល​ព្រៃឈើ បាន​និយាយ​បន្តទៀតថា អ្នកដេញថ្លៃ​ពិតជា​មានច្បាប់​អនុញ្ញាត​ធ្វើការ​ដឹកជញ្ជូន​ទៅកាន់​គោលដៅ​ខាងលើ ឈើ​៥៣​ម៉ែត្រគូប​ប្រាកដ​មែន ក៏ប៉ុន្តែ​បើសិនជា​សមត្ថកិច្ច​ឃាត់​ហើយ​រកឃើញ​ដាក់​លើស ឬ​យ៉ាងណា​នោះ​ម្ចាស់​ត្រូវ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​។​
​លោក​វន គុន បាន​និយាយ​ឱ្យដឹងថា ក្រោយពី​ឃាត់​រថយន្ត​យី​ឌុប​ដឹកឈើ​បី​គ្រឿង​មានច្បាប់​អនុញ្ញាត ១៦៥ ដុំ​ស្មើ ៥៣,៦៥៦ ម៉ែត្រគូប​ទេ​។ ក៏ប៉ុន្តែ សមត្ថកិច្ច​បាន​រកឃើញ​មាន​ឈើ​លើសពី​ច្បាប់​កំណត់​រហូតដល់​ទៅ​ជាង ៦០ ម៉ែត្រគូប​។ នេះ​បានន័យថា ឈើ​សរុប​ក្នុង​រថយន្ត​បី​គ្រឿង​មាន ៣៤៨ ដុំ​ស្មើ ១២២,១១១ ម៉ែត្រគូប​។ ដាក់​លើស ១៨៣ ដុំ ស្មើ ៦៨,៤៥៥ ម៉ែត្រគូប​។ ក្រោយពី​ធ្វើការ​ត្រួតពិនិត្យ​រួចរាល់​ហើយ​សមត្ថកិច្ច​បា​ន​ប្រគល់​កំណត់ហេតុ ទៅឱ្យ​ខាង​ជំនាញ​រដ្ឋបាល​ព្រៃឈើ ដើម្បី​ចាត់ការ​រថយន្ត​យី​ឌុប​ដឹកឈើ​នោះ​ជា​បន្តទៀត​។​
​លោក​សិទ្ធិ សំណាង ប្រធាន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទឹងត្រែង បាន​និយាយ​ឱ្យដឹងថា ក្រោយពី​សមត្ថកិច្ច​ប្រគល់​កំណត់ហេតុ​រថយន្ត​ដឹកឈើ​ទាំងបី​គ្រឿង ខាង​ជំនាញ​នឹងធ្វើ​ការផាកពិន័យ​ទៅលើ​ម្ចាស់​ឈើ​តាមច្បាប់​។ លោក​បន្ថែមថា ការប្រព្រឹត្ត​ខុសត្រូវ​តែ​អនុវត្ត​ទៅតាម​ច្បាប់​៕ ប្រភពពត៌មាន ៖ cen

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons