Sunday, July 29, 2012

ក្រ​សួង​​យុត្តិ​ធម៌​​គ្រោង​​​បន្ថែម​​​មុខ​តំ​ណែង​​ចៅ​ក្រម​ ​​និង​​​ព្រះ​រាជ​​អាជ្ញា​​រង​​​៥២ ​​នាក់​​​​ទៀត​

ថ្ងៃទី​ 30 ខែកក្កដា ឆ្នាំ2012, ម៉ោង 09:11 AM ឈ ភ
1


ក្រសួង​យុត្តិធម៌​គ្រោង​បន្ថែម​ឲ្យមានមុខតំណែង​ចៅក្រម និង​ព្រះរាជអាជ្ញាចំនួន៥២​នាក់​បន្ថែម​ទៀត ​នៅ​តាម​តុលាការ​ទូទាំង​ខេត្ត​ក្រុង ​នៅ​ដើម​ខែ​សីហាខាង​មុខ​នេះ ដើម្បី​បំពេញ​សមត្ថកិច្ច​ក្នុង​ដំណើរ​ការ​រក​យុត្តិធម៌​ជូន​ពលរដ្ឋ។ ខណៈសព្វ​ថ្ងៃ​នេះ​ចៅក្រម និង​ព្រះរាជអាជ្ញា​​​ មាន​ចំនួន​សរុប ៤១៥​នាក់។
លោក សំ ប្រជាមានិត មន្ត្រី​ខុទ្ទកាល័យ​ក្រសួង​យុត្តិធម៌ មាន​ប្រសាសន៍​ថា ចំនួន​ចៅក្រម និង​ព្រះរាជអាជ្ញា​រង​ដែល​នឹង​ដាក់​បន្ថែម​នៅ​តុលាការ​ទូទាំង​ប្រទេស​ខាង​ មុខ​នេះ នឹង​គ្រប់គ្រាន់​សំរាប់​ពលរដ្ឋ​ខ្មែរ​ជាង ១៤​លាន​នាក់ ដើម្បី​ធ្វើ​ការ​ឲ្យ​បាន​រលូន​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​រក​យុត្តិធម៌​ ជូន​ពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេល​វេលា។
លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ និង​ជា​អ្នក​ឃ្លាំមើល​ដំណើរ​ការ​នីតិរដ្ឋ​នៅ​កម្ពុជា បាន​សាទរ​ចំពោះ​គម្រោង​បន្ថែម​ចំនួន​ចៅក្រម និង​ព្រះរាជអាជ្ញា​នេះ ហើយ​លោក​ក៏​បាន​ជំរុញ​ឲ្យ​មាន​ការ​បំពាក់​មធ្យោបាយ​ផ្សេងៗ​សម្រាប់​កិច្ចការ ​របស់​តុលាការ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព។
ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១២ បាន​បង្ហាញ​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ថា ប្រាក់​ខែ​របស់​ចៅក្រម និង​ព្រះរាជអាជ្ញា​នៅ​កម្ពុជា មាន​កម្រិត​ទាប ចំនួន​ចៅក្រម និង​ព្រះរាជអាជ្ញា​មាន​ចំនួន​តិច ខ្វះ​ការ​ហ្វឹកហ្វឺន​ជំនាញ​ដល់​ចៅក្រម ករណី​ជា​ច្រើន​កក​ស្ទះ​មិន​ចាត់ការ មាន​អំពើ​ពុករលួយ​កម្រិត​ខ្ពស់ ខ្វះ​ការ​អនុវត្ត​តាម​នីតិវិធី​ច្បាប់។ ប្រាក់​ខែ​របស់​ចៅក្រម ព្រះរាជអាជ្ញា និង​ប្រធាន​តុលាការ​ត្រូវ​គេ​ដឹង​ថា មាន​ចំនួន​ជាង ២​លាន​រៀល ហើយ​រី​ឯ​អនុ​ប្រធាន​តុលាការ និង​ព្រះរាជអាជ្ញា​រង​មាន ១,៨​លាន​រៀល។
លោក បាស៊ីល ហ្វឺណាន់ដូ (Basil Fernando) នាយក​ប្រតិបត្តិ​ខាង​ផ្នែក​ច្បាប់​នៃ​គណៈកម្មការ​សិទ្ធិ​មនុស្ស អាស៊ី មាន​ប្រសាសន៍​ថា ការ​បន្ថែម​ចំនួន​ចៅក្រម និង​ព្រះរាជអាជ្ញា​ជំហាន​មួយ​ដ៏​ល្អ និង​ត្រឹមត្រូវ ប៉ុន្តែ​ត្រូវ​ធានា​ឲ្យ​បាន​ច្បាស់​ថា អ្នក​ទាំង​នោះ​មិន​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ត្រា​របស់​រដ្ឋាភិបាល។
ចំណែក​លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ដើម្បី​ឲ្យ​ស្ថាប័ន​យុត្តិធម៌​មួយ​នេះ​កាន់​តែ​មាន​ការ​វិវឌ្ឍន៍​ជឿន​លឿន​ទៅ ​មុខ​ដ៏​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​ពី​មហាជន​នោះ កម្ពុជា​គួរ​អនុម័ត​ច្បាប់​ស្តីពី​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា​ឲ្យ​បាន​ឆាប់ ដើម្បី​ធានា​ឯករាជភាព​ដល់​កិច្ចការ​របស់​ពួកគេ។
មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា ក្រសួង​យុត្តិធម៌​បាន​បញ្ជូន​សេចក្ដី​ព្រាង​ច្បាប់​ចំនួន​បី​ដែល​នៅ​សេសសល់ គឺ​ច្បាប់​ស្ដី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ប្រព័ន្ធ​តុលាការ ច្បាប់​ស្ដី​ពី​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា និង​ច្បាប់​ស្ដី​ពី​វិសោធនកម្ម​ច្បាប់​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ នោះ ដាក់​ទៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ដើម្បី​ជជែក​រួច​ពិភាក្សា​ហើយ៕
( Agkor thom)

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons