Thursday, October 4, 2012

អនុរក្សពន្ធនាគារ៣នាក់ ត្រូវបានឃាត់ខ្លួន ពីបទផ្តល់ឳកាសឲ្យអ្នកទោសរត់​


  Oct-05-2012
កំពង់ចាម៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម រួមជាមួយស្ថាប័នអយ្យការអមសាលាដំបូងខេត្ត
បានធ្វើការស្រាវជ្រាវ និងចាប់ខ្លួនក្រុមអនុរក្សពន្ធនាគារខេត្តកំពង់ចាម ចំនួន៣នាក់ បញ្ជូនទៅសាលាដំបូងខេត្តនៅ
ល្ងាចថ្ងៃទី៤ ខែតុលា ឆ្នាំ២០១២  ដែលមន្ត្រីអនុរក្សទាំង៣នាក់នោះ ជាប់ពាក់ព័ន្ធក្នុងការផ្តល់ឱកាសឲ្យពួកអ្នកទោស
ឧក្រិដ្ឋ ៣នាក់ហែកគុករត់គេចខ្លួន កាលពីយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១២។

                

                            


                           

​                                          មន្ត្រីអនុរក្សពន្ធនាគារ ដែលសមត្ថកិច្ចឃាត់ខ្លួន
មន្ត្រីអនុរក្ស៣នាក់ ដែលសមត្ថកិច្ចបានចាប់ខ្លួនមានឈ្មោះ ទី១. ស៊ិន អម ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅ ភូមិធំ ឃុំសំពោង ស្រុកគីរីវង់ ខេត្តតាកែវ ទី២. ឈ្មោះ នៅ សុខុន ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិ អំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ទី៣. ឈ្មោះ មាស ម៉ានិត ភេទប្រុស អាយុ ២៨ឆ្នាំ មាន ទីលំនៅភូមិបឹងកុក សង្កាត់បឹងកុក ក្រុងកំពង់ចាម។
វរសេនីយ៍ទោ សាន សុភា ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានមានប្រសាសន៍ថា ដោយបានការ អនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី ឆាយ គឹមសុន ស្នងការនគរបាលខេត្ត ក៏ដូចជាលោកវរសេនីយ៍ឯក ជឹម សេងហុង ស្នងការរងទទួលផែនយុត្តិធម៌ បានចេញបទបញ្ជាយ៉ាង ម៉ឺងម៉ាត់ ឲ្យកម្លាំងជំនាញពាក់ព័ន្ធ បើកការស៊ើបអង្កេត និងស្រាវ ជ្រាវរកមូលហេតុ ដែលបណ្តាលឲ្យអ្នកទោស បទឧក្រិដ្ឋចំនួន៣នាក់ ហែកគុករត់ចេញបាត់កាលពីយប់ថ្ងៃទី១ ខែតុលា កន្លងទៅថ្មីៗនេះ។
លោក សាន សុភា បានបន្តទៀតថា ឆ្លងតាមការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់រហូតមកដល់ពេលនេះ សមត្ថកិច្ច រក ឃើញថា រឿងហេតុដំបូង គឺផ្តើមចេញពីទណ្ឌិតម្នាក់ឈ្មោះ ឌឿក តុង ជាមួយនិងមន្ត្រីអនុរក្សឈ្មោះ ម៉ានិត ដែលជាមន្ត្រី ប្រចាំការក្នុងពន្ធនាគារ ហើយទាំងពីរនាក់នេះ បានទំនាក់ទំនងគ្នាយូរថ្ងៃមកហើយ ដោយឈ្មោះ ឌឿក តុង បានខ្ចីលុយ ម៉ានិត អស់ចំនួន ៣៧ម៉ឺនរៀល។ លុះដល់ថ្ងៃទី៣០ ខែកញ្ញា ម៉ានិត បានទាលុយពី តុង តែ តុងថា គ្មានលុយ ហើយក៏ខ្ចី ទូរស័ព្ទម៉ានិតទំនាក់ទំនងទៅគ្រួសារ ដើម្បីរកលុយសងវិញ។ នៅថ្ងៃដដែលនោះ ទណ្ឌិត ឌឿក តុង បានប្រាប់មន្ត្រីអនុរក្ស ឈ្មោះ ម៉ានិតថា «សូមបងជួយទិញផ្លែរណាឲ្យគេចំនួន៣ គេនិងផ្តល់ លុយចំនួន ៥០០ដុល្លារបន្ថែមក្នុងលុយជំពាក់» ពេលនោះមន្រ្តីអនុរក្ស ម៉ានិតក៏យល់ព្រម។
រហូតដល់ថ្ងៃទី១ ខែតុលា ឈ្មោះ ម៉ានិត បានទិញផ្លែរណាចំនួន៣ លុះដល់ម៉ោង១០ព្រឹកដដែល ម៉ានិត បានយកផ្លែរណា ឲ្យទណ្ឌិត ឌឿក តុង នៅក្នុងបន្ទប់ពន្ធនាគារលេខ១១ ។
លោក សាន សុភា បានប្រាប់អោយដឹងទៀតថា ទណ្ឌិត ឌឿក តុង ក៏មានទំនាក់ទំនងជាមួយមន្ត្រីអនុរក្ស២នាក់ទៀត ឈ្មោះ ស៊ិន អម និងឈ្មោះ នៅ សុខុន ក្នុងការប្តូរបន្ទប់ពីបន្ទប់លេខ១១ ទៅបន្ទប់លេខ ១៩ ដែលជាបន្ទប់កើតហេតុ នៅថ្ងៃ ទី១ ខែតុលានោះ ។ គោលបំណងរបស់ទណ្ឌិត ឌឿក តុង ក្នុងការប្តូរបន្ទប់នេះ គឺវាដើម្បីប្រមូលរកបក្សពួក ដែល អាចទុកចិត្តបាន ដើម្បីធ្វើសកម្មភាពអារចំរឹងបង្អួចលួចរត់ ព្រោះថា ឌឿក តុង មានរណាចំនួន៣ នៅក្នុងដៃរួច ហើយ។
នៅវេលាម៉ោង៣រសៀលថ្ងៃទី១ ខែតុលា នោះ ឌឿក តុង ត្រូវបានប្តូរបន្ទប់ពីលេខ១១ ទៅលេខ១៩ ដែលដាក់សុទ្ធតែ
ទណ្ឌិតបទឧក្រិដ្ឋចំនួន១២នាក់ លុះដល់ម៉ោង៤ ទើបពួកគេ បាននាំគ្នាអារចំរឹងដែករហូតដល់ម៉ោង៦ ទៅ ម៉ោង៧យប់ ទើបអារដាច់ចំរឹងដែក រហូតដល់ម៉ោង១១ និង៣០នាទីយប់នោះ ក្រុមឌឿក តុង បាននាំគ្នាលូន ចេញម្តងម្នាក់ៗ រហូតដល់ អ្នកទី៦ ទើបមន្ត្រីអនុរក្ស បានដឹងហើយក៏ព័ទ្ធចាប់ បានចំនួន៣នាក់មកវិញ ហើយអ្នក
ដែលបានរត់រួច ក្នុងនោះ មានឈ្មោះ ឌឿក តុង ភេទប្រុស អាយុ ៣៧ឆ្នាំ ជាទណ្ឌិតជាប់ពន្ធនាគារ៣០ឆ្នាំ ពីបទមនុស្សឃាតនៅស្រុកតំបែរ២ ឈ្មោះ សេន ប៊ុនថេន ជាទណ្ឌិតជាប់ពន្ធនាគារ ១៥ឆ្នាំ ពីបទធ្វើមនុស្សឃាតនៅ ស្រុកមេមត់ ទី៣. ឈ្មោះ ប្រុស ចិត្ត ជាប់ពន្ធនាគារ សរុប ៦៣ឆ្នាំ ពីបទប្លន់ប្រដាប់អាវុធចំនួន៩ករណី ដែល តុលាការរាជធានីភ្នំពេញ និងខេត្តកណ្តាល បាន កាត់ទោស ហើយបញ្ជូនមកពន្ធនាគារខេត្តកំពង់ចាម។ ចំណែក ឯអ្នកទោស៣នាក់ ដែលចាប់បានមកវិញ ទី១. ឈ្មោះ រស់ សឿន ទី២. ឈ្មោះ ឱ ជ័យ ទី៣. ឈ្មោះ ណេត ណាក់ ហៅម៉ៅ។ ចំណែកអនុរក្សចំនួន ៣នាក់ ដែលបានចាប់ខ្លួន សមត្ថកិច្ចនគរបាល នៃការិយាល័យពហ្ម ទណ្ឌកម្រិតធ្ងន់ បានបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម ដើម្បីចាត់ការបន្ត៕by cam111

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons