Saturday, August 11, 2012

ចាញ់ល្បែង​បែកគំនិត​កិបប្រាក់​ក្រុមហ៊ុន​៨៥.៣០០​ដុល្លារ​ត្រូវ​ឃុំខ្លួន

ដោយ​ ៖ ​បញ្ញា(អត្ថបទនគរវត្ត)​ ថ្ងៃទី 11 សីហា 2012ម៉ោង 17:15:01
​ ភ្នំពេញ​ ៖​ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឃុំខ្លួន​បុរស​ម្នាក់​ជា​បុគ្គលិក​ ផ្នែក​ទីផ្សារ​នៅ​ក្នុង​ក្រុមហ៊ុន​លក់​ ថ្នាំពេទ្យ​ពន្លឺ​ឧត្ដម​ ក្រោម​បទចោទប្រកាន់​រំលោភសេចក្ដីទុកចិត្ដ​ ដោយ​យោង​តាម​មាត្រា​៣៩១​ និង​មាត្រា​៣៩២​នៃ​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ កាលពី​ល្ងាច​ថ្ងៃ​ទី​១១​ខែសីហា​ឆ្នាំ​២០១២​។​ បើសិនជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ រាជធានី​ភ្នំពេញ​រក​ឃើញ​ថា​ បុរស​រូប​នេះ​មាន​ពិរុទ្ធភាព​ដូច​ការ​ចោទប្រកាន់​មែន​នោះ​ បុរស​រូប​នេះ​អាច​ប្រឈម​នឹង​ ការ​ជាប់​ពន្ធនាគារ​ពី​៦​ខែ​ទៅ​៣​ឆ្នាំ​ និង​ ពិន័យ​ជា​ប្រាក់​ពី​១​លាន​ទៅ​៦​លាន​រៀល​ ។​
​បុរស​ រូប​នោះ​ឈ្មោះ​ សុខ​ ទូច​ ហៅ​ ឆ្លូញ​ អាយុ​២៦​ឆ្នាំ​ ជា​បុគ្គលិក​ផ្នែក​ទីផ្សារ​ នៅ​ក្នុង​ក្រុមហ៊ុន​លក់​ថ្នាំពេទ្យ​ពន្លឺ​ឧត្ដម​ ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ ទី​៩​ ខែសីហា​ឆ្នាំ​២០១២​ នៅ​កន្លែងធ្វើការ​របស់​ខ្លួន​ ។
​​ ដើមហេតុ​នាំ​ឱ្យ​ឈាន​ដល់​ការ​ឃាត់ខ្លួន​បុរស​រូប​នោះ​ គឺ​កាលពី​ឆ្នាំ​២០០៦​ បុរស​រូប​នេះ​បាន​ចូល​មក​ធ្វើការ​នៅ​ក្នុង​ ក្រុមហ៊ុន​លក់​ថ្នាំពេទ្យ​ខាងលើ​នៅ​សាខា​ផ្សារ​អូ​ឡាំ​ពិ​ក​ ដោយ​ធ្វើ​ជា​បុគ្គលិក​ធម្មតា​ប៉ុណ្ណោះ​ ។​ លុះដល់​ឆ្នាំ​២០០៩​ ថៅកែ​បាន​ ទុកចិត្ដ​ឱ្យ​បុរស​រូប​នេះ​កាន់​តំណែង​ផ្នែក​ ទីផ្សារ​ ដោយ​ត្រូវ​យក​អីវ៉ាន់​ទៅ​បោះ​ឱ្យ​ម៉ូយ​ ហើយ​ក្នុង​ការ​ដាក់​អីវ៉ាន់​ម្ដងៗ​គិត​ ជា​ទឹកប្រាក់​ពី​៦.០០០​ដុល្លារ​ទៅ​៨.០០០​ដុល្លារ​ ។​ ក្រោយមក​បុរស​រូប​នេះ​បាន​ទៅ​លេងល្បែង​នៅ​ក្នុង​កាស៊ីណូ​ ហើយ​ ចាញ់​ប្រាក់​អស់​ ទើប​បែកគំនិត​កិប​លុយ​ ក្រុមហ៊ុន​ដោយ​ក្នុង​ពេល​យក​អីវ៉ាន់​ឱ្យ​ម៉ូយ​ម្ដងៗ​កិបប្រាក់​ពី​៥០០​ ដុល្លារ​ទៅ​ ១.០០០​ដុល្លារ​ និង​ក្នុង​មួយ​ខែ​កិបប្រាក់​ក្រុមហ៊ុន​បាន​ពី​២.០០០​ដុល្លារ​ទៅ​៣.០០០​ ដុល្លារ​ ។
​​ ក្រោយមក​ទើប​ក្រុមហ៊ុន​មានការ​សង្ស័យ​បាន​ទូទាត់​ប្រាក់​ ទើប​ឃើញ​ថា​ បាត់​អស់​៨៥.៣០០​ដុល្លារ​ ហើយ​ថៅកែ​ ក្រុមហ៊ុន​ក៏​បាន​ប្ដឹង​មក​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ឱ្យ​ឃាត់ខ្លួន​តែ​ ម្ដង​៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons