Saturday, June 30, 2012

ឪពុកម្តាយមានស្នេហ៍ថ្មី ចោលកូនទុកនៅវត្ត



(30/06/2012)
ជារៀងរាល់ព្រឹកអ្នកផង ទាំងឡាយសង្កេតឃើញ ក្មេងប្រុសម្នាក់តែងតែក្រោក ពីព្រលឹម ស្លៀក សម្លៀកបំពាក់ចាស់ៗ ដែលគេមាន ដើរបណ្តើររត់បណ្តើរទៅកាន់ទីអារាមរបស់ព្រះសង្ឃយ៉ាង ប្រញ្ញាប់ ក្នុងគោលបំណងតែមួយគត់គឺ “លាងចានស្រាក់រៀបចំបាត្រប្រគេនព្រះសង្ឃ” ដើម្បីដើរ តាមក្រោយព្រះសង្ឃបិណ្ឌបាត ជាការបម្រើព្រះសង្ឃដើម្បីបានហូបឆ្អែតមួយពេលៗ ។ ចំណែកឯនៅ ពេលរសៀលវិញ គេបានស្លៀកខោអាវជាសិស្ស កាន់សៀវភៅសំដៅទៅសាលារៀន ។ ទាំង អស់នេះគឺដោយសារតែគេខ្វះភាពកក់ក្តៅពីអាណា​ ព្យាបាលដែលបានបោះបង់គេចោលតាំងពីមិនទាន់ដឹងក្តី(ឪពុកទៅយកប្រពន្ធថ្មី ម្តាយទៅយកប្តីថ្មី) ទុកឱ្យគេរស់នៅតាមយថាកម្មព្រេងវាសនាជាមួយ ម្តាយមីងកំពុងមានជំងឺទឹកនោមផ្អែមប្រចាំកាយ រកព្រឹកខ្វះល្ងាច ។


      ក្មេងប្រុសដែលរស់នៅពឹងផ្អែកលើបាយបាត្ររបស់ព្រះសង្ឃរាល់ថ្ងៃឈ្មោះ ណ. មានអាយុ ១១ ឆ្នាំ រស់នៅជាមួយ ម្តាយមីង ស្ថិតក្នុងភូមិចម្ការឫស្សី សង្កាត់ព្រែកព្រះស្តេច ស្រុក បាត់ដំបង ខេត្តបាត់ដំបង ។

      “បើខ្ញុំមិនរត់ទៅពឹងព្រះសង្ឃ តើឱ្យខ្ញុំពឹងអ្នកណា បើតាំង ពីកើតមកសូម្បីតែមុខឪពុកក៏មិនឃើញផង ឃើញ តែម្តាយមីង ដូច្នេះខ្ញុំមានតែពឹងព្រះសង្ឃគ្រាន់បានហូបឆ្អែត បានទៅរៀននឹង គេដូចក្មេងដទៃទៀត !” នេះជាសម្តីប្អូនប្រុសអភ័ព្វត្រូវម្តាយ ឪពុកបោះបង់ចោល ។ ក្នុងវ័យទើបតែប៉ុណ្ណេះ ប្អូនប្រុសបានរៀបរាប់ប្រាប់ យ៉ាងកម្សត់ថា “រាល់ព្រឹកខ្ញុំត្រូវរូតរះ ស្លៀកពាក់ទៅរៀបចំបាត្រ ចានស្រាក់ ដើរ បិណ្ឌបាតជាមួយព្រះសង្ឃ ពេលត្រឡប់មកវិញខ្ញុំត្រូវរៀបចំចង្ហាន់ប្រគេនព្រះ សង្ឃឆាន់ពេលថ្ងៃត្រង់ ពេលព្រះសង្ឃឆាន់រួចគឺខ្ញុំហូបតាមក្រោយ រួចរូតរះ លាងចាន ឆ្នាំងទុកដាក់ឱ្យស្អាត​​ សម្រាប់ថ្ងៃ​ ស្អែកទៀត ទើបពេលរសៀលខ្ញុំទៅ រៀន ។ ពេលនេះខ្ញុំរៀនថ្នាក់ទី ៤ នៅសាលាបឋមសិក្សាវត្តថ្មី”។

      ប្អូនប្រុសបន្តទៀតថា ចំណែកនៅពេលយប់វិញខ្ញុំត្រូវធ្វើដំណើរពីផ្ទះ ម្តាយមីងទៅវត្តទៀតដើម្បីរៀនធម៌​ ជាមួយព្រះសង្ឃ ។ ចំណែកឯនៅថ្ងៃសីល ខ្ញុំអត់បានដើរបិណ្ឌបាតជាមួយព្រះសង្ឃទេ ដូច្នេះត្រូវនៅមើលម្តាយមីង ហើយ ក៏មិនបានទៅរៀនដែរព្រោះគ្មានប្រាក់ ។ សព្វថ្ងៃការរស់នៅរបស់ខ្ញុំគឺបានព្រះ សង្ឃជួយឧបត្ថម្ភការហូបចុក សៀវភៅ ប៊ិក ប្រាក់កាសតិចតួចទើបបានទៅ រៀន ជួនកាលម្តាយមីងជួយខ្លះៗដែរ” ។

      បងស្រី ឈឹម លឿយ អាយុ ៤៧ ឆ្នាំ ត្រូវជាម្តាយមីងរបស់ ណ. ប្រាប់ពី ប្រវត្តិរបស់គេឱ្យដឹងថា ណ. ជាក្មេងប្រុសអភ័ព្វតាំងពីតូចមកម៉្លេះ ត្រូវឪពុករបស់ គេទៅយកប្រពន្ធថ្មីចោលតាំងពីគេនៅក្នុងផ្ទៃម្តាយប្រាំពីរខែម៉្លេះ ឯម្តាយរបស់គេមានអាយុ ២៩ ឆ្នាំ ។ ប្រវត្តិពីរនាក់ប្តីប្រពន្ធនេះគឺមិនបានរៀបការ ឬ សែន ព្រែននឹងគ្នាឡើយ គឺស្រឡាញ់ដោយចិត្តនឹងចិត្ត ។ ការរួមរស់នៅជាមួយ គ្នារហូតបានកូននេះ ៧ ខែ ចំណងស្នេហ៍របស់គេត្រូវ​ ឃ្លាតឆ្ងាយពីគ្នា ឪពុកបាន ចេញពីខេត្តបាត់ដំបងមករកការងារធ្វើជាសន្តិសុខនៅលើទឹកដីក្រុងភ្នំពេញ តាំង ពីឪពុកគេចេញទៅបាត់រហូត​ លែងត្រឡប់មកវិញ ។ ចំណែកឯប្រពន្ធដោយបាត់ ប្តីយូរ ដំណឹងក៏មិនឮ សុខចិត្តវេចបង្វេចពញេះស្កាត់មករកប្តីដល់ទឹកដីភ្នំពេញ ពេលដែលមកដល់ស្រាប់តែឃើញប្តីមានស្រីថ្មីទៀតទៅហើយ លែងខ្ចីរវល់ពី ប្រពន្ធកូនមុន ។ ពេលនោះម្តាយ ណ. ជិតដល់ថ្ងៃសម្រាលកូនក៏ត្រឡប់មក បាត់ដំបងវិញ បានប្រហែលកន្លះខែគេក៏បានសម្រាលបានកូនប្រុសម្នាក់នេះ តាំងពីពេលនោះមកឪពុកគេលែងមកជាន់ ឬ អើពើប្រពន្ធកូននេះតាំងពីពេល នោះមករហូតដល់ក្មួយប្រុស ណ. អាយុ ១១ ឆ្នាំ ។

      អ្នកមីងបន្តទាំងហួសចិត្តទៀតថា ចំណែកឯម្តាយ ណ. វិញដោយភាព ក្រីក្រគ្របសង្កត់ផង ឈឺចិត្ត ផង បន្ទាប់ពីបង្កើត ណ. បានពីរឆ្នាំក៏ចេញទៅរកស៊ី នៅជាយដែនប្រទេសថៃ រកស៊ីយូរៗទៅក៏មានប្តីមួយទៀតបានកូនពីរនាក់ផ្សេង ទៀត ទុកឱ្យកូនប្រុស ណ. រស់នៅជាមួយគាត់រស់យ៉ាងវេទនាបែបនេះ ។ សព្វថ្ងៃគាត់មានជំងឺប្រចាំកាយ (ទឹកនោមផ្អែម និង ជំងឺស្រឺត) ផងនោះ មិនអាចផ្គត់ផ្គង់ឱ្យ ណ. និង ខ្លួនបានស្រួលឡើយ ។ ម៉្យាងទៀតគាត់ក៏មាន កូនប្រុសម្នាក់ដែរ ដូច្នេះ ណ. ត្រូវរត់ទៅពឹងព្រះសង្ឃដោយដើរកាន់ចាន ស្រាក់តាមក្រោយព្រះសង្ឃបិណ្ឌបាតជារៀងរាល់ថ្ងៃ ហើយបានព្រះសង្ឃ ជួយចិញ្ចឹមខ្លះៗទើបគេបានរៀនសូត្រ ។

      អ្នកមីងបញ្ជាក់ប្រាប់ថា ក្មួយប្រុស ណ. នេះជាក្មេងស្លូតបូតឧស្សាហ៍ ប្រឹងប្រែងរៀនសូត្រណាស់ រៀនក៏ពូកែទៀត គ្រាន់តែរៀនមិនសូវបានដិត ដល់ ព្រោះគ្នាខ្វះខាតសម្ភារៈសិក្សាដូចជាសៀវភៅ ប៊ិក សម្លៀកបំពាក់ និង ការហូបចុកក៏មិនគ្រប់គ្រាន់ ។ បើសង្ឃឹមលើគាត់គឺពិបាកណាស់ ព្រោះ ជីវភាពក្រីក្រ ជំងឺប្រចាំកាយ តើរកប្រាក់ឯណាបានជួយឱ្យគេរស់នៅស្រួល ទៅ ដូច្នេះមានតែពឹងលើសប្បុរសជនមេត្តាជួយជាសម្ភារៈសិក្សា      និងសម្លៀកបំពាក់ ដល់កុមារកម្សត់នេះផង ៕   Written by ភ្នំពេញដេលីញូវ  

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons