Saturday, August 11, 2012

ត្រួត​ពិនិត្យ​កម្លាំង​​នគរ​បាល​​​វរការពារ​​ព្រំ​ដែន​​​គោក​លេខ​911​​​និង​​​ប្រគល់​​វិទ្យុ​ទាក់ទង​


(ដោយ៖អ៊ិនសាមិត្ត​​ប៉ោយ​ប៉ែត​) ៖ លោក​វរសេនីយ៍​ឯក​ សំ ជិត ​ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ទទួល​ផែន​ព្រំដែន​ និង​លោកវរសេនីយ៍​ត្រី​សូ ចាន់ណារី មេ​បញ្ជា​ការវរការពារព្រំដែន​គោកនៃវរសេនាតូច​លេខ​៩១១ ឈរជើងនៅក្រុងប៉ោយប៉ែត កាលពីរសៀលថ្ងៃទី៨ សីហា ឆ្នាំ២០១២​បាន​ចុះត្រួត​ពិនិត្យកម្លាំង​នគរបាល​ការ​ពារ​ព្រំដែន​គោកវរសេនា​តូចលេខ​៩១១​​​ដែល​​កំពុង​ឈរ​ជើង​​តាម​បន្ទាត់​ព្រំដែនកម្ពុជាថៃ ។
លោក​វរ​សេនីយ៍ត្រី​ សូ ចាន់ណារី មេបញ្ជា​​ការ​វរការ​ពារព្រំដែន​គោកលេខ​៩១១ ឈរជើង​​នៅ​ក្រុង​​ប៉ោយប៉ែត​បានឱ្យដឹងថា ការ​ចុះត្រួត​ពិនិត្យ​កម្លាំង​​នគរបាលការ​ពារព្រំដែន​​នៅពេល​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ពង្រឹងកម្លាំង​សមត្ថកិច្ច​ទាំងអស់​ឱ្យ​យក​ចិត្តទុកដាក់ការ​ពារ​សន្តិសុខ​​ព្រំដែន​កន្លែង​ដែលឈរ​ជើងតាម​គោល​ដៅនីមួយៗ​ឱ្យ​បាន​ល្អប្រសើរ ។
លោកមេបញ្ជាការបន្តថា ជាការលើកទឹក​ចិត្ត​​ដល់​កងកម្លាំង​នគរ​បាលវរ​ការពារ​ព្រំដែន​គោក​លេខ៩១១​ ផងដែរ លោក​ឧត្តម​សេនីយ៍ត្រី​ ខេង​ ស៊ុម​ ស្នងការនគរ​បាល​ខេត្តបន្ទាយ​មាន​ជ័យបាន​ចំណា​យ​ថវិកា​ផ្ទាល់ខ្លួន​របស់​លោក​ទិញ​​វិទ្យុ​​ទាក់ទង​​ម៉ាក​ម៉ូតូរ៉ូឡា និងគ្រឿង​ឧបភោគ​បរិភោគ​​មួយ​ចំនួន​​ទៀតយកមក​​ចែក​ជូន​ដល់​កង​កម្លាំង​ដែល​​ឈរ​ជើង​នៅតាមបណ្តា​ប៉ុស្តិ៍​ទាំង​អស់​ជាប់​ព្រំដែន​កម្ពុជាថៃ​ ។ លោកមេបញ្ជា​ការ​បន្តទៀត​ថា កម្លាំងនគរបាល​វរការពារ​ព្រំដែន​គោក​លេខ​៩១១​​ របស់លោកឈរជើង​ការពារ​នៅ​តាម​បន្ទាត់​ព្រំដែននេះចាប់ពីចំណុច​ក្រុង​ប៉ោយ​​ប៉ែត​រហូតទៅដល់​ចំណុចតំបន់១​ជាប់​នឹង​ព្រំប្រទល់​ស្រុក​ស្វាយ​ចេក សរុបមានប៉ុស្តិ៍ធំៗ​ចំនួន៩ ​ហើយ​ក្នុង​ប៉ុស្តិ៍​នីមួយៗទទួលបានវិទ្យុ​​​​ទាក់​​ទង​ម៉ាក​ម៉ូតូ​រ៉ូឡា ១គ្រឿង និង​គ្រឿង​ឧបភោគ​បរិភោគ​មួយ​ចំនួនផងដែរ ។
លោកវរសេនីយ៍ឯក សំ ជិត ស្នងការ​រង​ខេត្ត​បាន​មានប្រសាសន៍ផ្តាំផ្ញើ​ដល់កងកម្លាំង​នគរ​បាលការពារព្រំដែនទាំងអស់ឱ្យ​ចេះ​សាមគ្គី​គ្នា និងគោរពវិន័យកងកម្លាំង​ឱ្យបាន​ខ្ជាប់ខ្ជួន​ជានិច្ចនិង​​ត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណាការពារបូរណ​ភាពទឹកដីកម្ពុជា​របស់​យើងឱ្យ​បានគង់វង្សជានិរន្តរ៍តទៅថ្ងៃអនាគតផងដែរ ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons