Sunday, July 1, 2012

ពិធី​ខួបកំណើត​ និង​ការចាកចេញ​ពីប្រពៃណី​


ដោយ: ​វឿន សាវុធ
CEN

ភ្នំពេញ: តាម​ប្រពៃណី​ខ្មែរ ពិធី​ខួបកំណើត​បានកើត​មាន​យូរណាស់​មកហើយ​។ ​ការ​ប្រា​ព្ធ​ពិធី​នេះ​ពុំ​ប្រកាន់​ថា ប្រុស​ស្រី ក្មេង​ចាស់ ពូ​មីង ព្រះសង្ឃ ឬ ព្រះរាជា​នោះទេ គ្រាន់តែ​ការហៅ​មាន​ភាពខុសគ្នា​និង​ពេលវេលា​នៃ​ការ​ប្រារព្ធ​ធ្វើឡើង​នោះឯង​ ។​
​សម្រាប់​ព្រះមហាក្សត្រ ​និង​ព្រះសង្ឃ ​ត្រូវបាន​គេ​ហៅថា “​ពិ​ធី​ចម្រើន​ព្រះជន្ម​” បើ​ចំពោះ​រាស្ត្រសាមញ្ញ​គេ​បាន​ហៅថា “​ចម្រើន​អាយុ ឬខួបកំណើត​” វិញ​នោះទេ​។ សង្គម​ខ្មែរ​នាពេល​បច្ចុប្បន្ន​ មាន​មនុស្ស​ជាច្រើន​បែរជា​នាំគ្នា​ធ្វើ​ខួបកំណើត​ទៅតាម​បរទេស លក្ខណៈ​បែប​អឺរ៉ុប ហើយ​ត្រូវបាន​គេ​និយមនិយាយ​ជាប់មាត់​មក​ថា “Birthday” យ៉ាង​ពេញ​។ នេះ​អាចមកពី​ពលរដ្ឋ​កម្ពុជា​យើងគេ​បាន​ភ្លេច​ហើយ​ថា ខ្មែរ​ក៏មាន​ពិធី​ខួបកំណើត និង​ជាប្រពៃណីមួយ​ដែរ​។
​តាម​លក្ខណៈ​ប្រពៃណី​ខ្មែរ​ ការ​ប្រារព្ធ​ធ្វើ​ពិធី​ខួបកំណើត​ត្រូវបាន​គេ​ផ្សព្វផ្សាយ​ឲ្យ​ឃើញ​តាមរយៈ​ ទូរទស្សន៍​ស្រាប់​ហើយ ​ដែល​ក្រៅពីនោះ ពិធី​នេះ​ត្រូវបាន​គេ​ធ្វើឡើង តែ​ចំពោះ​ព្រះមហាក្សត្រ​ ញាតិវង្សានុវង្ស មន្ត្រី​ធំៗ​និង​បណ្តាជន​ដែលមាន​ទ្រព្យធន​ក្រាស់ក្រែល​ប៉ុណ្ណោះ​។
​ពី​សម័យ​បុរាណ ពិធី​ខួបកំណើត ឬ​ចម្រើន​ព្រះជន្ម​នេះ មានឈ្មោះ​ម្យ៉ាងទៀត​គឺ​ពិធី “​អាយុវឌ្ឍន​មង្គល​” ដែល​គេ​ប្រារព្ធ​ធ្វើឡើងរៀងរាល់​រយៈពេល ១២​ឆ្នាំ​ម្តង គឺ​នៅ​អាយុ​១២​ឆ្នាំ អាយុ​២៤​ឆ្នាំ និង​អាយុ​៣៦​ឆ្នាំ​ ដោយ​ខ្មែរ​កំណត់​យក​ថ្ងៃខែ​ឆ្នាំ​ម្ចាស់​ពិធី​តាម​ចន្ទគតិ​(​ប្រតិទិន​ ពុទ្ធសាសនា​)​។
​សម័យ​ក្រោយមក គេ​ឃើញ​មានការ​ផ្លាស់ប្តូរ​ប្រែប្រួល​ពីរ​វាង​១២​ឆ្នាំ​ម្តង​ មក​ប្រារព្ធ​ធ្វើ​ខួបកំណើត​មួយឆ្នាំ​ម្តងវិញ​ ដោយ​ផ្អែកលើ​ស្ថានភាព​គ្រួសារ​ជាក់ស្តែង ហើយក៏​គេ​ឃើញ​រៀបចំ​ពិធី​នេះ​ច្រើនតែ​សម្រាប់​ព្រះមហាក្សត្រ និង​មន្ត្រី​រដ្ឋាភិបាល​ដែលមាន​ឋានៈខ្ពស់ និង​អ្នកមាន​ធនធាន​ហូរហៀរ​មួយ​ភាគ​តូច​នោះទេ​។​
​ឥឡូ​នេះ ចំពោះ​យុវវ័យ គេ​ប្រារព្ធ​ពិធី​ខួបកំណើត​ដោយ​យក​តាមបែប​លោកខាងលិច គ្រាន់​តែមាន​របស់​បន្តិច​បន្តួច ដូច​ជាមាន នំ​ខេ​ក មួយ (Cake) ទៀន​សម្រាប់​អុជ (​ឧ​.​ទៀន​១​ដើម​តំណាង​៥​ឆ្នាំ​ ឬ១០​ឆ្នាំ​) កាំជ្រួច និង​មាន​ពាក់មួក​សាជី​ (Birthday hat)​ ហើយ​មុន​នឹងធ្វើ​ពិធី​នេះ គេ​បាន​អញ្ជើញ ប្រាប់គ្នីគ្នា មិត្តភក្តិ​ឲ្យ​មក​ចូលរួម​ជាមួយ ​ថែមទាំង​ផ្តល់​កាដូ​ រួម​នឹង​ការ​ច្រៀង​ជូនពរ​ម្ចាស់​ខួប ជា​ភាសាបរទេស​ថា “Happy Birthday to you…” និង​បាន​ឲ្យ​សា​មីកម្មវិធីបួងសួង​ប្រាថ្នា​នូវ​អ្វីដែល​ខ្លួន​ចង់បាន ​រួច​គេ​ផ្លុំ​ទៀន​ពន្លត់ ជា​កិច្ចបញ្ចប់​និង​គេ​សន្មត​ថា បានធ្វើ​ខួបកំណើត​រួចហើយ​។
​ក៏​នៅមាន​អ្នកខ្លះ គេ​ចង់​ធ្វើ​ថ្ងៃ​ខួប​របស់គេ​នេះ​ឲ្យ​អ​ធឹ​ក​អធម​ ដោយ​រៀបចំឡើង​មានការ​តុបតែង​លម្អ​និង​មាន​ឆាក​ប្រគំ​តន្ត្រីសម័យ​កំដរ និង​មាន​នំ​ខេ​កធំ​ ស្ព្រា​យ​បាញ់ (Spray) ជាដើម​នោះ​។
​ភ្ញៀវ​អញ្ជើញ​ចូលរួម​រហូតដល់​រាប់រយ​នាក់​ក៏មាន​។​គេ​ក៏មាន​ពិធីករ​ ពិធីការិនី​ដឹកនាំ​កម្មវិធី​ ធ្វើ​ឲ្យ​រឹតតែ​រីករាយ​មួយកម្រិត​ទៀត ​អាស្រ័យទៅលើ​ធនធាន ឬ​ចំណង់​របស់គេ​។ គេ​យល់ថា​មួយឆ្នាំ​បានធ្វើ​ម្តង។ ​ដូច្នេះ​ត្រូវតែ​ធ្វើឲ្យសមរម្យ​។ ពិធី​ខួបកំណើត​នេះ​ពេលខ្លះ​គេ​ធ្វើ​ត្រូវ​ថ្ងៃខែ​ឆ្នាំ​កំណើត ខ្លះទៀត​ក៏​យកតាម​ក្បួនតម្រា​ផ្សេងៗ​ដែល​គេ​យល់ថា​ល្អ​ សុខ​សប្បាយចំពោះ​រូបគេ​។
​ដោយសារតែ​រយៈពេល នៃ​ការ​ប្រារព្ធ​ធ្វើ​ម្ដងៗ​យូរពេក​ គឺ​រហូតដល់​១២​ឆ្នាំ​ធ្វើ​ម្ដង ទើប​ធ្វើ​ឲ្យ​ពិធី​នេះ​ត្រូវបាន​គេ​ភ្លេច​អស់ ហើយ​បែរជា​នាំគ្នា​មក​ធ្វើ​តាមបែបបស្ចិមប្រទេស ដូច​សព្វថ្ងៃ​វិញ​៕ S​

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons