Monday, April 9, 2012

ពលរដ្ឋ​ខេត្ត​ក្រចេះ​បន្ត​បិទ​ផ្លូវ​ទាមទារ​ឲ្យ​ដោះ​លែង​អ្ន​ក​ភូមិ​ម្នាក់

ច័ន្ទ 09 មេសា 2012 - 11:14 am | | 177 views

ផ្ដើម​​តាំង​តែ​ពី​ថ្ងៃ​សុក្រ​សប្ដាហ៏​កន្លង​ទៅ​​រហូត​មក​ដល់​ថ្ងៃ​ ច័ន្ទ​នេះ មាន​រយៈពេល​ជិត​មួយសប្ដាហ៏​​​ហើយ​​ដែល​​ដែល​អ្នក​ភូមិ​ក្នុង​ស្រុក​ឆ្លូង​ ខេត្ត​ក្រចេះ​ បាន​លើក​គ្នា​បិទ​ផ្លូវ​ជាតិ​លេខ៧៣​ ជា​ការ​ដាក់​សម្ពាធ​ទាមទារ​ឲ្យ​​តុលាការ​ខេត្ត​នេះ ដោះ​លែង​បុរស​អ្នក​ភូមិ​ម្នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​បទ​ថា បាន​ដុត​ផ្លាញ់​ទ្រព្យ​​សម្បត្តិ​របស់​ក្រុមហ៊ុន​ព្រៃសម្បទាន​មួយ​ឈ្មោះ កាសូទីន ។
ក្រុមអ្នកភូមិបិទកំណាត់ផ្លូវជាតិលេខ៧៣ត្រង់ព្រំប្រទល់ខេត្តក្រចេះ និងកំពង់ចាម
នៅ​ព្រឹក​នេះ​ក្រុម​អ្នក​ភូមិ​ប្រមាណ​ជិត​១ពាន់​នាក់ ​ដែល​ក្នុង​នោះ​​មាន​៧០០​នាក់​បាន លើក​គ្នា​បិទ​ផ្លូវ​ជាតិ លេខ​៧៣​ត្រង់ ចំណុច​ស្ពាន​កំពង់​​រាំង ​​​ព្រំ​​ប្រទល់​​រវាង​ខេត្ត ក្រចេះ និង កំពង់​​ចាម​ ហើយ​ជាង​៣រយ​នាក់​ទៀ​ត​បាន​លើក​គ្នា​ទៅ​ធ្វើ​ការ​តវ៉ា​​នៅ​ខាង​មុខ​តុលាការ ។ ជា​តុល្យការ​ក្នុង​សំណុំ​រឿង​នេះ ក្រុម​អ្នក​ភូមិ​បាន​ទទួល​ការ​ចរចា​​ពី​អាជ្ញា​ធរ​ខេត្ត ឲ្យ​បើក​ផ្លូវ , ប៉ុន្តែ​ពួក​គាត់​បាន​​ទាម​ទារ​​ឲ្យ​អាជ្ញាធរ និង​តុលាការ​​​ដោះ​លែង​បុរស​អ្នក​ភូមិ​គ្នា​គាត់​ជា​មុន​សិន ។
​ប៊ុន រដ្ឋា  រស់​នៅ​ក្នុង​ភូមិ​ ដំរីផុង ស្រុក ឆ្លូង ខេត្ត ក្រចេះ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៏​កន្លង​ទៅ ក្រោម​បទ​​​ថា ​បាន​ដុត​បំផ្លាញ​ទ្រព្យសម្បតិ្ត​របស់​ក្រុមហ៊ុន កាសូទីន ។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ក្រុម​អ្នក​ភូមិ​បាន​និយាយ​ថា ក្រុម​ហ៊ុន បាន​រំលោភ​យក​ដី​​របស់​ពួក​គាត់ ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons