ដោយ៖អ៊ិន សាមិត្ត
ប៉ោយប៉ែត៖ស្ត្រីម្នាក់បានធ្វើដំណើរផ្សងព្រេងមកជាយដែនកម្ពុជាថៃទឹកដីក្រុងប៉ោយប៉ែតដើម្បីរបរលក់ថ្នាំញៀនព្រោះគាត់នឹកស្មានថាក្រុងប៉ោយប៉ែតជាកន្លែងអនាធិបតេយ្យអាចរកស៊ីស្រួលទីបំផុតគ្រាន់តែធ្វើសកម្មភាពចែកចាយថ្នាំញៀនបានប៉ុន្មានថ្ងៃក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន។
តាមឲ្យដឹងពីលោក ហម មុត មេបញ្ជាការប៉េអឹមក្រុងប៉ោយប៉ែតថា៖ស្ត្រីដែលចែកចាយថ្នាំញៀនត្រូវកម្លាំងរបស់លោកធ្វើការឃាត់ខ្លួនឈ្មោះឈឿនហុកហៅម៉ៅអាយុ៤៩ឆ្នាំមានស្រុកកំនើតនៅខេត្តកំពង់ធំ។ស្ត្រីរូបនោះត្រូវបានឃាត់ខ្លួនវេលាម៉ោង១៤:៣០នាទីថ្ងៃទី០៨ខែឧសភាឆ្នាំ២០១២នៅចំនុចជិតភោជនីយដ្ឋានស៊ុបអាស៊ីខណះដែលជនសង្ស័យកំពុងធ្វើសកម្មភាពចែកចាយថ្នាំញៀនត្រូវសមត្ថកិច្ចឃាត់ខ្លួននឹងរឹបអូសថ្នាំញៀនប្រភេទខេទឹកកកមួយកញ្ចប់នៅនិងខ្លួនដែលជាវត្ថុតាងស្ថិតក្នុងភូមិក្បាលស្ពានសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។នៅចំពោះមុខសមត្ថកិច្ចស្ត្រីឈ្មោះឈឿនហុកហៅម៉ៅបានសារភាពថាខ្លួនពិតជាបានប្រព្រឹតអំពើចែកចាយថ្នាំញៀនពិតប្រាកដមែន។យោងតាមចំលើយសារភាពរួមទាំងវត្ថុតាងស្ត្រីសង្ស័យត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតកសាងសំនុំរឿងបញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បីចាត់វិធានការតាមនីតិវិធី៕


