Wednesday, July 18, 2012

មេខ្យល់ញៀនល្បែងក្នុងកាស៊ីណូឆបោកលុយពលករឆ្លងដែនត្រូវប៉េអឹមចាប់ខ្លួន


(ដោយ៖អ៊ិន.សាមិត្តប៉ោយប៉ែត)៖ មេខ្យល់​នាំ​ពលករ​ឆ្លងដែន​ម្នាក់ ព្រោះតែ​ងប់ងុល​នឹង​ល្បែងស៊ីសង​ក្នុង​កាស៊ីណូ​ក្រុង​ប៉ោយប៉ែត ងើបមុខ​មិន​រួច បាន​ធ្លាក់ខ្លួន​ក្លាយ​ជា​ជន​ឆបោក​យក​លុយ​ពី​ក្រុម​ពលករ​ខ្មែរ ថា​នាំ​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្នុង​ទឹកដី​ថៃ បែរ​ជា​យក​លុយ​ទៅលេង​ល្បែងស៊ីសង ផឹកស៊ី​ស្រី​ញី​អូន​បង​ក្នុង​កាស៊ីណូ ចាញ់​អស់ ទី​បញ្ចប់​ត្រូវ​ប៉េអឹម​ចាប់ខ្លួន​ពី​បទ​( ឆបោក និង​នាំ​មនុស្ស​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​) កាលពី​ថ្ងៃ​ទី ១៨ ខែ​កក្កដា ឆ្នាំ ២០១២ វេលា​ម៉ោង​១០.៣០​នាទី​ថ្ងៃត្រង់ នៅ​ចំណុច រង្វង់​មូល មាត់ច្រក​ទ្វារ អន្តរជាតិ​ប៉ោយប៉ែត ។                                                                                                                       លោក   ​ហម    ម៉ុត   មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​ថា ជនសង្ស័យ​ជា​មេខ្យល់ មានឈ្មោះ មឺ សេង​ហ៊ ភេទ​ប្រុស​អាយុ ៤៦​ឆ្នាំ មាន​ស្រុកកំណើត នៅ​ក្រុងភ្នំពេញ ។ មុននឹង ឈាន​ដល់​ការ​ឃាត់ ខ្លួន​ជនសង្ស័យ​ខាង​លើ​នេះ    ជនសង្ស័យ​បាន​នាំ​ពលករ ចំនួន​បួន​នាក់ មាន​ស្រី​បី​នាក់ និង​ប្រុស​ម្នាក់ ដោយ​នាំ​មកពី​ភូមិ ក្រសាំង ឃុំ​ចំប៉ី ស្រុក​អង្គរជ័យ ខេត្ត​កំពត ដើម្បី​នាំទៅ ប្រទេស​ថៃ ធ្វើ​ការងារ​នៅ​ក្នុង​រោងចក្រ​ទីក្រុង​បាងកក ។លោក ហម ម៉ុត បន្ត​ទៀត​ថា នៅ​ពេល​ដែល​ពួកគេ​មកដល់​ក្រុង​ប៉ោយប៉ែត មេខ្យល់​បាន​ទា​លុយ ពី​ក្រុម​កូន​ខ្យល់​មុន ចំនួន​១៥០០​បាត​(ប្រាក់​ថៃ​) និង​លុយ​ដុល្លារ ២០​ដុល្លារ ថា​យក​ទៅ​ធ្វើ​ឯកសារ ឆ្លងដែន ។ ក្រោយពី​បាន​លុយ​ដល់ដៃ​ហើយ ឈ្មោះ មឺ សេង​ហ៊ បាន​យក​លុយ​ទាំងនោះ​ទៅលេង​ល្បែង​ក្នុង​កាស៊ីណូ​ចាញ់​អស់​លុយ គ្មាន​សល់​ទើប​ព្រឹក​ឡើង គេ​បាន​មក​ទា​លុយ ពី​កូន​ខ្យល់​បន្ថែម​ទៀត ។ដោយមាន​ការសង្ស័យ​ក្រុម​កូន​ខ្យល់​ទាំង​បួន​នាក់​នោះ ពុំ​ព្រម​ឲ្យ​បន្ថែម​ទៀត​ឡើយ ព្រោះ​ពុំ​ឃើញ មាន​ឯកសារ​អ្វី​មក​បង្ហាញ​ក៏​កើតជា​រឿង​ឈ្លោះប្រកែក​គ្នា​ឡើង​តឹង​សរសៃ ក ខណៈ​នោះ​មាន​ជន​រងគ្រោះ​ម្នាក់​ដែល​ជា​កូន​ខ្យល់​បាន​រត់​ទៅ​ប្ដឹង​ប៉េអឹម​ដែល​ឈរជើង​រក្សា​សណ្ដាប់ធ្នាប់ នៅ​ក្បែរ​កន្លែង កើតហេតុ ហើយក៏​ឃាត់ខ្លួន ជនសង្ស័យ មក​សួរ​នាំ​នៅ​ទីបញ្ជាការ​ប៉េអឹម ក្រុង​ប៉ោយប៉ែត តែ​ម្ដង ។
 ឆ្លើយ​ចំពោះ​មុខ​សមត្ថកិច្ច ឈ្មោះ​មឺ សេង​ហ៊ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូចជា ការ​រៀបរាប់​ខាងលើ​ពិតប្រាកដ​មែន​ដោយសារ​ខ្លួន​ញៀន នឹង​ល្បែងស៊ីសង ក្នុង​កាស៊ីណូ​ក្រុង​ប៉ោយប៉ែត រូបគេ​ក៏បាន​ផ្ដាំផ្ញើ​ទៅ​ជន​ញៀន​ល្បែង មួយ​ចំនួន​ទៀត​ដែល​កំពុងតែ​ធ្លាក់ខ្លួន​ជា​ទាសករ ល្បែង​ក្នុង​កាស៊ីណូ សូម​មេត្តា​ភ្ញាក់​រលឹក​ឡើង បើ​មិន​ដូច្នោះ​ទេ​លទ្ធផល គឺ​អាច​ជាប់​គុក​ដូចជា​រូបគេ​មិន​ខាន​ឡើយ ។                                                                                                                                                                            ផ្អែក​តាម​ចម្លើយ​សារភាព​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ចោទ​ប្រកាន់​ពី​បទ(នាំមនុស្សឆ្លងដែខុសច្បាប់ និង​បទ​ឆបោក )​ហើយ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​ទី​បញ្ជា​ការ​កងរាជអាវុធហត្ថ ខេត្ត​បន្ទាយមានជ័យ ដើម្បី​ចាត់ការ តាម​នីតិវិធី ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons