ដោយ ៖ ឆ្លាម សមុទ្រ
ថ្ងៃទី 09-03-2012 ម៉ោង 10:06:50 ខេត្តព្រះ សីហនុ៖ រថយន្តដឹកទំនិញម៉ាកហ៊ីណូ ពណ៌ក្រហម ពាក់ស្លាកលេខកោះកុង ៣A ០០៤៣ បានបើកបុកមនុស្សបណ្តាលឲ្យស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុ និងមនុស្ស២នាក់ទៀតរងរបួសធ្ងន់ ស្រាលកាលពីម៉ោង១៦និង៣០នាទីរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០១២។
ហេតុការណ៍គ្រោះថ្នាក់នេះបាន កើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៤ ជិតស្ពានស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងឌុបគ្នា៣នាក់ដើរលក់កាត ទូរស័ព្ទមិត្តហ្វូន ហើយក៏ជួបគ្រោះថ្នាក់បែបនេះតែម្តង។
ប្រភពព័ត៌មានពីមន្ត្រី កងរាជអាវុធហត្ថស្រុកកំពង់សិលាបានប្រាប់ថា ក្មេងស្រីជំទង់៣នាក់បានជិះម៉ូតូឌុបគ្នាដើរលក់កាតទូរស័ព្ទមក ដល់ចំណុចកើតហេតុក៏ត្រូវរថយន្តដឹក ទំនិញធុនធ្ងន់បុកពីក្រោយបណ្តាលឲ្យស្លាប់ម្នាក់ និងរបួស២នាក់។
ប្រភពបន្តថា អ្នកស្លាប់ឈ្មោះ កៅ លីកួយ ភេទស្រី អាយុ១៩ឆ្នាំ ចំណែកអ្នករងរបួសឈ្មោះ ហម បុប្ផា ភេទស្រីអាយុ១៨ឆ្នាំ និងម្នាក់ទៀតឈ្មោះ រ ថាច់ ភេទស្រីអាយុ១៦ឆ្នាំ ។
ក្រោយវាស់វែងកន្លែងកើតហេតុ សមត្ថកិច្ចបានឃាត់រថយន្តយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកកំពង់សិលាដើម្បីដោះស្រាយគ្នាជាក្រោយ ៕

