លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនៅថ្ងៃអង្គារនេះ បានផ្ញើលិខិតមួយច្បាប់ទៅលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មរ៉ែ និងថាមពល ដោយស្នើសុំឲ្យជួយអន្តរាគមន៍បញ្ចុះតម្លៃអគ្គិសនីនៅខេត្តពោធិ៍សាត់ ដែលកំពុងតែឡើងថ្លៃខ្លាំង។
ដោយយោងទៅលើលិខិតមួយច្បាប់របស់ប្រជាពលរដ្ឋរស់នៅក្រុង ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយមានភ្ជាប់ជាមួយស្នាមមេដៃចំនួន៥២៣នាក់ លោក រ៉ុង ឈុន បានលើកឡើងថា បច្ចុប្បន្ននេះតម្លៃអគ្គិសនីនៅខេត្តពោធិ៍សាត់មានតម្លៃរហូតដល់ ១៧៥០រៀលក្នុងមួយគីឡូវ៉ាត់ ដែលជាតម្លៃខ្ពស់ជាងគេ បើធៀបនឹងបណ្តាខេត្តផ្សេងៗ ធ្វើឲ្យប្រជាពលរដ្ឋមានការលំបាក និងគ្មានលទ្ធភាពបង់ថ្លៃសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។
ហេតុនេះហើយប្រជាពលរដ្ឋខេត្តពោធិ៍សាត់សូមស្នើឲ្យបញ្ចុះតម្លៃ អគ្គិសនីមកត្រឹម៨០០រៀលក្នុងមួយគីឡូវ៉ាត់ និងសុំឲ្យអាជ្ញាធរអគ្គិសនីចុះត្រួតពិនិត្យនាឡិកាភ្លើង (កុងទ័រភ្លើង) ឲ្យបានត្រឹមត្រូវ និងភាពសុក្រឹត៕