Monday, July 23, 2012

សឹកពីសង្ឃមកជាមុនីឥសីធ្វើសមាធិក្នុងព្រៃខ្មោច


   
Wednesday, 23 July 2012 13:32
អ្នកស្នងរូបម្នាក់កាន់បារមី ផ្លូវងងឹត បន្ទាប់ពីលាចាក សិក្ខាបទមក ជាគ្រហស្ថវិញ មិនព្រមយកប្រពន្ធ សោះ សុខចិត្ត កាត់កិលេសតណ្ហា ស្រវាចាប់យកផ្លូវនិព្វាន ដោយបួស សាងព្រ័ត្រជាព្រះមុនីឥសី ទុកសក់ វែងបួងពីក្រោយ ដុះពុក ចង្កាស្រមូម ក្នុងឯកសណ្ឋានឃ្លុំចីវរ រួចយក ក្រណាត់ផ្លេកពីរព័ទ្ធខ្វែងឆៀងពីក្រៅ តែងនិមន្តធ្វើធុតង្គ សមាធិ និង ចង្ក្រម ភាវនាក្នុងព្រៃខ្មោចតែម្នាក់ឯងក្នុង ពេលយប់ស្ងាត់ ។

      លោកតាមុនីឥសីអង្គនេះមានព្រះនាមវែងជាង គេ គឺ សៀករស់សិរី សុវណ្ណស៊ិនធៀង តែគាត់សុំលាក់អាយុ ។ សព្វថ្ងៃលោកតាមុនីឥសីអង្គនេះគង់នៅក្នុងអាស្រមប្រាសាទ តូចមួយមានឈ្មោះចម្លែកថា អាស្រមសាលា មហាប្រាសាទ ញលកុំចង់សាក យ.ទ្ធា.ពុ.មោ.ន.ម.អ.ឧ ។ អាស្រមប្រាសាទ នេះស្ថិតនៅក្នុងភូមិដំណាក់រវាង អតីតដំណាក់ ស្តេចជ័យ ចេស្តា ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ។


      អ្នកយកការណ៍យើងបានទៅដល់ស្របពេលលោកតា មុនីឥសីស្ថិតក្នុងភាពរវល់សូត្រមន្តរលាស់ទឹករំដោះ គ្រោះ និង និទានរឿងរ៉ាវពុទ្ធទំនាយឱ្យអ្នកមានជំនឿស្តាប់ ។ បន្ទាប់ពី នោះមកទើបគាត់រៀបរាប់បញ្ហាមួយចំនួនតាមការ សម្ភាស ថា “មុនអង្គអាត្មាបួសជាព្រះមុនីឥសី តាមពិតអាត្មាគឺជាព្រះ ភិក្ខុសង្ឃមួយអង្គបួសនៅវត្តញេធិ៍ ឃុំញេធិ៍អង្គ្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ចំនួន ៨ វស្សា ក៏លា ចាកសិក្ខាបទ ។ ក្នុងជីវិតជាព្រះសង្ឃអាត្មាតែង និមន្តត្រាច់ចរគ្រប់ទីកន្លែងធ្វើធុតង្គរុក្ខ មូល និង ចង្ក្រមភាវនា ដូចជាព្រៃភ្នំដំរីរមៀល ភ្នំស្រង់ អង្គរ ធំ និង ភ្នំគូលែន ជាដើម ។ រហូតមកដល់សព្វថ្ងៃ នេះទោះបីក្លាយជា គ្រហស្ថក៏ដោយ ក៏មិនត្រូវការ ប្រពន្ធកូននាំតែជាប់ចំណងប្រាំប្រការ ក៏បន្តបួស ជាព្រះមុនីឥសីថែមទៀត ប៉ុន្តែសព្វអាត្មាថ្ងៃមិន មានអាស្រម ស្ថិតក្នុងព្រៃភ្នំក្រំថ្មទេ គឺគង់នៅក្នុង ភូមិកំណើតដំណាក់រវាង នាកូនប្រាសាទតូច មួយលើដីពីខាងកើតផ្ទះញ្ញោមប្រុសស្រី ”។

      លោកតាមុនីឥសី សៀករស់សិរី សុវណ្ណ ស៊ិនធៀង បន្តថា “មិនខុសពីព្រះសង្ឃទេទោះ បីជាព្រះមុនីឥសី ក៏ដោយអាត្មានៅតែប្រកាន់ ក្រឹត្យក្រមតាមពុទ្ធវិន័យត្រឹមត្រូវមិនឆាន់អាហារ បិណ្ឌបាតពេលល្ងាចឡើយ ។ ជាពិសេសរាល់ ពេលយប់ស្ងាត់អាត្មាតែងទៅធ្វើសមាធិនៅតាម ព្រៃនានានៅក្នុងស្រុកត្រាំកក់ដែលគេល្បីថា សម្បូរខ្មោច ។

      លោកតាព្រះមុនីឥសីសក់វែងបន្តទៀត ថា “ក្រៅពីធ្វើសមាធិក្នុងព្រៃខ្មោចពេលយប់ ស្ងាត់ ពេលថ្ងៃវិញ អាត្មាមិនសូវទំនេរទេតែង មានអ្នកជំនឿប្រុសស្រីក្មេងចាស់ជិតឆ្ងាយចេញ ចូលមកសុំទឹកមន្តលើករាសីរំដោះគ្រោះថ្នាក់ពីអាត្មាជាហូរហែ ។ អ្នកជំនឿទាំងនោះខ្លះមក ពីភ្នំពេញ ពីស្រុកអង្គរបុរី និង ពីស្រុកព្រៃកប្បាស ជាដើម ដោយពួកគេលើកគ្នាមក ទាំងឡានៗ ។ តាមពិតអាត្មាមិនចេះមន្តអាគមឧមអាមអ្វីទេ រាល់ពេលសូត្រមន្តរលាស់ទឹកឱ្យគេប្រើតែធម៌ព្រះប៉ុណ្ណោះ ហើយ ក៏មិនចេះទស្សន៍ទាយ ដែរ ។ ពេលមនុស្សលោកណាម្នាក់មានបញ្ហា អាត្មាគ្រាន់តែជួយផ្តល់យោបល់ល្អៗដល់ពួកគេ តែប៉ុណ្ណោះ ហើយហេតុការណ៍របស់ពួកគេ កើតឡើងពេលខាងមុខល្អ ឬ អាក្រក់នោះត្រូវ ពិតប្រាកដដូចអាត្មាផ្តល់យោបល់ ឱ្យអ៊ីចឹង” ។

      លោកតាព្រះមុនីឥសីពុកចង្កាវែងអង្គនេះ  លើកឡើងថា “កាលមុនស្របពេលខ្មែរយើង និង សៀមមាន ទំនាស់គ្នារឿងព្រំដែនប្រាសាទព្រះវិហារនោះ អាត្មាបានជិះកង់ផ្សងព្រេងទៅធ្វើសមាធិនៅ ខេត្តកំពត កំពង់សោម ព្រះវិហារ និង តំបន់ព្រំដែនថៃ ដោយយប់កន្លែងណាស្នាក់នៅកន្លែងហ្នឹង ដោយ ប្រើពេលចំនួនបីខែលើដីរាប់រយគីឡូម៉ែត្រ ទើបវិលដល់អាស្រមវិញ” ។

      ម៉្យាងទៀតភូមិដំណាក់រវាងកន្លែងលោកតាមុនីឥសីគង់នៅនោះ បើតាមប្រជាពលរដ្ឋគ្រប់គ្នានៅម្តុំ នោះអះអាងថា ពីដើមគឺជាដំណាក់ស្តេចជ័យវង្សា ឬ ជ័យចេស្តា ដែលភៀសសឹកពីទ័ពសៀម ហើយមក ដល់បច្ចុប្បន្នអ្នកភូមិទាំង នោះមួយភាគធំគឺជាកូនចៅនៃរាជវង្សអង្គនោះ ។

      ចំណែកលោកតាមុនីឥសីនេះវិញគឺជាប់សែស្តេចជ័យវង្សាដែរ គឺជាចៅលួត ហើយសព្វថ្ងៃគាត់មិន មែនតាំង ខ្លួនជាស្តេចទេ គ្រាន់តែទុកសក់វែង និង ពុកចង្កា ធ្វើជីវិតឱ្យប្លែកពីគេប៉ុណ្ណោះ ។

      បើតាមប្រជាពលរដ្ឋនៅភូមិអង្គរុនដែលស្ថិតនៅទិសខាងត្បូងអាស្រមលោកតាមុនីឥសីចំនួនដប់ប្រាំគីឡូម៉ែត្រ បានឱ្យដឹងថា លោកតាមុនីឥសីអង្គនេះធ្លាប់និមន្តទៅធ្វើសមាធិចង្ក្រមភាវនានៅក្នុងព្រៃខ្មោច មួយក្បែរស្រុកភូមិរបស់ពួកគេនា ពេលយប់ ស្រាប់តែភ្លឺឡើងមនុស្សចម្លែកនេះបាននិមន្តចេញពីព្រៃ ធ្វើឱ្យ ពួកគាត់ភ្ញាក់ផ្អើល និង តាមមើលគ្រប់គ្នា ។ ឆ្លៀតពេលនោះពួកគាត់បានប្រគេននំបញ្ចុកលោកតាមុនី ឥសីឆាន់ ហើយបានសុំលេខឆ្នោត ប៉ុន្តែលោកតាមុនីឥសី មិនប្រាប់សោះ គ្រាន់និយាយទូន្មានថា សូមកុំ លេងល្បែង ប្រយ័ត្នវិនាស ។

      លោកយាយ ទៀង រ៉ាំ បានមានប្រសាសន៍ឱ្យដឹងថា លោកតាមុនីឥសីនេះពូកែស័ក្តិសិទ្ធិណាស់ ថ្វីបើ គាត់មិនចេះទាយ និង ព្យាបាលជំងឺពិតមែន ប៉ុន្តែគាត់ជំនាញខាងសូត្រមន្តលើករាសីរំដោះគ្រោះថ្នាក់ ។ គាត់មកនេះដើម្បីឱ្យលោកតា មុនីឥសីជួយប្រោះព្រំទឹកមន្តរំដោះគ្រោះ និង ដំឡើងរាសីឱ្យផុតទុក្ខសោក រោគភ័យទាំងពួង ។

      លោកតា អៀង សៅ អ្នកមកឱ្យលោកតាមុនីឥសីប្រោះព្រំទឹកមន្តបានឱ្យដឹងថា ក្រៅពីមានអ្នកជំនឿ មករកដល់កន្លែង លោកតាក៏ទទួលការនិមន្តទៅសូត្រមន្តរំដោះគ្រោះឱ្យគេដល់ផ្ទះផងដែរ ៕Written by ភ្នំពេញដេលីញូវ     

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons