សៅរ៍ 21 កក្តដា 2012 - 8:34 am កម្មការិនីរងគ្រោះពីការ បាញ់ប៉ងប្រហារនៅក្នុងព្រឹត្តិការណ៏មួយកាលពីខែ ឧសភា ម្សិលមិញបានធ្វើការទាមទារយ៉ាងទទូច ឲ្យតុលាការខេត្ត ស្វាយរៀង ពន្លឿនការកាត់ទោសជនដៃដល់ ដែលកំពង់រស់ប្រកបដោយសេរីភាព ក្រៅការឃុំឃាំង។

កម្មការិនីមួយ រូប ក្នុងចំណោម បីរូប កំពុងសម្រាកព្យាបាលមុខរបួស បន្ទាប់ពីទទួល រងការបាញ់ភ្លាមៗ កាល ពី ខែ ឧសភា
ប៊ុត ចិន្តា កម្មការិនីមួយរូបក្នុងចំណោមបីរូប ដែលទទួលរងការបាញ់ប៉ងប្រហារពីអតីតចៅហ្វាយក្រុងបាវ៉ិតឈ្មោះ ឈូក បណ្ឌិត បានថ្លែងប្រាប់ក្រុមអ្នករាយការណ៏ព័ត៌មានកាលពីថ្ងៃសុក្រម្សិលមិញ អំឡុងការសាកសួរដោយតុលាការជាលើកទីបីថា ការសាកសួរពុំមានអ្វីខុសពីពីរលើកមុនទេ , ប៉ុន្តែអ្វីដែលនាងចង់បាននោះ គឺតុលាការត្រូវតែពន្លឿនការកាត់ទោសជនដៃដល់ដែលកំពុងរស់នៅ ក្រៅឃុំ ដែលនៅតែធ្វើឲ្យពួកនាងនៅតែមានអារម្មណ៏ភ័យខ្លាច ។
ឈូក បណ្ឌិត អតីតចៅហ្វាយក្រុងបាវ៉ិត ធ្លាប់ត្រូវបានរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង និយាយថា គឺជាជនសង្ស័យតែម្នាក់គត់ ដែលបានបាញ់ប៉ងប្រហារទៅលើកម្មការិនីបីនាក់ ក្នុងព្រឹត្តការណ៏បង្រ្កាបបាតុកម្មមួយ នៅរោងចក្រ កៅវ៉េ ក្នុងក្រុង បាវ៉ិត កាលពីថ្ងៃទី២០ ខែ ឧសភា ។ ប៉ុន្តែបើទោះបីជាមានភស្តុតាង និង សក្ខីកម្មគ្រប់គ្រាន់ បញ្ជាក់ពីបទល្មើសរបស់ជននេះយ៉ាងណាក្ដី ក៏អយ្យការអមតុលាការខេត្ត ស្វាយរៀង បានធ្វើការចោទ្រកាន់ត្រឹមបទបង្ករបួសស្នាមដោយអចេតនា ដែលការនេះបានធ្វើឲ្យមានការរិៈគន់យ៉ាងខ្លាំងក្លា ពី សាធារណៈមតិជាតិ និង អន្តរជាតិ ៕