Monday, September 3, 2012

ចិន​យល់​ព្រម​​ផ្ដល់​កម្ចី​សម្បទាន​ជាង​៥០០​លាន​ដុល្លារ​ដល់​កម្ពុជា

ដោយ សុខ សេរី
2012-09-03
(​វិទ្យុ​អាស៊ីសេរី)

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល វិល​ត្រឡប់​មក​ដល់​កម្ពុជា​វិញ​ហើយ នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១២ ក្រោយ​ពី​បាន​បំពេញ​ទស្សនកិច្ច​រយៈពេល​១​សប្ដាហ៍​នៅ​ប្រទេស​អ៊ីរ៉ង់ (Iran) និង​ប្រទេស​ចិន ចាប់​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា ដល់​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ចាប់​ដៃ​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្រោយ​ត្រឡប់​មក​ពី​ចូល​រួម​កិច្ចប្រជុំ​នៅ​ប្រទេស​អ៊ីរ៉ង់ និង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន កាល​ពី​ថ្ងៃ​៣ កញ្ញា ឆ្នាំ​២០១២។
លោក ​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ចាប់​ដៃ​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្រោយ​ត្រឡប់​មក​ពី​ចូល​រួម​កិច្ចប្រជុំ​នៅ​ប្រទេស​អ៊ីរ៉ង់ និង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន កាល​ពី​ថ្ងៃ​៣ កញ្ញា ឆ្នាំ​២០១២។

នាយករដ្ឋមន្ត្រី​ចិន លោក វិន ជាបាវ (Wen Jiabao) បាន​យល់​ព្រម​ផ្ដល់​កម្ចី​សម្បទាន​ចំនួន​ជាង ៥០០​លាន​ដុល្លារ​អាមេរិក សំរាប់​រយៈពេល ៥​ឆ្នាំ ដើម្បី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា យក​មក​ចំណាយ​លើ​គម្រោង​ចំនួន ៧ ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ ស្ពាន និង​ប្រព័ន្ធ​ធារាសាស្ត្រ។
បន្ថែម​លើ​នេះ​ទៀត លោក វិន ជាបាវ បាន​យល់​ព្រម​ផ្ដល់​កម្ចី​សម្បទាន​ចំនួន​រវាង ៣០០​លាន​ដុល្លារ​អាមេរិក ទៅ ៥០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ សំរាប់​រយៈពេល ៥​ឆ្នាំ ដើម្បី​យក​មក​ចំណាយ​លើ​គម្រោង​អភិវឌ្ឍន៍​សំខាន់ៗ​មួយ​ចំនួន​ទៀត​នៅ​ប្រទេស​ កម្ពុជា។
ការ​យល់​ព្រម​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ទ្វេភាគី​រវាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​នាយករដ្ឋមន្ត្រី​ចិន លោក វិន ជាបាវ កាល​ពី​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១២។
រដ្ឋមន្ត្រី​អម​ប្រតិភូ​នាយករដ្ឋមន្រ្តី លោក អូន ព័ន្ធមុនីរ័ត្ន និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ថា នៅ​ក្នុង​ចំណោម​គម្រោង​ទាំង ៧ នោះ គឺ​មាន​គម្រោង​ចំនួន ៤ ត្រូវ​បាន​ចុះ​ហត្ថលេខា​រួច​ហើយ នៅ​សល់​គម្រោង​ចំនួន ៣​ទៀត នៅ​បន្ត​ធ្វើ​ការងារ​រវាង​មន្ត្រី​ក្រុម​ការងារ​កម្ពុជា និង​ចិន។
លោក អូន ព័ន្ធមុនីរ័ត្ន៖ «សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ឆ្នាំ​ ២០១២ ដែល​កម្ពុជា​យើង​បាន​រៀបចំ​ជា​បញ្ជី​អាទិភាព ហើយ​បាន​ដាក់​ស្នើ​សុំ​ហិរញ្ញប្បទាន​សម្បទាន​ពី​ភាគី​ចិន ក្នុង​ទំហំ​ប្រមាណ​ជាង ៥០០​លាន​ដុល្លារ​អាមេរិក។ …ចំពោះ​គម្រោង​ដែល​នៅ​សេសសល់​មួយ​ចំនួន​ទៀត គឺ​ឯកឧត្ដម​នាយករដ្ឋមន្ត្រី​ចិន លោក​បាន​បញ្ជាក់​ថា បាន​ណែនាំ​ឲ្យ​មន្ត្រី​ជំនាញ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​ចិន ធ្វើ​ការ​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា ដើម្បី​បន្ត​ធ្វើ​ការ​បញ្ចប់​លើ​កិច្ច​ព្រមព្រៀង​នេះ ហើយ​នឹង​អាច​ចុះ​ហត្ថលេខា​បាន​ជា​បន្ត​ទៀត​នៅ​ឆ្នាំ​នេះ»
ក្រៅ​ពី​នេះ នាយករដ្ឋមន្ត្រី​ចិន លោក វិន ជាបាវ បាន​សន្យា​ផ្តល់​ប្រាក់​ជំនួយ​ឥត​សំណង​ចំនួន ១៥០​លាន​យន់ ស្មើ​នឹង​ជាង ២៥​លាន​ដុល្លារ​អាមេរិក ជូន​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន។
ទាក់ទង​នឹង​ប្រាក់​កម្ចី​ដ៏​សន្ធឹកសន្ធាប់​នេះ តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា លោក​ព្រួយ​បារម្ភ​អំពី​ឥទ្ធិពល​របស់​ប្រទេស​ចិន មក​លើ​ប្រទេស​កម្ពុជា កាន់​តែ​ខ្លាំង​ជាង​ប្រទេស​មហា​អំណាច​ដទៃ​ទៀត។
លោក សុន ឆ័យ៖ «យើង​ជំពាក់​លុយ​ចិន ត្រូវ​តែ​ចិន​មាន​ការ​ទទួល​ខុស​ត្រូវ​ផង​ដែរ​ក្នុង​ការ​សាងសង់​សំណង់​របស់​ យើង​ឲ្យ​មាន​គុណភាព ហើយ​ត្រូវ​តែ​ឲ្យ​មាន​តំលៃ​សមរម្យ កុំ​ឲ្យ​ធ្វើ​ដោយ​រំលោភ​ច្បាប់​នៃ​ប្រទេស​កម្ពុជា ដោយ​មិន​មាន​ការ​ដេញ​ថ្លៃ​ត្រឹមត្រូវ ហើយ​បំប៉ោង​តំលៃ​សាងសង់។ ចំណុច​ទី​២ គឺ​ប្រទេស​កម្ពុជា មិន​ត្រូវ​បណ្ដោយ​ឲ្យ​មាន​ការ​ជំពាក់​បុល ជាពិសេស​ជាមួយ​ប្រទេស​ចិន ហួស​ហេតុ ធ្ងន់ធ្ងរ​ហួស​សមត្ថភាព ដែល​យើង​អាច​សង​ប្រទេស​នេះ​បាន​នោះ​ទេ។ ជំពាក់​រុំក្បិន​នេះ​អាច​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា មិន​អាច​រួប​ផុត​ពី​ភាព​ក្រីក្រ ហើយ​ស្ថិត​ក្នុង​ឥទ្ធិពល​នយោបាយ​របស់​ចិន»
កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​សុំ​ប្រាក់​កម្ចី​ពី​ប្រទេស​ចិន ជាង ៥០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ សំរាប់​រយៈពេល ៥​ឆ្នាំ ដើម្បី​យក​មក​ចំណាយ​លើ​ការ​ស្តារ​ឡើង​វិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ ថ្នល់ ស្ពាន និង​ប្រព័ន្ធ​ធារាសាស្ត្រ ដែល​រង​ការ​ខូចខាត​ដោយសារ​ទឹក​ជំនន់​កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ។
កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ អនុ​ប្រធាន​ទី​មួយ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នៅ​ ប្រទេស​កម្ពុជា លោក ញឹម វណ្ណដា បាន​ប្រកាស​ថា រដ្ឋាភិបាល​កំពុង​ត្រៀម​វិធានការ​ចាំបាច់​នានា ដើម្បី​សង្គ្រោះ​បន្ទាន់ នៅ​គ្រា​ដែល​មាន​ទឹក​ជំនន់​នៅ​ឆ្នាំ​២០១២ នេះ ក្នុង​នោះ​រដ្ឋាភិបាល​ត្រៀម​ស្បៀង​អាហារ​ចំនួន ១,​៦​សែន​តោន។
នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​ដែរ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​យល់​ព្រម​ជា​គោលការណ៍​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចិន​ដ៏​ធំ​មួយ​ឈ្មោះ ឌីឡុង (Dilong) មក​សាងសង់​រោងចក្រ​ស្ល​ដែក​នៅ​ប្រទេស​កម្ពុជា នៅ​ពេល​ខាង​មុខ​នេះ។
រដ្ឋមន្ត្រី​អម​ប្រតិភូ​នាយករដ្ឋមន្ត្រី លោក អូន ព័ន្ធមុនីរ័ត្ន និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ថា គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​នោះ គឺ​មាន​តំលៃ​ជាង​ពីរ​ពាន់​លាន​ដុល្លារ​អាមេរិក។
លោក​បន្ត​ថា ក្រុមហ៊ុន​នេះ​មាន​សមត្ថភាព​ផលិត​ដែក​ចំនួន​ជាង ៣​លាន​តោន​ក្នុង​មួយ​ឆ្នាំៗ ហើយ​ក្រុមហ៊ុន​នេះ​ក៏​មាន​ជំនាញ​ខាង​សាងសង់​សួន​ឧស្សាហកម្ម រោងចក្រ​អគ្គិសនី និង​ផលិត​ដែក​ថែប​ជាដើម។
ការ​យល់​ព្រម​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ទ្វេ​ភាគី​រវាង​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមួយ​នាយក​ក្រុមហ៊ុន​ចិន​នោះ កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា កន្លង​ទៅ​នេះ នៅ​ប្រទេស​ចិន។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ឲ្យ​ប្រធាន​ក្រុមហ៊ុន​ចិន​នោះ សុំ​ពាក្យ និង​ឯកសារ​ដោយ​ផ្ទាល់​ជាមួយ​មន្ត្រី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា ស៊ីឌីស៊ី (CDC)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons