ថ្ងៃទី 11 ខែមិថុនា ឆ្នាំ2012, ម៉ោង 07:15 AM ឈ ភ

កាលពីល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១២ នៅព្រលានយន្ដហោះអន្តរជាតិភ្នំពេញ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស បានលើកឡើងថា រាជរដ្ឋាភិបាលនឹងពិនិត្យ ពីបញ្ហាដកលិខិតឆ្លងដែនការទូតពីលោក សម រង្ស៊ី នៅពេលខាងមុខនេះ។
កាលពីដើមឆ្នាំ២០១០ លោក សម រង្ស៊ី ត្រូវបានតុលាការខេត្តស្វាយរៀង ផ្ដន្ទាទោសកំបាំងមុខ ឲ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ និងពិន័យជាប្រាក់ជាង ៦០ លានរៀល ពីបទដកបំផ្លាញតម្រុយបង្គោលព្រំដែនគោក ជាប់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅ ខេត្តស្វាយរៀង កាលពីចុងឆ្នាំ២០០៩។ ជាមូយគ្នានោះ លោក សម រង្ស៊ី ក៏ត្រូវបានតុលាការក្រុងភ្នំពេញ ផ្តន្ទាទោសកំបាំងមុខឲ្យជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ និងពិន័យជាប្រាក់ ១០០ លានរៀល ពីបទក្លែងលិខិតសាធារណៈ ទាក់ទងទៅនឹងការក្លែងផែនទីបង្គោលព្រំដែន រវាងប្រទេសកម្ពុជា-វៀតណាម ដែរ។ ឯសំណុំរឿងព្រហ្មទណ្ឌមួយទៀត តុលាការក្រុងភ្នំពេញ បានផ្តន្ទាទោសកំបាំងមុខលោក សម រង្ស៊ី រយៈពេល ២ឆ្នាំ ពីបទបរិហារកេរ្តិ៍លោក ហោ ណាំហុង ទាក់ទងទៅនឹងមណ្ឌលអប់រំបឹងត្របែក សម័យប៉ុល ពត។
ទាក់ទងពីបញ្ហា ដកលិខិតឆ្លងដែនការទូតរបស់លោក សម រង្ស៊ី នេះ មតិខ្លះបានលើកថា បើដកលិខិតឆ្លងដែនការទូតកម្ពុជា ពីលោក សម រង្ស៊ី ក៏លោកសម រង្ស៊ី នៅតែអាចដើរបានជុំវិញពិភពលោកដែរ ពីព្រោះលោក សម រង្ស៊ី នៅមានលិខិតឆ្លងដែនសញ្ជាតិបារាំងមួយទៀត ៕Angkor thom Media

