Friday, July 19, 2013

លោក​សម រង្ស៊ី មកដល់​ឡើង​ជិះឡាន ជាមួយ​លោក កឹម សុខា ទៅ​ទីលាន​ប្រជាធិបតេយ្យ



លោក​សម រង្ស៊ី មកដល់​ឡើង​ជិះឡាន ជាមួយ​លោក កឹម សុខា ទៅ​ទីលាន​ប្រជាធិបតេយ្យ
ភ្នំពេញ:  លោក​សម រង្ស៊ី មេដឹកនាំ​គណបក្សប្រឆាំង បានធ្វើ​ដំណើរ​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅវេលា​ម៉ោង ៩​ព្រឹក ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៣​។​

​លោក​សមរង្ស៊ី បាន​ថ្លែង​យ៉ាងខ្លី​ទៅកាន់​អ្នកកាសែត​ថា លោក​រំភើប ដែល​បាន​វិលត្រឡប់​មកវិញ​។ លោក​អះអាងថា លោក​មកវិញ​នេះ ដើម្បី​សង្គ្រោះ​ជាតិ​។​
លោក សមរង្ស៊ី ត្រូវបាន​អមដោយ​លោក កឹម សុខា ដើរ​ចេញពី​ព្រលានយន្តហោះ នៅ​ខាង​ផ្នែក VIP ហើយ​បាន​ឡើង​ឡាន​អត់​ដំបូល ឈរ​ស្វាគមន៍​អ្នកគាំទ្រ ដើម្បី​ធ្វើដំណើរ​សំដៅទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ​។​
​ ការវិលត្រឡប់​របស់​លោក​សម រង្ស៊ី គេ​សង្កេតឃើញថា សកម្មជន​ដែល​ទៅ​ហែហម​នោះ មាន​ចំនួន​រាប់ពាន់​អ្នក នៅតាម​ដងផ្លូវ ដោយ​គ្មាន​សណ្តាប់ធ្នាប់ មានការ​កកស្ទះ​ផ្លូវ ស្ទើរ​គ្រប់កន្លែង​។ ម្យ៉ាងទៀត លោក​សម រង្ស៊ី ដែល​បាន​អះអាងថា ខ្លួន​ជា​អ្នក ស្នេហា​ជាតិ​នោះ មិនបាន​ក្រាប​សំពះ​ដី​ទេ គឺ​ឡើង​ឡាន ជិះ​ជាមួយ លោក កឹម សុខា សំដៅទៅ​ទីលាន​ប្រជាធិបតេយ្យ​តែម្តង​។​

​ បើតាម​កម្មវិធី​ដែល​បានគ្រោង​ទុក​នោះ គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​ឲ្យ​ដឹងថា លោក​សម រង្ស៊ី ត្រូវ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និង​អ្នកគាំទ្រ នៅមុខ​ផ្សារ​ស៊ិន​ជូ​រី​ផ្លា​ហ្សា មុននឹង​ចេញដំណើរ​ទៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ជិត​វត្តភ្នំ ដើម្បី​ជួប​សកម្មជន​អ្នកគាំទ្រ​។ ពេល​រសៀល​ថ្ងៃ​ដដែល​នេះ លោក​សមរង្ស៊ី នឹង​ដឹកនាំ​ក្បួន​ឃោសនាបោះឆ្នោត​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ជាមួយ​លោក​កឹម សុខា នៅ​ភ្នំពេញ​។​
ការវិល​ត្រឡប់មក​ក​ម្ពុ​ជា​របស់លោក​សម រង្ស៊ី បន្ទាប់ពី​មានការ​លើកលែងទោស​ពី​ព្រះមហាក្សត្រ តាម​សំណើ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។ ហើយ​ការវិលត្រឡប់​នេះ គឺ​ក្រោយពី​លោក​បាន​និរទេស​ខ្លួន ចេញទៅ​ក្រៅប្រទេស ដោយ​ខ្លួនឯង​អស់ រយៈពេល​ជាង ៤​ឆ្នាំ គិត​ចាប់ពី​ចុងឆ្នាំ​២០០៩ ដោយសារតែ​លោក​បាន​ប្រព្រឹត្ត​ខុស ទាក់ទង​ទៅនឹង​ការដក​តម្រុយ​បង្គោលព្រំ​ដែនកម្ពុជា វៀតណាម លេខ​១៨៥ នៅ​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង ការ​ក្លែងបន្លំ​ឯកសារ​នៅលើ​ផែនទី ការ​បរិហាកេរ្តិ៍ និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដោយ​ត្រូវ​តុលាការ​ផ្តន្ទាទោស​កំបាំង​មុខ ដាក់ពន្ធនាគារ​ជាង ១០ ឆ្នាំ​។​

​ ជាមួយគ្នានេះ កំលាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចម្រុះ ប៉ូលិស ប៉េអឹម ជាច្រើន​នាក់ ក៏ត្រូវ​បានដាក់​ពង្រាយ​តាម​ដងផ្លូវ ដើម្បី​រៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់ នៅតាម​ដងផ្លូវ និង​ការពារ​កុំ​ឲ្យ​ជន​ឱកាសនិយម ប្រព្រឹត្ត​អ្វីដែល​ធ្វើ​ឲ្យ​មាន​ភាពចលាចល ពិសេស​គឺ​ការពារ​នូវ​សុវត្ថិភាព​របស់លោក​ស​មរ​ង្ស៊ី​។​

​លោក​យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹងថាៈ​" សមាជិក សមាជិកា និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ​ជា ៤​ម៉ឺន​នាក់ ត្រូវបាន​រៀបចំ ដើម្បី​ទៅ​ទទួល​លោក​សម រង្ស៊ី ពេល​វិល​មក​កម្ពុជា​វិញ​។ ក្នុង​ចំនួន​៤​ម៉ឺន​នាក់​នោះ មាន​២​ម៉ឺន​នាក់ ទៅ​ទទួល​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​២​ម៉ឺន​នាក់​ទៀត រង់ចាំ​ទទួល​នៅ​ទីលាន​ប្រជាធិបតេយ្យ "​។​
ចំណែក​លោក​គៀត ច័ន្ទ​ថា​រិ​ទ្ធ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​មានប្រសាសន៍ប្រាប់ CEN កាលពី​ល្ងាច ថ្ងៃទី​១៨  ខែកក្កដា ឲ្យ​ដឹងថាៈ​" កំលាំង​សមត្ថកិច្ច​ជាច្រើន​នាក់ និង​គ្រប់គ្រាន់ ដើម្បី​ធានា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​។ សមត្ថកិច្ច​ការពារ​ទាំ​ង​ខាងក្នុង និង​ទាំង​ខាងក្រៅ លើកលែងតែ​ក្នុង​ក្បួន​។ សន្តិសុខ​ផ្ទៃក្នុង នៅក្នុង​ក្បួន គឺ​កំលាំង​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ជា​អ្នករៀបចំ និង​ទទួលខុសត្រូវ "​។​

​ លោក​បាន​បន្តថាៈ​" កំលាំង​ប៉ូលិស និង​កងរាជអាវុធហត្ថ សហការគ្នា ដើម្បី​ធានា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​។ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ កំលាំង​សមត្ថកិច្ច​មាន​ចំនួន​ច្រើន ដើម្បី​ធានា​ខុសត្រូវ ពីព្រោះ​សមត្ថកិច្ច ត្រូវ​ប្រយ័ត្នប្រយែង​។ សមត្ថកិច្ច​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ ពីព្រោះ​វា​ទាក់ទង​នឹង​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ របៀបរៀបរយ​សង្គម ហើយ​សមត្ថកិច្ច ត្រូវតែ​រៀបចំ "​។​

​ រីឯ​លោក ខេង ទី​តូ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ឲ្យ​ដឹង​ដែរ​ថាៈ​" កំលាំង​កង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន ៣០០​នាក់ និង​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស ២០០ នាក់ ត្រូវបាន​រៀបចំ សម្រាប់​ការពារ និង​ត្រៀម​ជួយ​ធ្វើ​អន្តរាគមន៍ នៅពេលដែល​កើតមាន​ឧបទ្ទវហេតុ កើតឡើង​ដោយ​ចៃដន្យ​ណាមួយ ក្នុងពេល​លោក​សមរង្ស៊ី វិល​មកវិញ នៅ​ព្រឹក​នេះ "​។

​ លោក​បាន​បន្តថាៈ​" កំលាំង​ដែល​ចូលរួម​ការពារ​តាំងពី​ព្រលានយន្តហោះ និង​នៅតាម​ដងផ្លូវ គឺ​ខាង​កងរាជអាវុធហត្ថ​ក្រុង ចេញមក ៣០០ នាក់ ជា​អ្នកប្រតិបត្តិ​ផ្ទាល់​។ រីឯ​កំលាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចំនួន ២០០ នាក់ ត្រៀម​អន្តរាគមន៍ នៅពេល​ដែលមាន​បញ្ហា​អ្វី​កើតឡើង "៕ CEN

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons