ដោយ ៖ ស.សារ៉េត
ថ្ងៃទី 09-03-2012 ម៉ោង 10:54:03 ខេត្ត ប៉ៃលិន ៖ ស្ត្រីមា្នក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ និងបុរសជាប្តីរបួសស្រាលក្នុងឧបទ្ទវហេតុបែកកង់ម៉ូតូផ្នែកខាងមុខ រួចជ្រុលទៅបុកដុំថ្មតូចៗ ដែលគេចាក់ដាក់រាយតាមចិញ្ចើមផ្លូវជាតិលេខ៥៩ ត្រង់ចំណុចទីបញ្ជាការវរសេនាតូចលេខ៥៣៥ ចំណុះឱ្យកងពលតូចលេខ៥៣ ក្នុងភូមិវាលស្រែម្អម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ។ ករណីនេះកើតឡើងកាល ពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០១២។
បុរសរងគ្រោះឈ្មោះសុខ សុភាព អាយុ៣៦ មុខរបររត់ម៉ូតូឌុប និងជាគ្រូថ្នាំខ្មែរបុរាណ បានរងរបួសស្រាល ដោយ រលាត់ត្រង់កែងជើងខាងឆ្វេង បើកបរម៉ូតូម៉ាកវ៉េវ ពណ៌ទឹកប្រាក់ស៊េរីឆ្នាំ២០០២ គ្មានស្លាកលេខ ចំណែកស្ត្រីជាប្រពន្ធឈ្មោះសុខ ថា អាយុ២៤ឆ្នាំ មុខរបរលក់បន្លែនៅក្នុងផ្សារកំរៀង។ អ្នកទាំង២រស់នៅភូមិក្បាលស្ពាន ឃុំក្បាលស្ពាន ស្រុកកំរៀង ខេត្តបាត់ដំបង ។ ស្ត្រីជាប្រពន្ធបានរងរបួសដោយមុតនឹងកាំបិតត្រូវជង្គង់ ផ្នែកខាងស្តាំ ពេលដែលនាងកាន់កាំបិតជាប់នឹងដៃ ដោយបានដួលបោកទៅនឹងថ្ម នៅលើចិញ្ចើមផ្លូវ ដេរអស់២៣ថ្នេរ។
ប្តីឈ្មោះសុខ សុភាព បាននិយាយថា នៅមុនពេលកើតហេតុ គាត់បាននិយាយប្រាប់ប្រពន្ធថា កាន់កាំបិតឱ្យស្រួ ល ប្រយ័ត្នមុត ព្រោះទើបតែសំលៀងថ្មីៗផង ។ គាត់ប្រាប់មិនទាន់បានផុតពីមាត់ផង ក៏ស្រាប់តែជិះម៉ូតូមកដល់កន្លែង កើតហេតុបែកកង់ម៉ូតូខាងមុខដួលមុតប្រពន្ធនឹងកាំបិតតែម្តង ។ ប្តីបានបន្តទៀតថា នៅមុនកើតហេតុរូបគាត់បាននិយាយប្រាប់គេឯង មុនពេលចេញដំណើរថា ពួកយើងទៅកាប់ដើមថ្នាំ យកមកធ្វើថ្នាំព្យាបាលជម្ងឺក្រពះ ដើម្បីលក់ដូរបាន ប្រាក់ ផ្សំគ្នា ណាមួយខ្លួនរត់ម៉ូតូឌុបរកលុយពុំបាន ក៏ដាច់ចិត្តធ្វើជាគ្រូខ្មែរ រួចមកក៏ទាញម៉ូតូដឹកប្រពន្ធដែលមានផ្ទៃពោះ៣ខែ ចេញពីភូមិក្បាលស្ពាន ។ ក្រោយពីចេញដំណើរបាន ប្រហែលជាង២០គីឡូម៉ែត្រ រូបគាត់បើកម៉ូតូយឺតៗ ក្រោយមកស្រាប់តែដល់កន្លែងកើតហេតុ កាន់តែលឿនៗបន្តិចម្តងៗ ក៏ស្រាប់តែមានការបែកកង់ម៉ូតូពីមុខ ឮសូរតែផាំង ។ បុរសរូបនោះបានប្រាប់ប្រពន្ធទៀតថា ចូរប្រយ័ត្នតោងចង្កេះឱ្យជាប់ រួចប្រពន្ធប្រាប់ប្តីថា នាងតោងមិនជាប់ទេព្រោះកាន់កាំបិតជាប់នៅនឹងដៃ ខ្លាចមុតណាស់។ លុះបន្តិចមកស្រាប់តែម៉ូតូជ្រុល ចង្កូតទៅបុកគ្រោះ នឹងថ្មតូចៗដែលគេចាក់ក្រាលនៅលើផ្លូវលេខ៥៩ រហូតកើតមានគ្រោះថ្នាក់នេះតែម្តង ។
ប្រភពព័ត៌មានពីយោធាម្នាក់ឈរជើង នៅវរសេនាតូចលេខ៣៥បានឱ្យដឹងថា ២នាក់ប្តីប្រពន្ធរូបនោះមិនបានផឹក ស្រាស្រវឹងឬងងុយដេកនោះទេ នេះជាឧបទ្ទវហេតុបែកកង់ម៉ូតូផ្នែកខាងមុខ រហូតដល់រងរបួសបែបនេះ។ ពេលនោះកុំតែ បានរូបគាត់ឃើញ របួសហូរឈាមខ្លាំងពេកក៏សួរនាំពីមូលហេតុសព្វគ្រប់ហើយ ក៏រត់ទៅយកម៉ូតូរបស់គាត់ដែលនៅក្នុង បន្ទាយឌុបអ្នកទាំង២នាក់បញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន នៅវេលាម៉ោង១ និង៤៥នាទីរសៀលថ្ងៃដដែល ៕

