Monday, April 9, 2012

សេដាក អំពាវ​នាវ​ឱ្យ​កសិក​រផ្តោត​លើ​ការ​សន្សំ​ទាំង​ ៥​យ៉ាង ដើម្បី​មាន​ជីវ​ភាព​ប្រ​សើរ​ឡើង



អស់រយៈពេលជិត ១៥ឆ្នាំ​ហើយ ដែល​សេ​ដាក​បាន​ធ្វើ​ការ​បណ្តុះ​បណ្តាល និង​ផ្តល់​យោ​បល់​ដល់​កសិករ ក្នុង​គោល​បំណង​ជួយ​ឱ្យ​ពួក​គាត់​បង្កើន​នូវ​ផលិត​កម្ម​កសិកម្ម និង​ប្រាក់​ចំណូល។
មកដល់ពេលនេះអង្គការសេដាក បានជោគជ័យក្នុងការជួយគាំទ្រដល់កសិកររាប់​ម៉ឺន​គ្រួ​សារ​ឱ្យ​កែ​លំអ​ជីវភាព របស់​ខ្លួន​ដោយ​ឈរ​លើ​ទស្សនៈ “អភិវឌ្ឍន៍ដោយជំរុញ ឱ្យកសិករធ្វើអ្វីដែលអាចធ្វើបាន ដើម្បីឈានទៅសំរេចនូវអ្វីដែល​ចង់បាន” ។

បណ្ឌិត យ៉ង សាំងកុមារ ប្រធានអង្គការសេដាក មានប្រសាសន៍ថា​ ដើម្បី​មាន​ជីវ​ភាព​ប្រ​សើរ​ឡើង កសិករ​គួរ​ផ្តោត​លើ​ការ​ធ្វើ​អ្វី ដែល​អាច​ធ្វើបាន ជា​ពិ​សេស​ការសន្សំ ៥យ៉ាង ដូចខាងក្រោមៈ

១. សន្សំជីធម្មជាតិៈ មានន័យថា ការប្រមែប្រមូលជាប្រចាំនូវកាកសំណល់រុក្ខជាតិ លាមក​សត្វ និង​ដី​មាន​ជី​ជាតិ (ដី​បាត​បឹង ស្រះ ត្រពាំង ប្រ​ឡាយ និង​មមោកព្រៃ) ក៏​ដូច​ជា ការ​សន្សំ​លាមក​សត្វ​សំរាប់ឡជីវ​ឧស្ម័ន។ ការមានជីធម្មជាតិប្រើច្រើន ធ្វើឱ្យផលដំណាំ របស់គាត់កាន់តែកើន ការចំណាយលើការទិញជី ពីខាងក្រៅ ត្រូវ​បាន​កាត់បន្ថយទាំងស្រុង។

២. សន្សំពូជ ជាពិសេស ការសន្សំពូជស្រូវជារៀងរាល់រដូវធ្វើឱ្យពូជកាន់តែសុទ្ធល្អ និងទិន្នផល ស្រូវ​កាន់​តែ​កើន។

៣.​ សន្សំទឹក តាមរយៈការបង្កើនពាងទឹក ជីកស្រះ ត្រពាំងសំរាប់ស្តុកទឹកភ្លៀង ដែលចូលរួម ចំ​ណែក​កាត់​បន្ថយ​ពេល​វេ​លា​ទៅ​រក​ទឹក​ពេល​រដូវ​រាំង​ស្ងួត​ការ​ ទទួលបានទឹកគ្រប់គ្រាន់ សំរាប់ បរិភោគ ដាំបន្លែរួមផ្សំ និងចិញ្ចឹមសត្វ។

៤.​ សន្សំលុយៈ ចំណូលដែលរកបានមក ជាពិសេសតាមរយៈសកម្មភាពសន្សំជី សន្សំពូជ សន្សំទឹក ត្រូវបាន​ដក​យកទៅសន្សំសំរាប់បង្កើនទុនដោយអនុវត្តតាមគោលការណ៍សន្សំ​តាមមាន (មានច្រើនសន្សំច្រើន និងមានតិចសន្សំតិច)។

៥. សន្សំមិត្តៈ ការប្រមែប្រមូលអ្នកដែលមានចិត្តគំនិតស្រដៀងគ្នាចងក្រងជាក្រុម ឬសមាគម ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅមក ជាពិសេស សន្សំប្រាក់រួមគ្នា ដើម្បីចែកគ្នាខ្ចី និងជំរុញការរៀន​សូត្រ​ពីគ្នាទៅវិញទៅមក។

សេដាក សូមអំពាវនាវឱ្យកសិករផ្តោតលើការសន្សំទាំង ៥យ៉ាង ដូចរៀបរាប់ខាងលើ។ ក្នុង រយៈពេល ៣-៥ ឆ្នាំ ក្រោយមក កសិករនឹងបានឃើញនូវជីវភាពរបស់អ្នកមានភាពល្អប្រសើរជាពុំខាន៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons