មណ្ឌលគិរី: មានសេចក្តីរាយការណ៍ថា ក្រុមហ៊ុនមួយចំនួនគ្មានអាជ្ញាប័ណ្ណបាន និងកំពុងបំផុសជនចំណាកស្រុក រាប់រយនាក់ ឲ្យនាំគ្នាមកជីកយក រ៉ែមាស រ៉ែលោហៈនិងរ៉ែថ្មពណ៌មាន តម្លៃនៅស្រុកកោះញែក និងស្រុក ពេជ្រាដា ខេត្ដមណ្ឌលគិរី ។
បើតាមសម្ដីរបស់ពលរដ្ឋ និង ប្រជាសហគមន៍បាននិយាយថា បច្ចុប្បន្ន គេឃើញមានក្រុមហ៊ុន មួយមិនដឹងថាមានច្បាប់ឬអត់នោះទេដែលមាន លោក មាស ស៊ីណា ហៅឌីស៊ីណា ជាមេការកំពុងរកស៊ីធ្វើរ៉ែមាសនេះ។ ប្រភពបានបន្ដថា ទីតាំងល្អៗខ្លឹមៗ សម្បូរដោយមាស និងលោហធាតុ ផ្សេងៗ ត្រូវបានលោកឌីស៊ីណា លក់ឱ្យ មនុស្សជាច្រើន ដែលមានលទ្ធភាព ជីកកកាយរកមាស ថែមទាំងលក់ទីតាំង មួយចំនួនឱ្យជនជាតិវៀតណាមទៀត ផង។ លោកមេការ តែងនិយាយថា ពុំមាននរណាហ៊ានធ្វើអ្វីរូបគេទេ ព្រោះ គេមានខ្នងក្រាស់ណាស់ នៅឯទីក្រុង ភ្នំពេញ។
ប្រជាពលរដ្ឋនៅខេត្ដមណ្ឌលគិរី ដែលដឹងរឿងបានសម្ដែងនូវការ មិនសប្បាយចិត្ដ នៅពេលដែលឃើញ លោកមាសស៊ីណា យកធនធានធម្មជាតិ ធ្វើមានធ្វើបាន ហើយគេក៏មិនដឹងថា មានប្រាក់ពន្ធចូលរដ្ឋ ឬយ៉ាងណាដែរ ។ មានរបាយការណ៍បន្ថែមថា លោក មាស ស៊ីណា ហៅឌីស៊ីណា បានចាត់ ចែងឱ្យគ្រឿងចក្រជាច្រើនគ្រឿងរបស់ វៀតណាមចូលតាមច្រករបៀង ការពារព្រំដែនប៉ុស្ដិ៍៣ នៅស្រុកកោះ-ញែក ដើម្បីជីកកកាយ និងធ្វើអាជីវកម្ម រ៉ែមាស ដោយខុសច្បាប់ថែមទៀតផង ដោយមានការសហការជាមួយលោក ប្រធានប៉ុស្ដិ៍៣ រីឯលោកប្រធានគ៣ ក៏ដឹងរឿងដែរ៕