Thursday, June 14, 2012

ផ្ទុះ​កំប៉ុង​ហ្គាស​តូច ឆាប​សាំង​ឆេះ​ម៉ូតូ២ គ្រឿង និង​ស្រ្តី​ទើប​នឹង​សម្រាល​កូន​ម្នាក់​សន្លប់



ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមិថុនា ឆ្នាំ២០១២
ថ្ងៃទី​ 14 ខែមិថុនា ឆ្នាំ2012, ម៉ោង 04:55 PM ហេង សុខា
1

រាជធានី​ភ្នំពេញ​៖ មាន​​ការ​​ផ្អើល​​រត់​​ជាន់​​ជើង​​គ្នា ខណៈ​​ពេល​​ផ្ទុះ​​កំប៉ុង​ហ្គាស​ បណ្តាល​ឲ្យ​ឆាប​ឆេះ​សាំង​ដប​ជិត ១០ដប ឆ្លង​រាល​ដាល​ទៅ​ឆេះ​អស់​ម៉ូតូ​គុប​ជ្រុង​៥០ មួយ​គ្រឿង និងម៉ូតូ​ស្មាស​រ៉េវ៉ូ ឆេះ​មួយ​កំណាត់​​ខាង​​មុខ ព្រម​ទាំង​ស្រី្ត​ម្នាក់​ ទើប​នឹង​សម្រាល​កូន ភ័យ​​រហូត​​សន្លប់ ។
ហេតុការណ៍នេះ កើតឡើងនៅ​វេលា​ម៉ោង២ និង១៥ នាទីរសៀល ថ្ងៃទី​១៤ មិថុនា នៅផ្ទះលក់ចាប់ហួយ ជួសជុលម៉ូតូ លក់សាំង ផ្ទះលេខ​13A ផ្លូវលេខ 57BT ក្រុម៣ ភូមិ​ត្នោត​ជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ម្ចាស់ផ្ទះដែលបង្កឲ្យមានការឆាប​ឆេះនេះ មានប្តីឈ្មោះ សែ ឡាយ អាយុ៤៤ឆ្នាំ និងប្រពន្ធឈ្មោះ ព្រូ សំអាត អាយុ៣០ឆ្នាំ មុខ​របរលក់លក់ចាប់ហួយ ជួសជុលម៉ូតូ លក់សាំង ជាផ្ទះជួល ។
តាមសម្តីម្ចាស់ផ្ទះជួលនោះបានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូគុបជ្រុង៥០ ពណ៌ទឹកប៊ិច បែកកង់យកទៅប៉ះ ស្របពេលនោះ មានម៉ូតូស្មាសរ៉េវ៉ូ ស៊េរី២០០៧ ពណ៌​ខ្មៅ ជិះទៅឈប់ចាក់សាំង ពេលកំពុងតែឈប់បម្រុងនឹងចាក់សាំង ស្រាប់តែកំប៉ុងហ្គាសតូចៗ ​សំរាប់ទុកលក់ដែលដាក់នៅក្រោម​តុដាក់សាំងដបលក់ បានផ្ទុះផាំង​ បណ្តាល​ឲ្យ​ឆាបឆេះ​សាំង​ដបប្រមាណ១០ដប និងឆេះរាលដាលដល់ម៉ូតូ២ គ្រឿង ដែលនៅជិតនោះ ធ្វើឲ្យម៉ូតូគុបជ្រុង កំពុងតែអ៊ុតនឹងចង្ក្រានភ្លើង ឆេះនៅសល់តែ​គ្រោង​ឆ្អឹង ។ ចំណែក​ម៉ូតូស្មាស ពេលដែលឃើញឆេះហុយទ្រលោមដូច្នេះ ម្ចាស់ម៉ូតូបានបណ្តើរររត់ ទើបម៉ូតូឆេះខូចខាតតែក្បាលខាងមុខ និងឆេះរបស់របរចងព្យួរលក់​នៅខាង​មុខផ្ទះជ្រុះរាយ​ពេញមុខផ្ទះ ។

ដោយឡែក ស្តី្រម្នាក់ដែល​ទើបនឹង​សម្រាលកូន មានផ្ទះនៅជិត​កន្លែង​កើតហេតុ ពេលឃើញ​ហេតុការណ៍​បែបនេះ​ភ័យស្លន់ស្លោ រហូត​សន្លប់​បាត់​ស្មារតី ៕
ម្ចាស់ម៉ូតូគុបជ្រុង ឈ្មោះ ថាន សិលា ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិ​សន្សំកុសល៣ ផ្ទះលេខ90B ផ្លូវ 43BT សង្កាត់បឹងទំពុន ខណ្ឌ​មានជ័យ ​។ ចំណែកម្ចាស់ម៉ូតូ​ស្មាស​រ៉េវ៉ូ មានឈ្មោះ ប៊ឿយ ទូច ភេទប្រុស អាយុ៤៥ឆ្នាំ ជាបុគ្គលិកអង្គការ ។
ជុំវិញការឆាបឆេះនេះ បណ្តាលឲ្យ​ខូច​ខាតអស់ម៉ូតូគុប​ជ្រុង៥០មួយ​គ្រឿងនៅ​សល់តែគ្រោងឆ្អឹង ម៉ូតូ​ស្មាសរ៉េវ៉ូ ស៊េរី២០០៧ មួយគ្រឿង របររបមុខផ្ទះមួយចំនួន និងបណ្តាល​ឲ្យទុសេ្សខ្សែ​ភ្លើងដែលរត់​កាត់ពី​មុខ​ផ្ទះ ធ្វើឲ្យដាច់ចរន្តអគ្គីសនី ព្រមទាំងធ្វើឲ្យស្ត្រីទើបនឹងសម្រាលកូនម្នាក់ សន្លប់ផងដែរ ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons