Friday, May 4, 2012

កម្ពុជា​-​ថៃ​ប្រជុំ​ពិភាក្សា​រក​ដំណោះស្រាយ​ទប់ស្កាត់​ពលករ​ខ្មែរ​ចូល​ធ្វើការ​ខុសច្បាប់​នៅ​ថៃ​


ថ្ងៃទី 04 ឧសភា 2012ម៉ោង 17:07:39
​បន្ទាយ​មាន​ជ័​យៈ​ កាលពី​រសៀល​ថ្ងៃ​ទី​៤​ ខែឧសភា​ ឆ្នាំ​២០១២​ នៅ​សាលាស្រុក​អារញ្ញ​ ខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ​ អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ និង​ខេត្ត​ស្រះ​កែវ​បាន​បើក​កិច្ចប្រជុំ​ពិសេស​មួយ​ដើម្បី​រក​ ដំណោះស្រាយ​ក្នុង​ការ​ទប់ស្កាត់​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ ខុសច្បាប់​។​
​កិច្ចប្រជុំ​ពិភាក្សា​នេះ​ ភាគី​កម្ពុជា​ចូលរួម​ដោយ​លោក​ទ្រី​ ណា​រិ​ន្ទ​ អភិបាលរង​ខេត្តបន្ទាយមានជ័យ​ អភិបាលស្រុក​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​ទាំង​៤​ស្រុក​ កម្លាំងប្រដាប់អាវុធ​តាម​បណ្តោយ​ព្រំដែន​ ប្រធាន​គណៈកម្មការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​ និង​ប្រធាន​ច្រក​តំបន់​។​ ដោយឡែក​ភាគី​ថៃ​ក៏​មាន​ សមាសភាព​ចូលរួម​ដូច​ភាគី​កម្ពុជា​ដែរ​។​
​លោក​ទ្រី​ ណា​រិ​ន្ទ​ អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​ថ្លែង​ថា​ ក្នុង​កិច្ចប្រជុំ​នេះ​ ភាគី​កម្ពុជា​បាន​សំណូមពរ​ដល់​ភាគី​ថៃ​ឲ្យ​ជួយ​រក​ដំណោះស្រាយ​រួម​គ្នា​ ដើម្បី​ទប់ស្កាត់​ពលករ​ ខ្មែរ​ចូល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ខុសច្បាប់​ ក្នុង​នោះ​១-​សំណូមពរ​ បន្ត​ទប់ស្កាត់​ពលករ​ខ្មែរ​ចូល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ខុសច្បាប់​,​ ២-​សំណូមពរ​ភាគី​ថៃ​ និង​ការ​អនុគ្រោះ​ ឲ្យ​ពលករ​ខ្មែរ​ចូល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ ទៅ​ព្រឹក​ ត្រឡប់​មក​វិញ​ល្ងាច​ ដោយ​កុំ​ធ្វើ​ទារុណកម្ម​ ឬ​បាញ់​សម្លាប់​ឲ្យ​សោះ​,​ ៣-​រាល់​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ខុសច្បាប់​ បើ​ថៃ​ចាប់​បាន​ កុំ​ធ្វើ​ទារុណកម្ម​ ឬ​បាញ់​សម្លាប់​ សូម​បញ្ជូន​មក​កម្ពុជា​វិញ​តាម​ផ្លូវច្បាប់​ និង​៤-​បើ​ថៃ​ត្រូវការ​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ថៃ​ សុំ​ឲ្យ​អាជ្ញាធរ​ធ្វើ​បណ្ណ​បញ្ជាក់​ដើម្បី​ពលករ​ខ្មែរ​ធ្វើការ​ស្របច្បាប់​ ក្នុង​ប្រទេស​ថៃ​។​
​លោក​ទ្រី​ ណា​រិ​ន្ទ​បាន​ឲ្យ​ដឹង​ទៀត​ថា​ សំណូមពរ​ទាំង​៤​ចំណុច​ខាងលើ​នេះ​ អាជ្ញាធរ​ថៃ​មិន​ទាន់​ឯកភាព​នៅឡើយ​ទេ​ តែ​បាន​អះអាង​ថា​នឹង​នាំ​យក​សំណូមពរ​ទាំងអស់​នេះ​ជូន​ថ្នាក់លើ​សម្រេច​ជា​ បន្ត​ទៀត​។​

​គួរ​បញ្ជាក់​ថា​ បច្ចុប្បន្ន​នេះ​ ភាព​អត់​ការងារ​ធ្វើ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​ជាយ​ដែន​រាប់​ ពាន់​នាក់​ ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ទាំង​មានច្បាប់​ និង​ខុសច្បាប់​តាម​ច្រករបៀង​នានា​ធ្វើ​ឲ្យ​ភាគី​ ថៃ​ចាប់​ធ្វើ​ទារុណកម្ម​ និង​បាញ់​សម្លាប់​ជា​ញឹកញាប់​។​ អំពើ​ដ៏​ឃោរឃៅ​នេះ​បាន​ក្លាយជា​ក្តី​កង្វល់​របស់​រាជ​ រដ្ឋាភិបាល​កម្ពុជា​ និង​បាន​ជំរុញ​ អាជ្ញាធរ​តាម​ព្រំដែន​ឲ្យ​រក​ដំណោះស្រាយ​សម​ស្រប​ជាមួយ​ភាគី​ថៃ​ ដោយ​ធ្វើ​យ៉ាងណា​កាត់​បន្ថយ​ លំហូរ​ពលករ​ធ្វើការ​នៅ​ថៃ​ងាក​មក​ធ្វើការ​នៅ​ក្នុង​ប្រទេស​វិញ​៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons