Tuesday, July 31, 2012

លោក​ជំទាវ​ឧកញ៉ាភាព ហៀក ក្រុម​ប្រឹក្សា​ភិបាល​ក្រុម​ហ៊ុន ជីប ម៉ុង គ្រុប នាំ​អំណោយ​សប្បុរសធម៌​ ៣០.០០០ ដុល្លាអាមេរិក ប្រគល់​ជូន​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ជា


ថ្ងៃទី​ 31 ខែកក្កដា ឆ្នាំ2012, ម៉ោង 03:57 PM ហេង សុខា

រាជធានី​ភ្នំពេញ​៖ លោក​​ជំទាវ​​ឧក​ញ៉ា​ភាព ហៀក ក្រុម​​ប្រឹក្សា​​ភិបាល​​ក្រុម​ហ៊ុន ​ជីប ម៉ុង គ្រុប និង​​លោក​​ឧកញ៉ា​លាង ឃុន អគ្គ​​នាយក​​ក្រុម​ហ៊ុន ព្រម​​ទាំង​​បុគ្គលិក​​ក្រុមហ៊ុន​ជីប​ម៉ុងគ្រុប និង​ក្រុម​ហ៊ុន​ខ្មែរ​ប៊្រូវើរី​ ​រួម​ជាមួយ​បុគ្គលិក​ខ្មែរ​ប្រ៊ូវើរី​ទាំង​អស់​មាន​សេចក្តី​សោមនស្ស​រីក​រាយ ​បាន​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ទឹក​ប្រាក់​ចំនួន​៣​ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ជា សម្រាប់ទ្រទ្រង់ក្នុងមូល​និធិគន្ធ​បុប្ជា កាល​ពី​រសៀល​ថ្ងៃទី​៣០ កក្កដា ។
ក្រុមហ៊ុន ជីប ម៉ុង គុ្រប តែងតែចូល​រួមចំណែកយ៉ាងសកម្ម​ដល់សង្គម និងរាជរដ្ឋាភិបាល ក្នុងការកាត់​បន្ថយ​​ភាពក្រីក្រ តាមរយៈការ​អភិវឌ្ឍន៍​ធន​ធានមនុស្ស តាមរយៈ​កាក​បាទ ក្រហម កម្ពុជា និងតាម​រយៈ​ការផ្តល់អាហារូបករណ៍ជា​ច្រើនដល់សិស្ស និស្សិតក្រីក្រ និងគ្មានទីពឹងឲ្យបន្តការសិក្សានៅសាកលវិទ្យាល័យនានាជារៀងរាល់ឆ្នាំ ។ ដោយ​​ក្រុមហ៊ុន ជីប ម៉ុង គុ្រប មើលឃើញពីតម្រូវការនិងកង្វះ​ខាត​ នៅក្នុងមន្ទីរពេទ្យគន្ធបុប្ជានាពេលបច្ចុប្បន្ននិងពេលអនាគត ជាពិសេសនាពេលសព្វថ្ងៃនេះ នៅក្នុង​ប្រទេស​កម្ពុជាយើង​កំពុងជួបប្រទះជម្ងឺថ្មីមានឈ្មោះថា EV-71 កំពុងរាតត្បាតទៅលើកុមារនៅក្នុងប្រទេសកម្ពុជា ហេតុនេះហើយ លោកជំទាវឧកញ៉ា ភាព ហៀក និងលោក​ឧកញ៉ា លាង ឃុន ព្រមទាំងបុគ្គលិកក្រុមហ៊ុនជីបម៉ុងគ្រុប​ទាំងអស់ រួមជាមួយបុគ្គលិកក្រុមហ៊ុនខ្មែរប៊្រូវើរីទាំងអស់ បាននាំយកអំណោយសប្បុរសធម៌ជា​ទឹកប្រាក់ចំនួន៣​ម៉ឺន​ដុល្លារ យកទៅប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ជា។
ក្រុមហ៊ុន ជីប ម៉ុង គ្រុប ជាក្រុមហ៊ុនឈានមុខគេ ក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងការនាំចូល និងចែកចាយនូវសម្ភារៈសំណង់ និងសម្ភារៈបន្ទប់ទឹកគ្រប់ប្រភេទ ។ ក្រុមហ៊ុន​មាន​រោងចក្រផលិតបេតុងលាយស្រេច មានឈ្មោះថា ក្រុមហ៊ុន ជីប ម៉ុង ខនគ្រីត ដែលទទួលបានវិញ្ញាប័ណ្ណបត្របញ្ជាក់ពីគុណភាព ISO 9001:2008
លើសពីនេះទៅទៀតក្រុមហ៊ុនជីបម៉ុង គ្រុប ក៏បានបង្កើតនូវរោងចក្រផលិតស្រាបៀរដ៏ទំនើប និងជាកម្មសិទិ្ធរបស់វិនិយោគិនខ្មែរយើងសុទ្ធសាធមានឈ្មោះថា រោងចក្រ​ផលិត​​ស្រាបៀរ ខ្មែរ ប៊្រូវើរី ដែលផលិតនូវស្រាបៀរកម្ពុជា ។ រោងចក្រនេះ ត្រូវបានវិនិយោគអស់ទឹកប្រាក់ចំនួនប្រមាណ៦០ លានដុល្លារអាមេរិក និងបង្កើតការងារជូន​ប្រជាជនខ្មែរ​យើងមានការងារធ្វើដោយផ្ទាល់ចំនួន១៥០០ នាក់ និងដោយប្រយោលចំនួន៥០០០ នាក់ថែមទៀត ។
ក្នុងពិធីប្រគល់អំណោយសប្បុរសធម៌ចំនួន៣ម៉ឺនដុល្លារអាមេរិក ពីលោកជំទាវឧកញ៉ា ភាព ហៀក ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប ប្រគល់ជូនដល់លោក ដេនីស ឡូរ៉ង់ត៍ (DENIS LAURENT ) នាយករងមន្ទីរពេទ្រ និងជាជីវវិទូ (Biologist and Deputy Director )។
នាឱកាសនោះ លោកដេនីស ឡូរ៉ង់ត៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកជំទាវឧកញ៉ា ភាព ហៀក ដែលផ្តល់ជាថវិកាដល់មន្ទីរពេទ្យគន្ធបុប្ជាសម្រាប់​ទ្រទ្រង់​ ដល់មូលនិធិគន្ធបុប្ជា ។

លោក ដេនីស ឡូរ៉ង់ត៍ មាន​ប្រសាសន៍ឲ្យដឹងថា មន្ទីរពេទ្យ​គន្ធ​បុប្ជាមានសាខាពីរ នៅទីក្រុងភ្នំពេញ និងនៅទីរួមខេត្តសៀមរាប សម្រាប់​មន្ទីរទាំងពីរសាខានេះ​ក្នុងមួយឆ្នាំ​មូល​និធិ​គន្ធ​ បុប្ជាចំណាយអស់ថវិការ ៣៥ លានដុល្លារអាមេរិក ជារៀង​រាល់​ឆ្នាំ ។
លោកបានបញ្ជាក់ផងដែរថា មន្ទីរ​ពេទ្យគន្ធបុប្ជាជាមន្ទីរពេទ្យ ដែល​ធ្វើ​ការព្យាបាលទៅលើកុមារ ដោយ​មិន​យកប្រាក់ និងមិនប្រកាន់អ្នកមាន អ្នកក្រទេ គឺព្យាបាលដូចគ្នា​ទាំង​អស់ ។ ក្នុងមួយថ្ងៃ មន្ទីរពេទ្យគន្ធបុប្ជាទាំងពីរសាខា ទទួលបានកុមារដែលមានជំងឺគ្រប់ប្រភេទ ជា​ពិសេស​​រដូវកាលនេះ ជារដូវកាលជំងឺគ្រុនឈាម ស្របពេលនឹងមាន​ជំងឺ EV-71 កំពុងរាតត្បាតផងនោះ ។ ចំពោះប្រភេទជំងឺ EV-71 នេះ លោកបានបញ្ជាក់ថា នេះមិ​ន​មែន​ជា​ប្រភេទជម្ងឺថ្មីទេ វាជាជម្ងឺដែលធ្លាប់កើតមាននៅប្រទេស​ជិតខាង​យើង​ដែរ ។
ទាក់ទិននឹងមូលនិធិគន្ធបុប្ជា លោកបានបន្តឲ្យដឹងទៀតថា កន្លងមក មានសប្បុរសជននាំយកអំណោយមកប្រគល់ជូនជាហូរហែ ក្នុងនោះ មានលោកជំទាវបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកកបាទក្រហមនាំយកទឹកប្រាក់ចំនួន១ លានដុល្លារអាមេរិក, មូលនិធិបាយ័នដឹកនាំដោយលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាស្ថានីយ​ទូរទស្សន៍ ​និង​វិទ្យុបាយ័ន ចំនួន៣០ ម៉ឺនដុល្លារអាមេរិក, អំណោយពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល ចំនួន១ លានដុល្លារអាមេរិក, ក្រុមគ្រួសារ​សម្តេច​អគ្គ​មហា​សេនា​បតី​​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាចំនួន១០ ម៉ឺនដុល្លារអាមេរិក, មូលនិធិពីសប្បុរសជននានាដូចជានិស្សិត កម្មករ បុគ្គលិកធនាគារ​ជាដើម សុរប៧ ម៉ឺនដុល្លារអាមេរិក និងថ្ងៃនេះ លោកជំទាវឧកញ៉ាភាព ហៀក ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប បាននាំយកថវិកាចំនួន៣ ម៉ឺនដុល្លារអាមេរិក ៕AGKOEWAT

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons