Monday, April 2, 2012

ទស្សនៈទាន ​របស់​សម្តេច​តេ​ជោ​ ដើម្បី​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​-​សហភាព​អឺរ៉ុប​ លើ​វិស័យ​ពាណិជ្ជកម្ម​ធុរកិច្ច​វិនិយោគ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ -​សហភាព​អឺរ៉ុប​លើក​ទី​២



ថ្ងៃទី 03-04-2012 ម៉ោង 08:47:53 ​សម្តេច​ អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បង្ហាញ​ពី​ទស្សនៈទាន​ផ្ទាល់​ចំនួន​ ៤​ ចំណុច​ ដែល​ជា​សកម្មភាព​ការ​ ងារ​បន្ទាន់​មួយ​ចំនួន​ ដើម្បី​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​-​សហភាព​អឺរ៉ុប​ លើ​វិស័យ​ពាណិជ្ជកម្ម​ធុរកិច្ច​វិនិយោគ​ នៅ​ឯ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សហភាព​អឺរ៉ុប​លើក​ទី​ ២​ដែល​ប្រព្រឹត្ត​ទៅ​នៅ​សណ្ឋាគារ​ សូ​ហ្វី​តែ​ល​ភ្នំពេញ​ ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​ ១​ មេ​សា​ ឆ្នាំ​ ២០១២​ ។​
​នៅ​ ចំពោះ​មុខ​វត្តមាន​រដ្ឋមន្ត្រី​អាស៊ាន​ អគ្គ​លេខា​អាស៊ាន​ ស្នងការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​ ឯកអគ្គរដ្ឋទូត​ នាយក​ប្រតិបត្តិ​ និង​តំណាង​ធុរកិច្ច​ ព្រមទាំង​ភ្ញៀវ​ជាតិ​ អន្តរជាតិ​រាប់រយ​នាក់​ ដែល​បាន​ចូលរួម​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សហភាព​អឺរ៉ុប​លើក​ទី​ ២​ ខណៈ​ដែល​កម្ពុជា​បាន​ និង​កំពុង​ធ្វើ​ជា​ប្រធាន​ និង​ ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ២០​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ មាន​ប្រសាសន៍​ឲ្យ​ដឹង​អំពី​គោលបំណង​របស់​សម្តេច​ដើម្បី​ពង្រឹង​កិច្ច​ សហប្រតិបត្តិការ​អាស៊ាន​-​សហភាព​អឺរ៉ុប​ លើ​វិស័យ​ពាណិជ្ជកម្ម​ធុរកិច្ច​វិនិយោគ​ដែល​មាន​ខ្លឹមសារ​ជា​អាទិ៍​ថា​៖
១-​ វិស័យ​ឯកជន​ និង​សាធារណៈ​នៃ​តំបន់​ទាំង​ពីរ​ ត្រូវ​បន្ត​កិច្ច​សហប្រតិបត្តិការ​គ្នា​ឲ្យ​កាន់តែ​ជិត​ស្និទ្ធ​ថែម​ទៀត​ ដើម្បី​បង្កើត​យន្តការ​ដ៏​រឹង​មាំ​ ដើម្បី​ដោះស្រាយ​ឲ្យ​ទាន់​ពេលវេលា​ ចំពោះ​បញ្ហា​ដែល​កើត​មាន​ឡើង​ទាក់ទង​ទៅ​នឹង​វិស័យ​ពាណិជ្ជកម្ម​ និង​វិនិយោគ​ ដែល​ខ្ញុំ​យល់​ថា​ មាន​សារសំខាន់​ មិន​ត្រឹមតែ​រួមចំណែក​ដល់​ការ​រៀបចំ​ក្របខ័ណ្ឌ​ច្បាប់​ និង​ ស្ថាប័ន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​រួមចំណែក​ដល់​ការ​សម្របសម្រួល​កិច្ច​គាំពារ​ពាណិជ្ជកម្ម​ សេរី​ ទ្វេភាគី​ ដែល​មាន​ភាព​ទន់ភ្លន់​ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ទៀត​ផង​។​
​ទី​២-​ អាស៊ាន​ និង​សហភាព​អឺរ៉ុប​ ត្រូវ​ត្រួសត្រាយ​ផ្លូវ​ និង​ស្វែងរក​មធ្យោបាយ​នានា​រួម​គ្នា​ ដើម្បី​ធ្វើ​ឲ្យ​សហប្រតិបត្តិការ​ កាន់តែ​មាន​ភាព​ស៊ីជម្រៅ​ ដែល​ក្នុង​នោះ​រួម​មាន​យុទ្ធសាស្ត្រ​កាត់​បន្ថយ​ភាព​ក្រីក្រ​ ការ​ចែករំលែក​ទិន្នន័យ​សេដ្ឋកិច្ច​ បទបញ្ញត្តិ​ ដែល​ទាក់ទង​ទៅ​នឹង​ច្បាប់ពាណិជ្ជកម្ម​វិនិយោគ​ ការ​ការពារ​បរិស្ថាន​ ការ​គ្រប់គ្រង​ បម្រែបម្រួល​អាកាសធាតុ​ និង​វិធានការ​រំសាយ​សព្វាវុធ​បរមាណូ​ ការ​ប្រឆាំង​ភេរវកម្ម​ និង​កសាង​ ទំនុក​ទុកចិត្ត​ជាដើម​។​
​ទី​៣-​ អាស៊ាន​ និង​សហភាព​អឺរ៉ុប​ត្រូវ​បន្ត​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ លើ​គ្រប់​វិស័យ​ និង​ចៀសវាង​ការ​អនុវត្ត​គោលការណ៍​គាំពារ​និយម​ ដែល​បណ្តាល​មក​ពី​ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ​ក្នុង​ពិភពលោក​។​
​ទី​៤-​ យើង​ត្រូវ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​កសាង​ សមត្ថភាព​ និង​ទាក់ទាញ​ជំនួយ​បច្ចេកទេស​ និង​ហិរញ្ញប្បទាន​សំរាប់​ ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​នៅ​អាស៊ាន​ និង​ជួយ​កាត់​បន្ថយ​ចំណាយ​នានា​ដែល​មិន​ចាំបាច់​ និង​ស្រប​តាម​ស្តង់ដារ​ពាណិជ្ជកម្ម​អន្តរជាតិ​។​
​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មាន​ ប្រសាសន៍​ ថា​ ពិតជា​គ្មាន​ការ​សង្ស័យ​ទេ​ថា​ អា​ស៊ា​ង​បាន​ចាត់​ទុក​ សហភាព​អឺរ៉ុប​ជា​គឺ​ដៃគូ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ សម្រាប់​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ ជា​ពិសេស​វិស័យ​ ពាណិជ្ជកម្ម​ ធុរកិច្ច​ ទេសចរណ៍​ និង​ការ​វិនិយោគ​។​ នៅ​ក្នុង​បុព្វហេតុ​ពង្រឹង​ និង​ពង្រីក​នូវ​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត​ លើ​វិស័យសេដ្ឋកិច្ច​ និង​ដោយហេតុ​ថា​ តំបន់​យើង​ទាំង​ពីរ​ មាន​ទំហំ​ទីផ្សារ​ធំ​ មាន​សក្តានុពល​សេដ្ឋកិច្ច​ និង​ទំហំ​ពាណិជ្ជកម្ម​ធំ​នោះ​ អាស៊ាន​ និង​សហភាព​ អឺរ៉ុប​ចាំ​ចាប់​ត្រូវ​ ខិតខំ​ប្រឹងប្រែង​រួម​គ្នា​ឲ្យ​បាន​ជិត​ស្និទ្ធ​ និង​សកម្ម​ថែម​ទៀត​ក្នុង​ការ​លើកកម្ពស់​វិស័យ​ពាណិជ្ជកម្ម​ និង​វិនិយោគ​របស់​តំបន់​ទាំង​ពីរ​។​
​សម្តេច​តេ​ជោ​ថ្លែង​ថា​ យើង​ត្រូវ​ព​ន្លឿ​ន​កិច្ចចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ និង​ដោះស្រាយ​បញ្ហា​ ប្រឈម​នានា​ ចំពោះ​មុខ​ឲ្យ​បាន​ឆាប់រហ័ស​ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​ ជា​ការ​ពិត​កិច្ចការ​នេះ​ទាមទា​ឲ្យ​យើង​រួម​គ្នា​ដោះស្រាយ​  និង​សម្រប​ សម្រួល​រវាង​ភាគី​ទាំង​ពីរ​ ដោយ​ផ្អែក​លើ​កិច្ច​ព្រម​ ព្រៀង​ពាណិជ្ជកម្ម​សេរី​ ដែល​នឹង​ត្រូវ​រៀបចំ​ដាក់​ឲ្យ​អនុវត្ត​សម្រាប់​ បង្កើន​អត្ថប្រយោជន៍​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​នៃ​តំបន់​យើង​ទាំងមូល​។​ សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ បន្ត​ថា​ ខ្ញុំ​យល់​ថា​ អាស៊ាន​ និង​សហភាព​អឺរ៉ុប​ត្រូវ​ព​ន្លឿ​ន​ការ​រៀបចំ​ក្របខ័ណ្ឌ​ច្បាប់​ និង​យន្តការ​ស្ថាប័ន​ឲ្យ​បាន​ សម​ស្រប​សម្រាប់​ ការ​អនុវត្ត​កិច្ច​ ព្រមព្រៀង​ ពាណិជ្ជកម្ម​សេរី​នៅ​លើ​ គោលការណ៍​ ថ្នាក់​តំបន់​ ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ ខាង​ផ្នែក​នយោបាយ​ និង​សង្គម​សេដ្ឋកិច្ច​នៃ​តំបន់​យើង​ទាំង​ពីរ​។​
​ទាក់ទង​នឹង​សក្តានុពល​នៃ​ ព្រះរាជាណាចក្រ​កម្ពុជា​លើ​វិស័យសេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍន៍​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ កម្ពុជា​មាន​ឧត្តមភាព​ប្រៀបធៀប​ជា​ច្រើន​ ជា​ពិសេស​ កម្ពុជា​មាន​ទីតាំង​យុទ្ធសាស្ដ្រ​ស្ថិត​នៅ​ក្នុង​ក្របខ័ណ្ឌ​មហា​អនុ​តំបន់​ មេគង្គ​ ដែល​បាន​ផ្ដល់​ភាព​អនុគ្រោះ​ដល់​ការ​ធ្វើ​សមាហរណកម្ម​កាន់តែ​ស៊ីជម្រៅ​ និង​កា​រត​ភ្ជាប់​ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន​ដទៃ​ទៀត​ និង​ស្ថិត​នៅ​ជិត​ប្រទេស​ចិន​ ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី​២​ ក្នុង​ពិភពលោក​ ដែល​កត្តា​ទាំង​អស់នេះ​ នឹង​ជួយ​អភិវឌ្ឍន៍​ដល់​វិស័យ​ឯកជន​ សេដ្ឋកិច្ច​ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​។​
​សម្ដេច​តេ​ជោ​នាយក​ រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​បន្ថែម​ថា​ គិត​មក​ដល់​ពេល​នេះ​ មាន​រយៈពេល​ជាង​ ១០​ឆ្នាំ​ មក​ហើយ​ ដែល​កម្ពុជា​បាន​ក្លាយជា​សមាជិក​ពេញ​សិទ្ធិ​របស់​អាស៊ាន​។​ ក្នុង​រយៈពេល​ដូច​គ្នា​នេះ​ដែរ​ កម្ពុជា​បាន​សម្រេច​នូវ​ការ​អភិវឌ្ឍ​គួរ​ជាទី​មោ​ទ​នៈ​។​ សមាជិកភាព​ក្នុង​អាស៊ាន​ បាន​ផ្ដល់​ឱកាស​ដល់​កម្ពុជា​ ពង្រឹង​ការ​ផ្សារ​ភ្ជាប់​ទៅ​នឹង​តំបន់​ និង​ជាមួយ​សហគមន៍​អន្តរជាតិ​។​ ទន្ទឹម​នឹង​នេះ​ កម្ពុជា​បាន​ចូលរួម​បំពេញ​កាតព្វកិច្ច​អាស៊ាន​របស់​ខ្លួន​យ៉ាង​ខ្ជាប់ខ្ជួន​ ដើម្បី​កសាង​សហគមន៍​តំបន់​មួយ​ប្រកបដោយ​សុខ​សន្តិភាព​ វិបុលភាព​ និង​ភាព​សុខដុមរមនា​។​

​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​គូសបញ្ជាក់​ថា​ កម្ពុជា​សម្រេច​បាន​នូវ​វឌ្ឍនភាព​ ក្នុង​ការ​បើកចំហ​សេដ្ឋកិច្ច​ និង​អនុវត្ត​តាម​លក្ខខណ្ឌ​នានា​ នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ និង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​។​ តាម​រយៈ​ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ នៅ​ឆ្នាំ​២០១៥​ ខាង​មុខ​នេះ​ កម្ពុជា​សង្ឃឹមថា​ នឹង​ពង្រីក​ទំហំ​ទីផ្សារ​របស់​ខ្លួន​ ឲ្យ​ទៅ​ជា​មជ្ឈមណ្ឌល​ធុរកិច្ច​ សម្រាប់​ការ​ទាក់ទាញ​វិនិយោគ​នៅ​ក្នុង​តំបន់​ និង​អន្តរជាតិ​។​
​សម្ដេច​ នាយក​រដ្ឋមន្ត្រី​ បាន​បញ្ជាក់​ថា​ នៅ​ឆ្នាំ​២០១២​នេះ​ គឺជា​ខួប​ទី​២០​ នៃ​ការ​កែប្រែ​មុខមាត់​នៃ​សេដ្ឋកិច្ច​កម្ពុជា​ ចាប់តាំងពី​ការ​បង្កើត​រាជរដ្ឋាភិបាល​អាណត្តិ​ទី​១​ នៅ​ក្នុង​ឆ្នាំ​១៩៩៣​ ផលិតផល​សរុប​ក្នុងស្រុក​របស់​កម្ពុជា​ បាន​កើតឡើង​ជាង​ ៦​ដង​ គឺ​ពី​ ២.៥០០​ លាន​ដុល្លារ​ នៅ​ក្នុង​ឆ្នាំ​១៩៩៣​ រហូត​ដល់​ជាង​ ១៤.៥០០​ លាន​ដុល្លារ​ នៅ​ក្នុង​ឆ្នាំ​២០១២​។​ ប្រាក់​ចំណូល​សម្រាប់​ប្រជាជន​ម្នាក់ៗ​ បាន​កើតឡើង​ជាង​ ៤​ដង​ គឺ​ពី​ ២២៩​ ដុល្លារ​ នៅ​ក្នុង​ឆ្នាំ​១៩៩៣​ ដល់​ជិត​ ១.០០០​ ដុល្លារ​ នៅ​ក្នុង​ឆ្នាំ​២០១២​។​ រីឯ​វិស័យ​ឧស្សាហកម្ម​ក្នុង​ផលិតផល​សរុប​ បាន​កើនឡើង​ពី​ ១៣​ ដល់​ ២៤​ ភាគរយ​។​

​ ចំនួន​ប្រជាជន​ដែល​រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ​ បាន​ធ្លាក់​ចុះ​ពី​ ៥០​ ភាគរយ​ មក​នៅ​ត្រឹម​ ២៥​ ភាគរយ​។​ នៅ​ពេល​បច្ចុប្បន្ន​នេះ​ ចំណូល​ថវិកាជាតិ​បាន​កើនឡើង​ពី​ ១២៣​ លាន​ដុល្លារ​ ឬ​ស្មើនឹង​ ៧​ ភាគរយ​ នៃ​ផ​ផលិតផល​ក្នុងស្រុក​ នៅ​ឆ្នាំ​១៩៩៣​ ដល់​ ២.៥០០​ លាន​ដុល្លារ​ ឬ​ស្មើនឹង​ ១៣,៥​ ភាគរយ​ នៃ​ផលិតផល​ក្នុងស្រុក​ នៅ​ក្នុង​ឆ្នាំ​២០១១​។​ បំណុល​សាធារណៈ​សរុប​ និង​ឥណទាន​ដែល​ធានា​ដោយ​រដ្ឋ​ ស្ថិត​នៅ​ក្នុង​កម្រិត​ត្រឹម​ ២៨​ ភាគរយ​ នៅ​ឆ្នាំ​២០១០​ ក៏​ប៉ុន្តែ​បំណុល​នេះ​ បើ​គិត​ជា​តម្លៃ​បច្ចុប្បន្ន​ ស្ថិត​នៅ​ត្រឹម​ ២០​ ភាគរយ​ប៉ុណ្ណោះ​។​
​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​កត់សម្គាល់​ថា​ បន្ទាប់​ពី​កលិយុគ​ហិរញ្ញវត្ថុ​ពិភពលោក​មក​ សេដ្ឋកិច្ច​កម្ពុជា​មាន​ភាពល្អ​ប្រសើរ​ ដោយ​រក្សា​បាន​នូវ​កំណើន​ផលិតផល​ក្នុងស្រុក​ ប្រមាណ​ ៧​ ភាគរយ​ នៅ​ឆ្នាំ​២០១១​។​ ជាមួយ​គ្នា​នេះ​ តាម​ការ​ព្យាករ​ដោយ​ប្រុង​ប្រយ័ត្ន​ កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​មានការ​កើនឡើង​លើស​ពី​ ៧​ ភាគរយ​ ប្រចាំឆ្នាំ​នីមួយៗ​ ក្នុង​រយៈពេល​មធ្យម​ខាង​មុខ​។​
​ សម្ដេច​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​បន្ត​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដល់​អាទិភាព​ខ្ពស់​ក្នុង​ការ​អភិវឌ្ឍ​ សេដ្ឋកិច្ច​ ក្រោម​ការ​អនុវត្ត​គោលនយោបាយ​ជំរុញ​ផលិតកម្ម​ស្រូវ​ និង​ការ​នាំ​ចេញ​អង្ករ​។​ ក្នុង​ន័យ​នេះ​ កម្ពុជា​សូម​ស្វាគមន៍​វិនិយោគិន​ទាំងអស់​ មក​ពី​បណ្ដា​ប្រទេស​អាស៊ាន​ និង​សហភាព​អឺរ៉ុប​ ដើម្បី​វិនិយោគ​លើ​ផលិតកម្ម​ស្រូវ​ និង​ការ​នាំ​ចេញ​អង្ករ​នេះ​។​ ដោយឡែក​ វិស័យ​សេវាកម្ម​ កម្ពុជា​សម្រេច​បាន​កំណើន​ ៥​ ភាគរយ​ នៅ​ឆ្នាំ​២០១១​ ដោយសារ​កំណើន​ភ្ញៀវ​ទេសចរ​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។​ ចំពោះ​វិស័យ​ឧស្សាហកម្ម​របស់​កម្ពុជា​ បាន​កើនឡើង​ ១៤,៣​ ភាគរយ​ នៅ​ឆ្នាំ​២០១១​ ធៀប​ទៅ​នឹង​ឆ្នាំ​២០១០​។​ មួយវិញទៀត​ វិស័យ​ផលិត​សម្លៀក​បំពាក់​ ដែល​ជា​វិស័យ​ដ៏​ចម្បង​មួយ​របស់​កម្ពុជា​ បាន​ជំរុញ​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ នៅ​ក្នុង​អត្រាកំណើន​ ២២,២​ ភាគរយ​ ក្នុង​ឆ្នាំ​២០១១​។​ វិស័យ​ឧស្សាហកម្ម​នេះ​ គេ​រំពឹង​ថា​ នឹង​កើនឡើង​យ៉ាង​ឆាប់រហ័ស​ទៀត​ នៅ​ឆ្នាំ​២០១២​ ដោយសារ​តែ​ឥទ្ធិពល​វិជ្ជមាន​ នៃ​គំនិត​ផ្ដួចផ្ដើម​ពាណិជ្ជកម្ម​កម្ពុជា​-​អឺរ៉ុប​ ដោយ​អនុវត្ត​តាម​វិធាន​ “​អ្វីៗ​ទាំងអស់​ លើកលែងតែ​អាវុធ​របស់​សហភាព​អឺរ៉ុប​”​។​ កិច្ចការ​នេះ​ ជា​ការ​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​កម្ពុជា​ ជា​ពិសេស​ ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​កម្ពុជា​៕
​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​


Highslide JS Highslide JS

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons